តាមទិន្នន័យមួយបង្ហាញកាលពីថ្ងៃសុក្រថាសេដ្ឋកិច្ចនៅតំបន់អឺរ៉ូហាក់បង្ហាញសញ្ញាធ្លាក់ចុះបន្តទៀត ដោយសារសកម្មភាពសេដ្ឋកិច្ចនៅទូទាំងទ្វីបអឺរ៉ុបមិនមានល្បឿនទៅមុខសូម្បីតែបន្តិចនៅក្នុងខែសីហា ។ ចំនួនអ្នកអត់ការងារធ្វើនៅក្នុងប្រទេសទាំង១៧កើនឡើងកាន់តែច្រើនរហូតដល់១៨លាននាក់នៅក្នុងខែកក្កដា ចំណែកការលក់រាយនៅអាល្លឺម៉ង់ អេស្ប៉ាញ និងក្រិក បានធ្លាក់ចុះដែលតាមគេដឹងបណ្តាលមកពីវិបត្តិបំណុលដែលមិនទាន់ដោះស្រាយបាននៅឡើយ ។
បើយោងតាមការប៉ាន់ស្មានបឋម តម្លៃទំនិញលក់រាយនៅក្នុងខែសីហាឡើងខ្ពស់លឿនជាងការព្យាកររបស់ធនាគារកណ្តាលអឺរ៉ុបទៅទៀត ។ ទាំងអស់នេះជាហេតុត្រូវបង្កកហិរញ្ញវត្ថុផ្ទះសម្បែង ហើយអាចធ្វើឱ្យធ្ងន់ធ្ងរឡើងសម្រាប់ធនាគារកណ្តាលអឺរ៉ុបក្នុងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដើម្បីគាំពារកំណើនសេដ្ឋកិច្ច ។ សូចនាករនេះបានបង្ហាញកាលពីថ្ងៃសុក្រពីទិន្នន័យធ្លាក់ចុះនៅតំបន់ចាយប្រាក់អឺរ៉ូនិងវិបត្តិសារពើពន្ធដែលបានរុញច្រានឱ្យរដ្ឋសមាជិក៥របស់តំបន់អឺរ៉ូត្រូវការជំនួយហិរញ្ញវត្ថុបន្ថែម ។
បញ្ហាទាំងអស់នេះនាំឱ្យមានការសន្និដ្ឋានថាសេដ្ឋកិច្ចអឺរ៉ុបទាំងមូលមិនយូរមិនឆាប់នឹងវិលទៅរកវិបត្តិធ្ងន់ធ្ងរសាជាថ្មី ។ កាលពីត្រីមាសទី២ សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះ០,២% ហើយបណ្តាសេដ្ឋវិទូបានព្យាករថា សេដ្ឋកិច្ចនៅតំបន់នេះនឹងបន្តធ្លាក់ចុះចន្លោះពីខែកក្កដា និងកញ្ញាទៀត ។បើយោងតាមសូចនាករEurocoin បង្ហាញថា ការផ្លាស់ប្តូរផលិតផលក្នុងស្រុកសរុបពី១ត្រីមាសទៅ១ត្រីមាសធ្លាក់ចុះដល់ចំណុចអវិជ្ជមាន០,៣៣% កាលពីខែសីហា ខណៈដែលកាលពីខែកក្កដា ធ្លាក់ចុះ០,២៤% ។ នោះជាកម្រិតមួយទាបបំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ មក។ ទីភ្នាក់ងារស្ថិតិផ្លូវការរបស់សហគមន៍និយាយថា ចំនួនអ្នកអត់ការងារធ្វើបានកើនដល់១៨.០០២លាននាក់នៅក្នុងខែកក្កដា ពោលគឺកើន១១,៣%លើសកាលពីខែកក្កដា ឆ្នាំ២០១១កន្លងទៅដែលមានតែ១០,១% ប៉ុណ្ណោះ ។
លោកប៊ិន មេ (Ben May) សេដ្ឋវិទូប្រចាំស្ថាប័នផ្តល់ប្រឹក្សា Capital Economics និយាយថា ភាពអត់ការងារធ្វើទំនងមិនឈានដល់ចំណុចខ្ពស់នោះទេ ហើយវានឹងបន្តអនុគ្រោះដល់សកម្មភាពសេដ្ឋកិច្ច ។ បញ្ហាសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទំនងជាដាក់សម្ពាធបន្ថែមទៀតមកលើធនាគារកណ្តាលដើម្បីលើកស្ទួយសេដ្ឋកិច្ចតាមរយៈការទម្លាក់អត្រាការប្រាក់ ឬក៏រៀបចំគម្រោងទិញសញ្ញាប័ណ្ណរដ្ឋាភិបាលនៃរដ្ឋសមាជិកដែលមានសេដ្ឋកិច្ចទន់ខ្សោយ ។ ក្នុងនោះក្រុមប្រឹក្សាភិបាលធនាគារនឹងបើកកិច្ចប្រជុំនៅថ្ងៃទី៦ កញ្ញា នេះ៕
ចែករំលែកព័តមាននេះ