រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ទី៥ កញ្ញា វេលាម៉ោង៥និង៥នាទីល្ងាច ម៉ោងនៅកម្ពុជានេះ កីឡាការិនីពិការជើង ធីន សេងហុង នឹងចេញប្រកួតលើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ ដែលជាវិញ្ញាសាចុងក្រោយរបស់នាងក្នុងព្រឹត្តិការណ៍បារ៉ាឡាំពិកនៅក្នុងប្រទេសអង់គ្លេស ។ ប៉ុន្តែខុសពីការប្រកួតនាពេលកន្លងទៅ លោក ផៃ សុខ ដែលជាគ្រូបង្វឹករបស់នាងបែរជាមិនរំពឹងថា កីឡាការិនីរូបនេះទទួលបានជ័យជម្នះទៅវិញ ។
លោកបានបញ្ជាក់ប្រាប់កោះសន្តិភាពថា សង្ឃឹមមិនដល់៥០%ឡើយថា ធីន សេងហុង ដែលទើបបរាជ័យការរត់ប្រណាំងចម្ងាយ១០០ម៉ែត្រកាលពីថ្ងៃអាទិត្យ នឹងឈ្នះគូប្រកួតលើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ នាល្ងាចនេះ ។ លោកផៃ សុខ និយាយថា វាមិនមែនជារឿងងាយទេ ដែលកីឡាការិនីពិការជើងរបស់ប្រទេសកម្ពុជា ដែលខ្វះទាំងបច្ចេកទេស និងជើងសិប្បនិម្មិតសម្រាប់រត់ដែលមានស្ដង់ដា អាចដណ្ដើមយកជ័យជម្នះក្នុងការប្រកួតថ្នាក់ពិភពលោកមួយនេះ។ បើទោះជា ធីន សេងហុង ធ្លាប់ ទទួលបានមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ និង មេដាយប្រាក់ពីរទៀត ពីការរត់ចម្ងាយ១០០ម៉ែត្រ និង២០០ ម៉ែត្រ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាអាស៊ានហ្គេម នៅឥណ្ឌូណេស៊ី កាល ពីឆ្នាំ២០១១ ប៉ុន្តែសម្រាប់ការប្រកួតប៉ារ៉ាឡាំពិក ដែលមានកីឡាការិនីពិការជើងមកពីគ្រប់ប្រទេសនៅលើពិភពលោក បែបនេះ គឺនាងពិបាកទៅរួចណាស់ ។
លោក ផៃ សុខមានប្រសាសន៍ថា «សម្រាប់ខ្ញុំស្ទើរតែមិនសង្ឃឹមទេបន្ទាប់ពី ធីន សេងហុង ប្រកួតចាញ់គេកាលពីថ្ងៃអាទិត្យ ទី១ កញ្ញា ក្នុង វិញ្ញាសា១០០ម៉ែត្រម្ដងនោះ។ ម្យ៉ាងបេក្ខនារីដែលប្រកួតជាមួយនាងក្នុងវិញ្ញាសា១០០ម៉ែត្រ ច្បាស់ណាស់គឺប្រាកដជាមកប្រកួតក្នុងវិញ្ញាសា២០០ម៉ែត្រជាមួយនាងនាល្ងាចនេះ!»។ លោកអះអាងថា តាមរយៈថិរវេលាដែលនាងធីន សេងហុង និងកីឡាការិនីបរទេសបានទទួលកំពុងបង្ហាញយ៉ាងច្បាស់ពីភាពអស់សង្ឃឹមរបស់លោកសម្រាប់ការប្រកួតរបស់នាង ។ តាមលទ្ធផលប្រកួត នាងធីន សេងហុង បានទទួលចំណាត់ ថ្នាក់ទី៦ ក្នុងចំណោមបេក្ខនារីទាំង៦រូប ដែលសុទ្ធតែជាជនពិការជើងក្នុងប្រភេទT44 ត្រឹមក្រោមជង្គង់ដូចនាង ។ នាងបានប្រើថិរវេលារហូតដល់១៧,៣៥វិនាទី ដែលរយៈពេលនេះ គឺច្រើនជាងកាលនាងចេញប្រកួតប៉ារ៉ាអាស៊ានហ្គេម នៅ ឥណ្ឌូណេស៊ី រហូតដល់០,២២វិនាទី ខណៈដែលកីឡាការិនី Marlou van Rhijn របស់ហូឡង់ ដែលទទួលជ័យជម្នះនាំមុខគេក្នុងព្រឹត្តិការណ៍នៅប៉ារ៉ាឡាំពិកនោះ បានប្រើថិរវេលាតែ១៣,២៧វិនាទី ។
