ប្រាក់យាន់បានឡើងថ្លៃយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងពេលប៉ុន្មានថ្ងៃនេះនៅមុនដំណើរទស្សនកិច្ចរបស់លោកស្រីហ៊ីល ឡារីគ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិកមកកាន់ទីក្រុងប៉េកាំង ។ ទាក់ទិននឹងបញ្ហារូបិយប័ណ្ណនេះគឺមានការខ្វែងគំនិតគ្នាអស់រយៈពេលយ៉ាងយូរមកហើយ ដោយក្រុមធុរជន និងសមាជិកសភាអាមេរិកបានចោទប្រកាន់ក្រុងប៉េកាំងថា បានទម្លាក់ថ្លៃ ប្រាក់យាន់ដើម្បីជួយវិស័យនាំចេញរបស់គេ ។
បន្ថែមលើភាពតានតឹងនេះប្រាក់យាន់បានធ្លាក់ចុះបន្តបន្ទាប់ធៀបនឹងប្រាក់ដុល្លារអាមេរិករហូតមកដល់ឆ្នាំនេះបន្ទាប់ពីបានឡើងថ្លៃ១ឆ្នាំកន្លះរួចមក ។ ប៉ុន្តែនាពេលថ្មីៗនេះ រូបិយប័ណ្ណយាន់បានប្តូរទិសដៅរបស់ខ្លួនហើយបានឈានដល់កម្រិតខ្ពស់រហូតដល់ទៅ៣ខែ ។ ឆ្នាំនេះប្រាក់យាន់ធ្លាក់ចុះតែ០,៧%ប៉ុណ្ណោះធៀបនឹងប្រាក់ដុល្លារ ខណៈដែលកាលពីខែកក្កដាកន្លងទៅធ្លាក់ចុះដល់ទៅ១,៦%ធៀបនឹងប្រាក់ដុល្លារ ។ បណ្តាធុរជន និងអ្នកវិភាគនិយាយថា ការឡើងថ្លៃនាពេលនេះវាមានកត្តារួមផ្សំច្រើន ក្នុងនោះរួមមានភាពទន់ខ្សោយនៃប្រាក់ដុល្លារ និងសក្តានុពលនៃសម្ពោធរបស់ក្រុងវ៉ាស៊ីនតោនមកលើគោលនយោបាយរូបិយវត្ថុចិន ។
គេបានរៀបរាប់ថា ដំណើរទស្សនកិច្ចរបស់លោកស្រីគ្លីនតុនជាចំណុចរសើបផ្នែកនយោបាយរបស់អាមេរិកនៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ។ អ្នកវិភាគនៅធនាគារស្កត់ឡែន Royal Bank Group អ្នកស្រីវូន គៀនជា ថ្លែងថា ទោះបីជាប្រាក់យាន់មិនត្រូវបានគេមើលឃើញថា មានតម្លៃទាបដូចពីមុនក៏ដោយ ក៏អាមេរិកនៅតែបង្ខិតបង្ខំចិនឱ្យរក្សាតម្លៃប្រាក់យាន់នៅដដែល។
ការឡើងថ្លៃនៃប្រាក់យាន់នៅមុនដំណើរមកដល់របស់លោកស្រីគ្លីនតុន គឺជាការរំលឹកមួយពីសម្ពាធអាមេរិកមកលើគោលនយោបាយរូបិយប័ណ្ណចិន ។ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចមកកាន់អាស៊ីរយៈពេល១០ថ្ងៃ លោកស្រីគ្លីនតុនគ្រោងជួបពិភាក្សាជាមួយមេដឹកនាំចិននៅថ្ងៃអង្គារ និងថ្ងៃពុធ ៕
ចែករំលែកព័តមាននេះ