គណៈកម្មការប្រណាំង Rallyរបស់សហព័ន្ធកីឡាប្រណាំងរថយន្តប្រទេសឆែកកាលពីថ្ងៃអង្គារទី៤កញ្ញាបានសម្រេចថា ល្បឿននៅក្នុងព្រឹត្តិការណ៍ប្រណាំង Rallyនឹងត្រូវកាត់បន្ថយហើយក្រុមអ្នកទស្សនាក៏នឹងត្រូវរក្សាឱ្យនៅឆ្ងាយពីផ្លូវប្រណាំងជាងពីលើកមុនៗផងដែរ ។ មកទល់នឹងពេលនេះ ព្រឹត្តិការណ៍ប្រណាំង Rallyនៅប្រទេសឆែកនៅសល់៣កម្មវិធីទៀតនឹងត្រូវបញ្ចប់ ។
អ្នកនាំពាក្យសហព័ន្ធប្រណាំងរថយន្តឆែកលោក Josef Patlបានថ្លែងថា ៖« យើងនឹងកាត់បន្ថយល្បឿននៅក្នុងការប្រណាំង Rallyលើផ្លូវរាប តែបន្ថែមល្បឿននៅលើផ្លូវរលាក់ហើយដំណាក់ខ្លះអាចនឹងត្រូវលុបចោលទៀតផង »។ ការប្រកាន់យកចំណាត់ការខាងលើនេះគឺបន្ទាប់ពីអ្នកទស្សនាម្នាក់ត្រូវបានស្លាប់អំឡុងការប្រណាំងកាលពីថ្ងៃទី២កញ្ញា ។ សូមបញ្ជាក់ថា នៅក្នុងកម្មវិធីប្រណាំងឈ្មោះ Barum Rally Zlinស្ថិតនៅភាគខាងត្បូងទីក្រុង Moravia ឧប្បត្តិហេតុមួយបានកើតឡើងខណៈរថយន្តប្រណាំងមួយបានក្រឡាប់ជាច្រើនជុំសង្កត់អ្នកទស្សនា២នាក់ដែលក្នុងនោះម្នាក់ស្លាប់នៅនឹងកន្លែង ។
នោះជាការស្លាប់លើកទី៣អំឡុងការប្រណាំង Rallyនៅប្រទេសឆែកឆ្នាំនេះ ។ ប៉ុន្តែអ្វីដែលខុសប្លែកគ្នាគឺការស្លាប់២ករណីពីលើកមុន ជនរងគ្រោះជាកីឡាករ ។ ដើម្បីជួយទប់ស្កាត់ឧប្បត្តិហេតុដដែលនេះមិនឱ្យកើតមានជាថ្មី ច្រកតាមបណ្តោយផ្លូវប្រណាំងនឹងត្រូវពង្រីកឱ្យធំជាងមុន ។ ដោយឡែកនៅឆ្នាំ២០១៣ មានតែកីឡាករមានបទពិសោធន៍ប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យចូលប្រណាំងក្នុងប្រភេទ Rallyនេះ ៕
ចែករំលែកព័តមាននេះ