រាជធានីភ្នំពេញ ៖ បុរស២នាក់បានសន្លប់បាត់ស្មារតីនៅលើចិញ្ចើមផ្លូវ ខណៈពេលកំពុងជិះម៉ូតូតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវរថយន្តឡិចស៊ីសRX300បើកបុកត្រូវចំហៀងពេញទំហឹងក្នុងដំណើរបញ្ច្រាសទិសគ្នា ស្របពេលម៉ូតូកំពុងបត់ឆ្វេង ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៤ កញ្ញា នៅចំណុចទល់មុខក្រុមហ៊ុនតូយ៉ូតា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យុវជនរងគ្រោះទាំង២នាក់ឈ្មោះ ជេស្តា អាយុ២០ឆ្នាំ និងឈ្មោះសួន យុតិ អាយុ២៤ឆ្នាំ អ្នកទាំង២ជាជាងដែក ស្នាក់នៅបុរី១០០ខ្នង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទោះជាបែបណាមួយសន្ទុះក្រោយមកយុវជនទាំង២បានដឹងខ្លួនឡើងវិញ ចាត់ទុកថាជាសំណាងល្អមែនទែន ។ ចំណែកម៉ូតូម៉ាកគុបមូលវិញបានវៀចក និងវៀចកង់មុខត្រូវបានជនរងគ្រោះដឹកតាមរឺុម៉កម៉ូតូយកទៅផ្ទះ ដោយមិនបាច់ពឹងប៉ូលិសដោះស្រាយនោះទេ ។
យុវជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខ្លួនបើកម៉ូតូពីលិចទៅកើត តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ពេលមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលផ្លូវលំមួយស្រាប់តែរថយន្តឡិចស៊ីសRX300បើកបញ្ច្រាសទិសគ្នា បានមកបុកចំពាក់កណ្តាលម៉ូតូ និងបានអូស៥ម៉ែត្រ បណ្តាលឱ្យយុវជនទាំង២នាក់ខ្ទាតទៅចិញ្ចើមផ្លូវសន្លប់ឈឹងតែម្តង ។ ក្រោយពេលបង្កគ្រោះថ្នាក់រថយន្តបានបើករត់ឆ្ពោះទៅទិសខាងលិចបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