គណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិ (NDRC)និយាយថា សេដ្ឋកិច្ចចិនកំពុងមានស្ថិរភាពវិញជាបណ្តើរៗខណៈដែលគោលនយោបាយគាំទ្រពីកំណើនរបស់រដ្ឋាភិបាលទទួលបានប្រសិទ្ធភាព ។ លោកចាង ពីង (Zhang Ping) ប្រធាន NDRC និយាយថា គោលនយោបាយនិងវិធានការរបស់រដ្ឋាភិបាលទទួលបានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចក្នុងប្រទេសកំពុងតែមានស្ថិរភាពបណ្តើរៗ ។
តម្រូវការវិនិយោគទុនដែលប្រថុយប្រថាននោះឥឡូវវាបានកាត់បន្ថយប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយសារមានគោលនយោបាយគ្រប់គ្រងទីផ្សារអចលទ្រព្យរបស់រដ្ឋាភិបាល ។ ដើម្បីលើកស្ទួយសេដ្ឋកិច្ចរបស់ចិន រដ្ឋាភិបាលបានពន្លឿនការចំណាយវិនិយោគលើគម្រោងគន្លឹះជាច្រើន មានដូចជាកាត់បន្ថយចំនួនសាច់ប្រាក់ ដែលធនាគារត្រូវតែតម្កល់ទុកជាធនបម្រុង និងទម្លាក់អត្រាការប្រាក់២ដងក្នុង១ខែ ។
សេដ្ឋកិច្ចចិនកើន ៧,៦%នៅក្នុងត្រីមាសទី២បើធៀបនឹងរយៈពេលដូចគ្នាកាលពីមុន ដែលនេះជាល្បឿនមួយដ៏យឺតបំផុតក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ។ បើតាមការស្រាវជ្រាវថ្មីៗនេះប្រទេសចិនត្រូវបានគេព្យាករថា មានកំណើនសេដ្ឋកិច្ចយឺតបំផុតចាប់តាំងពីឆ្នាំ១៩៩៩មក ៕
ចែករំលែកព័តមាននេះ