រាជធានីភ្នំពេញ ៖ កីឡាករឆ្នើមៗក្នុងសហព័ន្ធល្បុក្កតោកម្ពុជាចំនួន៤រូប បានចាកចេញពីប្រទេសកម្ពុជាហើយ កាលពីថ្ងៃទី៥ កញ្ញា នៅវេលាម៉ោង១១យប់ ។ ដំណើរចាកចេញនេះ មានការដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីចេញទៅប្រកួតបង្ហាញក្បាច់គុនបុរាណខ្មែរនៅក្នុងប្រទេសកូរ៉េ ។ ក្រុមល្បុក្កតោកម្ពុជា បញ្ជាក់ពីមោទនភាពថា នឹងទទួលបានជ័យជម្នះបន្ទាប់ពីការចូលរួមប្រកួតលើកទី១កាលពីឆ្នាំ២០១០ គឺកម្ពុជាធ្លាប់ជាប់លេខ២រួចម្ដងហើយ។
លោកគ្រូតាក្រមាមាសគុនល្បុក្កតោសាន គឹម ស៊ាន ប្រធានកិត្តិយសសហព័ន្ធកីឡាល្បុក្កតោកម្ពុជាមួយជីវិត និងជាប្រធានបណ្ឌិតសភាល្បុក្កតោកម្ពុជា បានប្រាប់កោះសន្តិភាពនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ការដឹកនាំកីឡាករល្បុក្កតោកម្ពុជា ទៅកាន់ប្រទេសកូរ៉េនេះ គឺដើម្បីតបតាមការអញ្ជើញរបស់ប្រទេសកូរ៉េ ដែលជាម្ចាស់ផ្ទះ និងជាអ្នករៀបចំការប្រកួតក្បាច់គុនបុរាណពិភពលោក ដែលកំពុងប្រារព្ធធ្វើនៅទីក្រុងព្យុងយុ ។
វេទិកានេះ ត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ដោយមានប្រទេសជាសមាជិកចំនួនជាង៤០ចូលរួម ។ ទោះយ៉ាងណា លោកមិនទាន់ដឹងថា ក្នុងចំណោមសមាជិកទាំងជាង៤០នោះ នឹងមានប្រទេសប៉ុន្មានដាក់ក្បាច់គុនបុរាណរបស់ខ្លួនចូលប្រកួតនៅឡើយទេ ខណៈដែលក្នុងមួយប្រទេសគេកំណត់ជ្រើសយកតែក្បាច់គុនប្រចាំជាតិសាសន៍មួយឲ្យឡើងបង្ហាញ។ កីឡាករទាំង៤រូប ដែលលោក និងលោក វ៉ាត់ ចំរើន ដឹកនាំទៅនោះរួមមានកីឡាករសាន អង្គររាជវ័ន្ត វ័យ១៦ឆ្នាំ សិស្សគុនល្បុក្កតោកម្រិតក្រមាក្រហមថ្នាក់ជាន់ទី២ កីឡាករ គង់ ប៉ូលីពីន អាយុ១៦ឆ្នាំ សិស្សគុនល្បុក្កតោកម្រិតក្រមាខ្មៅ ,កីឡាការិនី សម ថារ័ត្ន វ័យ២១ឆ្នាំ សិស្សគុនល្បុក្កតោកម្រិតក្រមាក្រហម និងកីឡាការិនី អេង ស៊ូម៉ាឡា សិស្សគុនល្បុក្កតោកម្រិតក្រមាត្នោត ។
