យោងតាមលោក Eddie Jordanប្រធានក្រុមអ្នកវិភាគប្រចាំ BBC F1ឱ្យដឹងថា កីឡាករអង់គ្លេស Lewis Hamiltonគ្រោងនឹងចាកចេញពីក្រុម MacLarenទៅបើកបរឱ្យក្រុម Mercedesនៅរដូវកាលប្រណាំងឆ្នាំ២០១៣ ។អតីតប្រធានក្រុមរូបនេះបាននិយាយថា Hamiltonនឹងចូលទៅជំនួសកីឡាករអាល្លឺម៉ង់ Michael Schumacherដែលនឹងចូលនិវត្តន៍ជាលើកទី២នៅដំណាច់ឆ្នាំនេះ ។
លោក Jordanបានថ្លែងថា៖«ខ្ញុំជឿថា កីឡាករ Hamiltonនិងក្រុម Mercedesពិតជាបានព្រមព្រៀងគ្នាជាលក្ខណៈបុគ្គលរួចជាស្រេចហើយៗ កុងត្រាពិតប្រាកដមួយនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ »។ក្រុម Mercedesនៅក្នុងសេចក្តីប្រកាសមួយបាននិយាយថា ខ្លួនមិននិយាយអំពីបញ្ហានេះទេ ។ ប៉ុន្តែគេបានបន្ថែមថា ៖«ដរាបណាមិនទាន់ដល់ពេលប្រកាសពីបញ្ជីឈ្មោះកីឡាករប្រណាំងក្នុងរដូវកាលឆ្នាំក្រោយ វានៅតែមិនទាន់ច្បាស់ដែលថា យើងចាត់ទុកបញ្ហានេះជាការពិតនោះទេ »។
ឯអ្នកនាំពាក្យរបស់ក្រុម McLarenបានថ្លែងថា៖«ក្រុមអ្នករៀបចំការងាររបស់កីឡាករ Hamiltonបានប្រាប់យើងថា រឿងនេះមិនពិតទេ ។ ពេលនេះការចរចាលើកុងត្រាថ្មីរវាង Hamiltonនិងក្រុម McLarenកំពុងតែបន្ត »។ទោះជាយ៉ាងណា លោក Jordanបានបញ្ជាក់ថា ខ្លួនដឹងច្បាស់ថា Hamiltonមិនទាន់បានចុះកុងត្រាថ្មីជាមួយជាមួយក្រុម MacLarenនៅឡើយទេ ហើយនេះក៏ជាការបើកផ្លូវមួយសម្រាប់រូបគេចូលរួមជាមួយក្រុម Mercedes ។
ប្រសិនជាកីឡាករ Hamiltonចាកចេញមែន វានឹងធ្វើក្រុម McLarenជួបនឹងបញ្ហាដ៏ធំមួយជាពិសេសលើការស្វែងកីឡាករជំនួសដែលមានសមត្ថភាពប្រហាក់ប្រហែលគេ ។ នៅលើតារាងជើងឯកពិភពលោកវិញ Hamiltonក្នុងពេលឥឡូវនេះស្ថិតនៅលំដាប់ទី៥មាន១១៧ពិន្ទុ គឺ៤៧ពិន្ទុតាមពីក្រោយកីឡាករនាំមុខ Fernando Alonso ៕
ចែករំលែកព័តមាននេះ