កីឡាករអ៊ីតាលី Dario Cataldo បានយកឈ្នះការប្រណាំងក្នុងដំណាក់ជាលើកដំបូងរបស់ខ្លួននៃការប្រណាំងកង់ក្របខណ្ឌធួនៅប្រទេសអេស្ប៉ាញ Tour of Spain ខណៈកាលពីថ្ងៃចន្ទទី៣ខែកញ្ញាកន្លងមកនេះគេបានយកឈ្នះដំណាក់ទី១៦ ។ ការប្រណាំងក្នុងដំណាក់ខាងលើនេះត្រូវបានបញ្ចប់នៅទីក្រុង Valgrande-Pajares ។
Cataldoដែលជាអ្នកជិះកង់ឱ្យក្រុម Omega Pharma-Quickstepបានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ១៨៣.៥គីឡូម៉ែត្រចេញដំណើរពីទីក្រុង Gijónឆ្ពោះទៅកាន់ទីក្រុង Valgrande-Pajaresប្រទេសអេស្ប៉ាញដោយប្រើអស់ថិរវេលា៥ម៉ោង១៨នាទីនិង២៨វិនាទីយកឈ្នះកីឡាករបែលហ្ស៊ិក Thomas De Gendtជិះឱ្យក្រុម Vacansoleil-Dcm Pro Cycling Teamដែលបានប្រើថិរវេលាច្រើនជាង ៧វិនាទី និងឈ្នះកីឡាករម្ចាស់ផ្ទះ Joaquim Rodriguezដែលប្រើថិរវេលាច្រើនជាង២នាទីនិង៣៩វិនាទី ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Cataldoបានបញ្ជាក់ដោយក្តីរីករាយថា៖«ជ័យជម្នះលើកនេះមានន័យបំផុតនៅក្នុងអាជីព។ ពិតណាស់ខ្ញុំធ្លាប់បានយកឈ្នះកម្មវិធីប្រណាំងជាច្រើនកន្លងមក ប៉ុន្តែទាំងអស់នោះមិនធំធេងដូចជាលើកនេះទេ ។ នេះជាកាដូសម្រាប់ការបរាជ័យ១៦ដំណាក់មកនេះ។ រហូតមកដល់ពេលនេះខ្ញុំកំពុងតែធ្វើរឿងមួយយ៉ាងត្រឹមត្រូវសម្រាប់ការប្រណាំង»។ បើទោះជាយ៉ាងណា ជ័យជម្នះរបស់កីឡាករCataldoក្នុងដំណាក់នេះពិតជាមិនទាន់អាចជួយឱ្យរូបគេយកឈ្នះការនាំមុខនៅលើតារាងថិរវេលាសរុបនៅឡើយទេ ដ្បិតកីឡាករម្ចាស់ផ្ទះ Joaquim Rodriguezដែលបានបញ្ចប់ដំណាក់ក្នុងលំដាប់ទី៣នោះនៅតែរក្សាបានការនាំមុខគេនៅលើតារាងនេះជាដដែល។
ឆ្លងកាត់ការប្រណាំងចំនួន១៦ដំណាក់មកនេះ Rodriguezបានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ៦៣ម៉ោង៣៨នាទីនិង២៤វិនាទីនាំមុខកីឡាករមិត្តរួមជាតិអាល់បឺតូ កុងតាឌ័រដែលបានប្រើថិរវេលាច្រើនជាង២៨វិនាទី។ ស្ថិតនៅលំដាប់ទី៣គឺជាកីឡាករអេស្ប៉ាញដដែល ។ Alejandro Valverdeដែលជិះកង់ឱ្យក្រុម Movistar Teamប្រើថិរវេលាច្រើនជាងកីឡាករ Rodriguez ២នាទីនិង៤វិនាទី ។
សូមបញ្ជាក់ថាការប្រណាំងកម្មវិធី Tour of Spainឆ្នាំនេះចែកចេញជា២១ដំណាក់និងមានចម្ងាយផ្លូវសរុប៣៣៦០គីឡូម៉ែត្រ។ ដោយឡែកដំណាក់ទី១៧ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៨៧.៣គីឡូម៉ែត្រចេញដំណើរពីទីក្រុង Santanderឆ្ពោះទៅកាន់ទីក្រុង Fuente Dé ប្រទេសអេស្ប៉ាញ ៕
ចែករំលែកព័តមាននេះ