លោកសាន គឹម ស៊ាន មានប្រសាសន៍ថា ការប្រកួតប្រជែងនេះ កម្ពុជាធ្លាប់ចូលរួមបាន២ដងហើយ ដោយក្នុងឆ្នាំ២០០៩ គឺទៅមើល និងសុំចូលជាសមាជិក លុះដល់ឆ្នាំ២០១០ ទើបចូលរួមប្រកួតបើកឆាក ហើយបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមអ្នកចូលរួមប្រកួត១២ប្រទេស បន្ទាប់ពីក្បាច់គុនរបស់ជនជាតិអ៊ូសបេគីស្ថានតែម្ដង ។ ការចាញ់ពិន្ទុក្បាច់គុនបុរាណរបស់អ៊ូសបេគីស្ថានកាលពីឆ្នាំ២០១០នោះ គឺបណ្ដាលមកពីប្រទេសនេះ មានលទ្ធភាពដឹកនាំកីឡាករកីឡាការិនីរហូតដល់ជាង២០រូប ឲ្យទៅបង្ហាញក្បាច់គុននៅលើឆាកប៉ុណ្ណោះ ទើបមើលទៅក្រុមនេះមានការសម្ដែងបែបអឹកអធឹក។
ប៉ុន្តែបើនិយាយពីភាពរហ័សរហួន និងភាពប៉ិនប្រសប់វិញ គឺក្បាច់គុនល្បុក្កតោរបស់កម្ពុជា បានទទួលការសរសើរជាង ទើបលោកនៅតែមានជំនឿថា ការចូលរួមប្រកួតលើកនេះ នឹងនៅតែទទួលជ័យជម្នះ បើទោះកាលពីឆ្នាំ២០១១ កម្ពុជាខកខានមួយឆ្នាំព្រោះតែបញ្ហាខ្វះលទ្ធភាពដឹកនាំកីឡាករឲ្យទៅប្រកួតដែលពិបាកប៉ាន់ស្មានពីសមាសភាពក្រុមប្រកួតថ្មីៗនោះក៏ដោយ ។ លោក និងសិស្សគុនគ្រោងបង្ហាញក្បាច់គុនដៃ ក្បាច់គុនដំបង ក្បាច់ថ្វាយបង្គំគ្រូ និងក្បាច់គុនប្រើដោយអាវុធពីរបីប្រភេទទៀត សម្រាប់ឡើងបង្ហាញនៅថ្ងៃទី៧ កញ្ញានេះ ក្នុងរយៈពេលប្រមាណជាង១០នាទី ។
លោក វ៉ាត់ ចំរើន បានប្រាប់កោះសន្តិភាពនៅមុនម៉ោងចាកចេញដែរថា កម្មវិធីប្រកួតក្បាច់គុនបុរាណពិភពលោកនេះ នឹងរៀបចំឡើងក្នុងរយៈពេលមួយអាទិត្យ ចាប់ពីថ្ងៃទី៧រហូតដល់ថ្ងៃទី១២ កញ្ញា ។ អីុចឹងហើយទើបក្រុមកីឡាប្រទេសកម្ពុជាត្រូវចាកចេញពីទឹកដីកំណើតតាំងពីថ្ងៃទី៥ កញ្ញា ដើម្បីអាចចូលរួមបាននៅថ្ងៃទី៧ កញ្ញានេះ។ លោកនឹងដឹកនាំក្រុមល្បុក្កតោកម្ពុជាត្រឡប់មកវិញនៅថ្ងៃទី១៤ កញ្ញា ដោយរំពឹងថាការចូលរួមឆ្នាំនេះ ពិតជាទទួលចំណាត់ថ្នាក់មិនខុសពីឆ្នាំ២០១០ឡើយ បើទោះជាឆ្នាំនេះឮតម្រុយថា មានបណ្ដាប្រទេសកាន់តែច្រើនដាក់ពាក្យចូលរួមប្រកួតខុសពីពេលមុនក៏ដោយ ។
លោកនៅតែសម្ដែងមោទនភាពថា ល្បុក្កតោកម្ពុជា នឹងដណ្ដើមបានជ័យលាភី ដោយសំអាងថា ការចូលរួមកាលលើកដំបូង បានទទួលលេខ២ដោយគ្មានការគ្រោងទុក និងសំអាងថាក្បាច់គុនបុរាណរបស់ខ្មែរមួយនេះមានសភាពរស់រវើក និងខ្លាំងពូកែច្រើនយ៉ាង ឆ្លើយតបតាមការចង់បានរបស់សមាគមយុទ្ធសិល្ប៍ពិភពលោក ៕
ចែករំលែកព័តមាននេះ