យោងទៅតាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣ សីហា ឆ្នាំ២០១២ បានឱ្យដឹងថា កីឡាករខ្សែការពារស្លាបឆ្វេងអាស្លី ខូល នឹងបាត់បង់ឱកាសបង្ហាញវត្តមានលើកទី៩៩ ក្នុងទីលានប្រកួតរបស់ខ្លួននៅក្នុងយុទ្ធនាការប្រកួតជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅរាត្រីថ្ងៃសុក្រនេះ ។ ក្រុមតោកំណាចអង់គ្លេស ត្រូវធ្វើដំណើរទៅផ្ទះម៉ុលដាវី នៅរាត្រីថ្ងៃសុក្រ និងត្រូវទទួលភ្ញៀវក្រុមអ៊ុយក្រែននៅរាត្រីថ្ងៃពុធ ទី១២ កញ្ញា សប្តាហ៍ក្រោយ ។
កីឡាករវ័យ៣១ឆ្នាំរូបនេះ មានរបួសក.ជើងក្នុងអំឡុងពេលប្រកួតក្របខណ្ឌយូហ្វាស៊ុបពើរខាប់ជួបជាមួយក្រុម Atletico កាលពីរាត្រីថ្ងៃសុក្រទី៣១ សីហា ខណៈពេលដែលក្រុម Chelsea ចាញ់ Atletico ដោយលទ្ធផល 4-1 ក្នុងទឹកដីបារាំង ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាល់អង់គ្លេស (FA) បានឱ្យដឹងថា កីឡាករអាស្លី ខូល ពិតជាទទួលរងរបួសក.ជើងបន្តិចបន្តួចមែន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅក្នុងក្លិប Chelsea មុនពេលធ្វើការវាយតម្លៃដោយក្រុមគ្រូពេទ្យរបស់សហព័ន្ធ ។
ក្រៅពីកីឡាករអាស្លី ខូល ក្រុមជម្រើសជាតិអង់គ្លេសកំពុងតែជួបវិបត្តិកីឡាកររបួសផ្សេងៗទៀតដូចជាកីឡាករ Andy Carroll ជាដើម ។កីឡាករអាស្លី ខូល បានបញ្ជាក់ពីអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះអវត្តមាននេះ ពីព្រោះលោកចង់បង្ហាញវត្តមានលើទីលានប្រកួតឱ្យបានចំនួន១០០លើកក្នុងការប្រកួតជាមួយម៉ុលដាវី និងអ៊ុយក្រែនក្នុងសប្តាហ៍នេះ ៕
ចែករំលែកព័តមាននេះ