រាជធានីភ្នំពេញ ៖ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្តមិនមានបញ្ហាលំបាកទេ ចំពោះធានាគារអេស៊ីលីដា ពោលគឺធនាគារអេសីុលីដា មានរចនាសម្ព័ន្ធគ្រប់គ្រាន់ទាំងផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស ព័ត៌មានវិទ្យា សម្ភារ មានប្រព័ន្ធធនាគារអេឡិចត្រូនិកឈានមុខគេ និងមានសាខាទូទាំងប្រទេសសម្រាប់ធ្វើការងារនេះ។ នេះបើយោងតាមប្រសាសន៍លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិប្តិប្រតិបត្តិការនៃធនាគារអេសីុលីដា កាលពីល្ងាចថ្ងៃទី៣០ សីហា ។
គួររំឭកថា ធនាគារអេស៊ីលីដា ភីអិលសីុ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅសណ្ឋាគារអាំងទែកុងទីណង់តាល់ កាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១២ ដើម្បីទទួលសិទ្ធិលក់លតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត ក្នុងជំហានសាកល្បងលើ២៣ខេត្ត និងរាជធានីភ្នំពេញ ។
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិនិងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការនៃធនាគារអេសីុលីដា បានឱ្យដឹងទៀតថា ធនាគារអេសីុលីដារំពឹងថា នឹងទទួលបានជោគជ័យក្នុងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត ។ លោកស្រីបានអះអាងថាការផ្តល់ឱ្យធនាគារអេសីុលីដាធ្វើការងារនេះ ពិតជាមានភាពងាយស្រួលសម្រាប់ឱ្យប្រជាពលរដ្ឋទិញលតាបត្រពន្ធ(ប័ណ្ណបង់ពន្ធផ្លូវ) សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តពីធនាគារអេស៊ីលីដាបាន ពីព្រោះធនាគារអេសីុលីដា មានការិយាល័យដែលមានទីតាំងនៅជិតប្រជាពលរដ្ឋ ក្នុងនោះមានការិយាល័យប្រតិបត្តិការចំនួន២៧៤ ទូទាំងប្រទេស ដែលបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការបង់ពន្ធជូនរដ្ឋ តាមរយៈការទិញប័ណ្ណបង់ពន្ធផ្លូវនេះ ។
ម្យ៉ាងទៀត វាអាចជួយកាត់បន្ថយការចំណាយ និងចំណេញពេលធ្វើដំណើរ មានសុវត្ថិភាពក្នុងការទូទាត់ មានឱកាសប្រើប្រាស់ផលិតផល-សេវាផ្សេងៗទៀត ដូចជាសេវាយូនីធីជាដើម ដែលអាចផ្ទេរលុយ ទូទាត់លុយតាមរយៈទូរស័ព្ទដៃបាន ។ លោកស្រីបានបង្ហើបឱ្យដឹងថា ក្រៅពីអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការលក់លតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្ត ធនាគារនឹងមានគម្រោងបន្តសហការជាមួយដៃគូរដ្ឋាភិបាលនាពេលខាងមុខទៀត ។
សូមបញ្ជាក់ថា ការលក់លតាបត្រពន្ធរបស់ធនាគារអេសីុលីដា សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ តាមតម្លៃដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារមិនគិតថ្លៃសេវាបន្ថែមលើតម្លៃដែលបោះពុម្ពលើប័ណ្ណបង់ពន្ធឡើយ ។ លោកអ្នកអាចទូទាត់ជាសាច់ប្រាក់ ឬតាមរយៈគណនីដោយមិនកំណត់ចំនួនប័ណ្ណបង់ពន្ធ លោកអ្នកអាចទិញចំនួនប៉ុន្មានក៏បាន គ្រាន់តែប្រាប់ភ្នាក់ងាររបស់ធនាគារអេសីុលីដា ពីប្រភេទយានយន្តដែលត្រូវទិញប័ណ្ណបង់ពន្ធ ។ លោកអ្នកអាចរកទិញប័ណ្ណបង់ពន្ធផ្លូវនេះ នៅតាមការិយាល័យរបស់ធនាគារអេសីុលីដាណាមួយក៏បាន គ្រប់ខេត្ត-រាជធានី ទូទាំងប្រទេស ៕
ចែករំលែកព័តមាននេះ