រាជធានីភ្នំពេញ ៖ នៅសង្វៀនបឹងស្នោរបស់ស្ថានីយទូរទស្សន៍បាយ័ននាល្ងាចថ្ងៃសៅរ៍ ទី៨ កញ្ញា ស្អែកនេះ លោកអ្នកនឹងបានទស្សនាការប្រកួតរវាងកីឡាករ ចៅ ផលឌឿ មកពីក្លិបតេជៈរាជសីហ៍ និងកីឡាករ ភុន សោភ័ណ្ឌ មកពីក្លិបយុវកីឡាខេត្តកណ្តាល ។ គូពិសេសនេះ ធ្លាប់ប៉ះគ្នាម្តងរួចមកហើយកាលពី៣ខែមុន ដោយឆ្លងកាត់ការប្រកួតបានត្រឹម៣ទឹកប៉ុណ្ណោះ ក៏ត្រូវគេព្រមាន ហើយផ្អាកការប្រកួតដោយសារតែ ភុន សោភ័ណ្ឌ លេងស្នៀតហក់ទៅវាយចំក្បាលចៅ ផលឌឿ ហើយ ចៅ ផលឌឿ ធ្វើពុតជាសន្លប់ ។
ក្រុមអ្នករៀបចំការប្រកួតប្រដាល់ប្រចាំស្ថានីយទូរទស្សន៍បាយ័នប្រកាសថា ការផ្គូផ្គងឱ្យកីឡាករទាំងពីរជួបគ្នាលើកនេះ គឺដើម្បីឱ្យពួកគេស្តាររឿងស្អុយឈ្មោះដែលធ្លាប់រងការព្រមាន ប៉ុន្តែបើពួកគេនៅតែលេងល្បិចខុសប្រក្រតីទៀតនោះ នឹងបិទសិទ្ធិមិនឱ្យពួកគេចូលសង្វៀនបាយ័នជាផ្លូវការតែម្តង ។ក្រុមគណៈកម្មការរៀបចំការប្រកួតអះអាងថា ដោយសារតែអ្នកស្នេហាកីឡាប្រដាល់ចង់ឱ្យមានការជួបគ្នាសាជាថ្មីរវាងកីឡាករ ចៅ ផលឌឿ និងកីឡាករ ភុន សោភ័ណ្ឌ ម្តងទៀត ទើបតម្រូវឱ្យមានការផ្គូផ្គងពួកគេឡើងសង្វៀនសាជាថ្មី ។
កីឡាករ ចៅ ផលឌឿ ដែលទទួលស្គាល់កំហុសព្រោះហ៊ានធ្វើពុតជាសន្លប់ បានអះអាងឱ្យកោះសន្តិភាពដឹងថា លោកពិតជាទទួលកំហុសដែលបានធ្វើខុសចំពោះការធ្វើពុតជាសន្លប់កាលពីលើកមុន តែលើកនេះលោកនឹងខំបញ្ចេញស្នៀតវាយលុកឱ្យសមជាអ្នកកីឡាមានចិត្តមោះមុត ។ លោកសូមអរគុណផងដែរ ចំពោះស្ថានីយទូរទស្សន៍បាយ័នដែលអនុញ្ញាតឱ្យលោកបានប្រកួតឡើងវិញ ព្រោះតាំងពីថ្ងៃមានរឿងនោះមក លោកត្រូវគេដាក់ពិន័យដោយបិទមិនឱ្យឡើងប្រកួតរយៈពេល៣ខែ ។ លោកអះអាងថា នឹងខំប្រកួតឱ្យអស់ពីលទ្ធភាព គឺមិនអាចវាយគ្នាលេងៗដូចមុននោះទេ ដើម្បីកុំឱ្យខាងគណៈកម្មការបាយ័នមានមន្ទិលម្តងទៀត ។