លទ្ធផលថយក្រោយនេះ ត្រូវបានលោក ផៃ សុខ អះអាង ថា គឺទី១-បណ្ដាលមកពីនាងធីន សេងហុង ខ្វះជើងសម្រាប់រត់ ដែលមានស្ដង់ដាដូចកីឡាការិនីបរទេស ទី២-បណ្ដាលមកពីនាងប្រឈមនឹងវត្តមានកីឡាការិនីជើងខ្លាំងៗដែលសុទ្ធតែជាម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិមកពី បណ្ដាប្រទេសធំៗនៅលើពិភពលោក និងទី៣-គឺបណ្ដាលមកពីនាងបាក់ទឹកចិត្ត។ គ្រូបង្វឹកពិការជើងរូបនេះថ្លែងថា មុនពេលចេញពីប្រទេសកម្ពុជា ធីន សេងហុង មិនសប្បាយចិត្តឡើយ នៅពេលដឹងថា នាងចេញទៅប្រកួតទីនោះ ដោយមិនមានវត្ត មានគ្រូបង្វឹកដូចពេលមុនៗ ព្រោះគ្រូបង្វឹកក្រៅពីផ្ដល់កម្លាំងចិត្ត គឺអាចជួយម៉ាស្សាជើង និងផ្ដល់ឲ្យនាងនូវបច្ចេកទេសច្រើនណាស់នៅមុនពេលប្រកួត។
លោកមានប្រសាសន៍ថា «សេងហុងប្រាប់ថាអត់មានទឹកចិត្តប្រកួតទេនៅពេលនាងឡើងយន្តហោះចេញពីស្រុកខ្មែរ ព្រោះធម្មតាកីឡាការិនីពិការជើងដូចនាង គឺដាច់ខាតត្រូវតែមានអ្នកជំនាញជួយម៉ាស្សា សម្រួលសរសៃ និងប្រាប់ពីបច្ចេកទេសនៅមុន ចេញប្រកួត ប៉ុន្តែនេះគឺអត់ សុទ្ធសាធក្រៅពី ទៅជាមួយប្រតិភូដែលជាមន្ត្រី ថ្នាក់លើ!»។ លោកយល់ថា ធីន សេងហុង រត់ អន់ជាងកាល នាងទទួលមេដាយប្រាក់នៅឥណ្ឌូ ណេស៊ី គឺអាចពាក់ព័ន្ធមកពីនាងមានបញ្ហាសតិអារម្មណ៍ ហើយបាក់ទឹកចិត្ត ដ្បិតក្នុងពេលហ្វឹកហាត់មុន ចេញទៅអង់គ្លេស នាងប្រើតែថិរវេលាជាង ១៦វិនាទីប៉ុណ្ណោះ ក្នុងការរត់ចម្ងាយ១០០ម៉ែត្រ។
លោកសង្ឃឹមមិនលើស៥០%ឡើយថា ធីន សេងហុង អាចឈ្នះមេដាយដូចស៊ីហ្គេមសម្រាប់ការប្រកួតរត់ចម្ងាយ២០០ម៉ែត្រ ដែលនឹងធ្វើឡើងនាល្ងាចនេះ នៅប្រទេសអង់គ្លេស ដ្បិតបើទោះជានាងអាចរត់បានលឿនដោយប្រើថិរវេលាដូចដែលនាងបានទទួលក្នុងពេលហ្វឹកហាត់ ក៏ល្បឿននោះនៅតែចាញ់ដាច់ថិរវេលាដែលគូប្រកួតរបស់នាងបានទទួល។ ទោះយ៉ាងណាក្នុងនាមលោកជាគ្រូបង្វឹកដ៏ជំនិតមួយរូបរបស់នាង លោកមិនចង់ឃើញលទ្ធផលកូនសិស្សខ្លួនឯងទទួលបរាជ័យលើឆាកអន្តរជាតិសម្រាប់វិញ្ញាសាចុងក្រោយនេះឡើយ គឺលោកមានតែបន់ឲ្យនាងឈ្នះការប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ។
លោក យី វាសនា ប្រធានប្រតិបត្តិនៃមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា និងជាអគ្គលេខា ធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក កម្ពុជាដែលកំពុងដឹកនាំកីឡាការិនី ធីន សេងហុង ចេញប្រកួតនៅក្រុងឡុងធ្លាប់ប្រាប់ មុនចេញដំណើរថា មូលហេតុដែលខាងប៉ារ៉ាឡាំពិកកម្ពុជាមិនអាចបញ្ជូនគ្រូបង្វឹកឲ្យ ទៅជាមួយកីឡាការិនីរូបនេះបាន គឺដោយ សារតែកម្ពុជាខ្វះលទ្ធភាពចំណាយ ។ ទោះ យ៉ាងណា លោក និងក្រុមប្រតិភូ នឹងរិះរក មធ្យោបាយជួយ ធីន សេងហុង នូវផ្នែកបច្ចេក ទេសឲ្យអស់ពី លទ្ធភាពដើម្បីឲ្យនាងមានទឹក ចិត្តប្រកួត ។
តាមការប្រកាសរបស់មន្ត្រីស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា នៅល្ងាចថ្ងៃពុធ ទី៥ កញ្ញានេះ ស្ថានទូត នឹងបើកទ្វារទទួលក្រុមសមាគមជនពិការឲ្យចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ពីការប្រកួតរបស់នាងធីន សេងហុង នៅស្ថានទូតអាមេរិក ដើម្បីលើកទឹកចិត្តដល់នាង ដែលចេញប្រកួតវិញ្ញាសាចុងក្រោយនៅប៉ារ៉ាឡាំពិក ដែលជិតនឹងផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍បរ
ទេសនោះ ៕
ចែករំលែកព័តមាននេះ