ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA រាយការណ៍ថាអាជ្ញាធរស៊ីរីបានជួយរំដោះមនុស្ស១៤នាក់ដែលត្រូវចាប់ពង្រត់នៅខេត្តអាឡែប ហើយបានសម្លាប់ពួកឧទ្ទាមជាច្រើននាក់កាលពីថ្ងៃទី៤ កញ្ញា ។ ប្រភពព័ត៌មានផ្លូវការមួយដកស្រង់ផ្សាយដោយ SANAឱ្យដឹងថា កងទ័ពស៊ីរីអាចវាយរំដោះចំណាប់ខ្មាំង១៤នាក់ក្នុងនោះមាននារីនិងកុមារនៅតំបន់អារ៉ូម ខេត្តអាឡែប ភាគខាងជើងស៊ីរី ។ កងទ័ពស៊ីរីក៏បើកការវាយប្រហារផងដែរនាថ្ងៃទី៤ កញ្ញា នោះ ប្រឆាំងពួកឧទ្ទាមក្នុងស្រុកសាអីុហ្វអាល់ដាវ៉ាល់ ដោយបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ។
យោងតាមSANAថាខេត្តអាឡែបដែលមានទីប្រជុំឈ្មោះដូចគ្នានោះ បានក្លាយទៅជាទីលាននៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពស៊ីរី និងពួកឧទ្ទាមប្រដាប់អាវុធដែលស្វះស្វែងវាយកាន់កាប់ខេត្តនោះ ជាខេត្តយុទ្ធសាស្ត្រស្ថិតនៅជិតប្រទេសតួកគីដែលជួយដល់ពួកបះបោរ ។ ម្យា៉ងវិញទៀត ពួកឧទ្ទាមមួយក្រុមគូសបញ្ជាក់ថា មនុស្ស២៥នាក់ស្លាប់កាលពីថ្ងៃទី៤ កញ្ញា ក្នុងប្រទេសស៊ីរី៕
ចែករំលែកព័តមាននេះ