ដើម្បីធ្វើឱ្យបានល្អឈ្នះគូប្រកួត ចៅ ផលឌឿ អះអាងថា លោកខំហ្វឹកហាត់មិនតិចឡើយ ប៉ុន្តែអ្វីដែលលោកមានការបារម្ភខ្លះៗនោះគឺកីឡា ភុន សោភ័ណ្ឌ ពូកែខាងប្រើស្នៀតជើង និងមានកម្លាំងខ្លាំងដែលពិបាកឱ្យលោកធ្វើការផ្តួលបានដោយងាយណាស់ ទើបលោកហាក់នៅស្ទាក់ស្ទើរនៅឡើយក្នុងការនិយាយថា ឈ្នះគូប្រកួតនោះ ។ ដោយឡែកកីឡាករភុន សោភ័ណ្ឌ ក៏អះអាងដូចគ្នាផងដែរ ដើម្បីកុំឱ្យគេថាលោកស៊ុមគ្រលំក្នុងពេលប្រកួតជាមួយ ចៅ ផលឌឿ ឬប្រើស្នៀតមិនអស់នាំឱ្យរងការរិះគន់ ឬទទួលការព្រមានដូចមុន ។
យោងតាមការកត់សម្គាល់ពីអ្នកជក់ចិត្តនឹងកីឡាប្រដាល់បានលើកឡើងថា អ្នកប្រដាល់ ចៅ ផលឌឿ នៅមានស្នៀតប្រដាល់ល្អច្រើនទាំងជើង ជង្គង់ និងកណ្តាប់ដៃ ហើយបើនិយាយពីកម្លាំង និងភាពស៊ូវិញ គឺលោកទទួលបានការសរសើរច្រើន ។ ប្រសិនបើដៃគូម្ខាងទៀតមិនទាន់ដឹងពីល្បិចផលឌឿ ច្បាស់ទេនោះគេច្បាស់ជាត្រូវ ផលឌឿ បំបាក់ឱ្យសន្លប់ក្នុងទឹកទី២ ឬទី៣ មិនខានឡើយ ។ រីឯកីឡាករ ភុន សោភ័ណ្ឌ វិញ គឺជាកីឡាករជើងចាស់មួយរូបដែលសម្បូរតិចនិកច្រើន ធ្វើឱ្យដៃគូពិបាកទប់ទល់ផងដែរ ។ អ្នកប្រដាល់រូបនេះ បានបាត់មុខជាងកន្លះឆ្នាំមកហើយ ប៉ុន្តែក្រោយពេលវិលវិញ គឺលោកនៅតែខ្លាំង ហើយបើកុំជួបរឿងស៊យត្រូវ ចៅ ផលឌឿ ធ្វើពុតជាសន្លប់នាំឱ្យលោករងការព្រមានកាលពី៣ខែមុនទេ គឺលោកប្រាកដជាមានមុខស្តារកេរ្តិ៍ឈ្មោះ ដែលធ្លាប់ដកខ្លួនពីលើសង្វៀននោះឱ្យកក្រើកខ្លាំងមិនខានឡើយ ។
ម្ល៉ោះហើយ ទើបគេជឿថា រវាងគូប្រកួតទាំងពីរ គឺពិតជាវាយគ្នាទៅវិញទៅមកមិនដកដៃឡើយនៅថ្ងៃស្អែកដើម្បីយកចិត្តគណៈកម្មការផ្គូផ្គងនៅស្ថានីយទូរទស្សន៍បាយ័ន និងដើម្បីស្តារការព្រមានដែលពួកគេធ្លាប់បានទទួលកន្លងមក ។នៅថ្ងៃសៅរ៍នោះផងដែរ ក៏មានការប្រកួតរវាងកីឡាករ ចាន់ ពៅ មកពីក្លិបខេមរៈខ្លាហោះ និងកីឡាករ កែវ រំជោត មកពីក្លិបដំបងគ្រញូងមានប្ញទ្ធិ ។ កីឡាករ ផាន ពិសិដ្ឋ មកពីក្លិបគជសារកីឡា និងកីឡាករ ពេជ្រ សំពៅ មកពីក្លិបកងយោធពលខេមរភូមិន្ទ និងគូចុងក្រោយរវាងកីឡាករ ផុន ថុល មកពីក្លិបក្រសួងការពារជាតិ និងកីឡាករតក់ សោភ័ណ្ឌ មកពីក្លិបអេភូថងកីឡា ៕
ចែករំលែកព័តមាននេះ