រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់លក្ខណៈកម្តៅសាច់ដុំរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិហ្វ៊ីលីពីន នៅលើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធ ទី៥ កញ្ញា កន្លងមកនេះ បានបញ្ចប់ទៅក្នុងលទ្ធផល០-០ ស្មើគ្នា ។គេនៅចាំបានថា ការជួបគ្នារវាងក្រុមទាំង២នៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2010 នៅប្រទេសឡាវក៏ទទួលបានលទ្ធផលស្មើគ្នា០-០ដែរ ។
ស្ថិតនៅក្នុងក្រសែភ្នែកទស្សនិកជនរាប់ពាន់នាក់ដែលបានទស្សនាផ្ទាល់ការប្រកួតនៅក្នុងតង់ទី១ ក្រុមទាំង២បានលេងវាយបកគ្នាទៅវិញទៅមក ដោយពុំមានខាងណាដាក់សម្ពាធទៅលើខាងណា គួរឱ្យកត់សម្គាល់ឡើយ ។ ទោះបីបែបណាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជាឃឹម បូរី ពាក់អាវលេខ៧មានឱកាសស៊ុតបាល់បញ្ចូលទីគូប្រកួតជាច្រើនលើក ប៉ុន្តែអ្នកចាំទី ETHE RIDGE NELL EONNARD របស់ហ្វ៊ីលីពីនសង្គ្រោះបាល់បានយ៉ាងល្អ ។
នៅក្នុងតង់ទី១នេះ ការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល០-០ ។ ចូលដល់តង់ទី២ ពេលការប្រកួតប្រព្រឹត្តទៅបានរយៈពេល១៥នាទី ភ្លៀងក៏ចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែមិនបានរំខានដល់ការប្រកួតឡើយ ។ ខ្សែការពារកម្ពុជាហាក់បីដូចជាមានការធ្វេសប្រហែសយ៉ាងខ្លាំង បណ្តោយឱ្យក្រុមហ្វ៊ីលីពីនមានឱកាសស៊ុតបាល់បញ្ចូលទីជាច្រើនលើក ប៉ុន្តែមិនបានសម្រេច ដោយសារអ្នកចាំទីរបស់ក្រុមកម្ពុជាអាចសង្គ្រោះបាល់បានយ៉ាងល្អបំផុតរហូតចប់ការប្រកួតក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា០-០ ៕
ចែករំលែកព័តមាននេះ