ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តនាព្រឹកថ្ងៃទី៥ កញ្ញា ២០១២ បានឡោមព័ទ្ធលំនៅឋានមួយកន្លែង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង របស់លោកប្រធាន ក្រុមប្រឹក្សាស្រុកសេសានម្នាក់ ហើយឈានទៅឃាត់ខ្លួនយុវជន២នាក់ និងស្ត្រីម្នាក់ដកហូតវត្ថុតាងថ្នាំញៀន បាន២ប្រភេទ គឺប្រភេទម៉ាទឹកកក២កញ្ចប់ និងប្រភេទគ្រាប់ចំនួន២កញ្ចប់ បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
ប្រភពបានឱ្យដឹងថា មុនពេលឈានទៅធ្វើការឡោមព័ទ្ធលំនៅឋានខាងលើនោះកម្លាំងកងរាជអាវុធហត្ថបានប្រើប្រាស់កម្លាំងសម្ងាត់ដើម្បីចូលទៅទំនាក់ទំនងទិញថ្នាំញៀនពីក្រុមជនសង្ស័យចំនួន៣លើកចំណាយទឹកប្រាក់របស់អង្គភាពអស់៤៥០ដុល្លារអាមេរិក ទើបអាចកំណត់បាននូវមុខសញ្ញា ។ បន្ទាប់ពីស៊ើបអង្កេតបានច្បាស់លាស់ហើយក្រោមបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការយល់ព្រមពីអយ្យការអមសាលាដំបូងខេត្តផងនោះ កម្លាំងជំនាញបានបើកការឡោមព័ទ្ធ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ព្រមទាំងដកហូតវត្ថុតាងបទល្មើសបញ្ជូនទៅសួរនាំ ដើម្បីវែកមុខរកមេខ្លោងជួញដូរធំដែលឈរនៅពីក្រោយចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។
លោកប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តបានឱ្យដឹងនៅកន្លែងកើតហេតុថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានចំនួន៣នាក់ បុរស២នាក់ និងស្ត្រីម្នាក់ ហើយអ្នកទាំង៣ត្រូវជាប្អូនជីដូនមួយម្នាក់ ឯម្នាក់ទៀតត្រូវជាកូនប្រុសរបស់ស្ត្រីរូបនេះ មាន ១-ឈ្មោះនូ គឹមណាល់ ហៅត្រែត ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិកណ្តាល ក្រុងស្ទឹងត្រែង ២-ឈ្មោះអីុ ហ្គាណា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង អ្នកទាំង២ត្រូវជាម្តាយ នឹងកូន និង៣-ឈ្មោះធិន ថា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