កីឡាករប្រដាល់ចក្រភពអង់គ្លេស Nathan Cleverlyនឹងឡើងសង្វៀនប្រកួតការពារខ្សែក្រវាត់ស្ថាប័ន WBOប្រភេទទម្ងន់ Light-heavyweightរបស់ខ្លួនជាលើកទី៤ប្រឆាំងនឹងកីឡាករអ៊ុយក្រែន Vyacheslav Uzelkovថ្ងៃទី២៧ខែតុលាខាងមុខ ។ ការប្រកួតនេះនឹងត្រូវរៀបចំធ្វើនៅសង្វៀន Motorpoint Arenaស្ថិតក្នុងទីក្រុង Cardiff ប្រទេសអង់គ្លេស ។
Cleverlyវ័យ២៥ឆ្នាំធ្លាប់បានការពារខ្សែក្រវាត់របស់ខ្លួនបានដោយជោគជ័យជាមួយកីឡាករ Alesky Kuziemski ,Tony Bellewនិងចុងក្រោយបំផុតក្នុងខែកុម្ភៈជាមួយកីឡាករ Tommy Karpency ។ ការប្រកួតលើកទី៣របស់គេនោះក៏បានធ្វើនៅក្នុងទីក្រុង Cardiff ផងដែរ ។
គេបានថ្លែងថា៖« ការប្រកួតនៅសង្វៀន Motorpoint Arenaកាលពីខែកុម្ភៈ ខ្ញុំត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ ។ នោះគឺជាការប្រកួតលើកទី១របស់ខ្ញុំនៅទឹកដីវេល៤ឆ្នាំមកនេះ ។ ខ្ញុំទទួលបានការគាំទ្រយ៉ាងច្រើននៅទីនោះ ។ ដូច្នេះ វាជារឿងដ៏អស្ចារ្យបំផុតដែលបានត្រឡប់ទៅប្រកួតនៅទីនោះជាថ្មីម្តងទៀត »។
អ្នករៀបចំការប្រកួតលោក Frank Warrenបាននិយាយថា ដើមឡើយ កីឡាករ Cleverlyត្រូវជួបប្រកួតជាមួយកីឡាករអាមេរិកបឺណាដ ហប់ឃីន ប៉ុន្តែក្រោយមកហប់ឃីនបានដកខ្លួនវិញនិងបានបញ្ជាក់ថា ខ្លួនគេមិនទាន់ចង់ប្រកួតនៅឆ្នាំនេះទេ ។ លោកបានបន្តថា ៖«វាពិតជាធ្វើឱ្យយើងមួម៉ៅបន្តិចដែរនៅពេលដែលយើងឈានដល់កិច្ចព្រមព្រៀងមួយហើយ តែគេបែរជាហប់ឃីនប្រកាសដកខ្លួនវិញ ។ ទោះជាយ៉ាងណា សម្រាប់កីឡាករ Cleverly ការជួបជាមួយកីឡាករ Uzelkovលើកនេះអាចនឹងធ្វើឱ្យគេមានបញ្ហា»។
Uzelkovដែលមានរហ័ស្សនាមជា កណ្តាប់ដៃដែកធ្លាប់ប្រកួតឈ្នះ ២៧លើក ចាញ់២ ផ្តួលដៃគូឱ្យសន្លប់ ១៦លើក ។ ចំណែក Cleverlyធ្លាប់ប្រកួតឈ្នះ២៤លើក មិនដែលចាញ់ ក្នុងនោះផ្តួលដៃគូឱ្យសន្លប់ចំនួន ១១លើក ៕
ចែករំលែកព័តមាននេះ