ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរីណា វីលៀម សា​រ៉ា​ប៉ូ​វ៉ា​និង​រ៉ូ​ជើ ហ្វេ​ដឺ​រ័រ​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ប្រកួត​វាយ​កូន​បាល់​ក្រប​ខណ្ឌ​ US​ Open​នៅ​អា​មេ​រិក

12 ឆ្នាំ មុន

កី​ឡា​កា​រិ​នី​​អា​មេ​រិក​​ស៊េ​រី​ណា វី​លៀម​​និង​​កីឡា​ករ​​លំ​ដាប់​​ទី​​១​ពិភព​លោក​​​រ៉ូ​​ជើ ហ្វេដឺរ័រ​​ព្រម​ទាំង​កីឡាការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​សសៀ​រ​ខិត​ចូល​កាន់​តែ​ជិត​ពាន​រង្វាន់​ជើង​ឯក​ក្រប​ខណ្ឌធំ​ US Openឆ្នាំ​២០១២​នៅ​អាមេរិក​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា​កន្លង​មក​នេះ​ពួក​គេ​ទាំង​​៣នាក់​បាន​យក​ឈ្នះ​គូ​ប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​ជុំ​ទី​៤​ឈាន​ចូល​ដល់​វគ្គ​១/៤​​ផ្តាច់​ព្រ័ត្រ​។

កី​ឡា​កា​រិ​នី​​អា​មេ​រិក​​ស៊េ​រី​ណា វី​លៀម​​និង​​កីឡា​ករ​​លំ​ដាប់​​ទី​​១​ពិភព​លោក​​​រ៉ូ​​ជើ ហ្វេដឺរ័រ​​ព្រម​ទាំង​កីឡាការិនី​រុស្ស៊ី​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​សសៀ​រ​ខិត​ចូល​កាន់​តែ​ជិត​ពាន​រង្វាន់​ជើង​ឯក​ក្រប​ខណ្ឌធំ​ US Openឆ្នាំ​២០១២​នៅ​អាមេរិក​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣​កញ្ញា​កន្លង​មក​នេះ​ពួក​គេ​ទាំង​​៣នាក់​បាន​យក​ឈ្នះ​គូ​ប្រកួត​រៀង​ៗ​ខ្លួន​ក្នុង​ជុំ​ទី​៤​ឈាន​ចូល​ដល់​វគ្គ​១/៤​​ផ្តាច់​ព្រ័ត្រ​។

នៅលើ​ទី​លាន​ប្រកួត​ USTA Billie Jean King National Tennis Centerក្នុង​ពហុកីឡដ្ឋាន​ Arthur Ashe Stadiumទី​ក្រុង​ញូវ​យ៉ក​ នាង​ស៊េរីណាបាន​យក​ឈ្នះ​កីឡាការិនី​ឆែក​ Andrea Hlavackova​ក្នុង​លទ្ធផល​ពីរ​សិត​ជាប់​ៗគ្នា​៦-០និង​៦-០។ នាង​បាន​និយាយ​ថា​៖«ខ្ញុំ​គ្រាន់​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​​ការ​ប្រកួត​ដំណើរ​ការ​ទៅ​បាន​ចប់​សព្វ​គ្រប់​ដ្បិត​នៅទី​នេះ​មាន​ខ្យល់​បក់​ខ្លាំង​ហើយ​ការ​ប្រកួត​ពិត​ជា​ពិ​បាក​ខ្លាំង​»។

​សម្រាប់​នាង​ស៊េរីណា​ ជ័យ​ជម្នះ​១លើក​ៗ​នៅ​Flushing Meadowsគឺ​នាង​សុទ្ធ​តែ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ហើយ​លេខ៣០​ដែល​ជា​ចំនួន​អាយុ​របស់​នាង​គឺ​គ្រាន់​តែ​ជា​តួ​លេខ​មួយ​ប៉ុណ្ណោះ​។ នាង​អាច​ក្លាយ​ជា​កីឡាការិនី​ដែល​ពូ​កែ​លើស​គេ​ក្នុង​លោក​ល្គឹក​ណា​នាង​មាន​សុខ​ភាព​ល្អ​ពេញ​បរិ​បូណ៌​។ នាង​បាន​និ​យាយ​ថា​៖«ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា ខ្លួន​ខ្ញុំ​ពូ​កែ​ឬ​យ៉ាង​ណា​នោះ​ទេ​។ ប៉ុន្តែ​តាម​ខ្ញុំ​គិត​ប្រហែល​ជា​ពូ​កែ​ដូ​ចគេ​ថា​មែន​ ។ យ៉ាង​ណា​ក៍​ដោយ​នៅ​មាន​កីឡាការិនី​ជាច្រើន​ទៀត​ដែល​ខ្ញុំ​គិត​ថា​សុទ្ធ​តែ​ពូ​កែ​ដូច​ខ្ញុំ​។ ប៉ុន្តែ​ទោះ​ជា​បែបនេះ​ក្តី ខ្ញុំ​មិន​គិត​ថា​ពួក​គេ​ទាំង​អស់​នោះ​ចេញ​ដើ​រ​ស្រែក​ថា​ខ្លួន​ឯង​ពូ​កែ​នោះ​ទេ​»។

ស៊េរី​ណា​ដែល​កំពុង​តែ​ប្រឹង​ប្រែង​ដណ្តើម​យក​ពាន​​US Open ​ជា​លើក​ទី​៤​នោះ ក្នុង​ការ​ប្រ​កួត​លើក​នេះ​នាង​បាន​ប្រើ​ពេល​អស់​តែ​៥៧​នា​ទី​ប៉ុណ្ណោះ ។ ​នៅ​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​នាង​នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​ស៊ែ​ប៊ី​អា​ណា អុី​វ៉ា​ណូ​វិច​ដែល​បាន​យក​ឈ្នះ​កីឡាការិនី​ប៊ុល​ហ្គា​រី Tsvetana Pironkova​ក្នុង​លទ្ធផល​ ៦-០​និង​៦-៤ ។ សូម​រំ​លឹក​ថា គឺ​នាង​អុី​វ៉ា​ណូ​វិច​នេះ​ហើយ​ដែល​ស៊េរី​ណា វី​លៀម​បាន​យក​ឈ្នះ​ក្នុង​ជុំ​ទី​៤​នៅ​ទី​នេះ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ក្នុង​លទ្ធផល ​​៦-៣​និង​៦-៤ ។​ នៅ​ក្នុង​ការ​ជួប​គ្នា​៣​លើក​កន្លង​មក អុី​វ៉ា​ណូ​វិច​ចាញ់​ក្រោម​ថ្វី​ដៃ​នាង​ស៊េរី​ណា​គ្រប់លើក​ ។ ការ​បរា​ជ័យ​២​លើក​ចុង​ក្រោយ​គឺ​ក្នុង​ក្រប​ខណ្ឌ U.S Open​នេះ​កាល​ឆ្នាំ ២០០៦​និង​២០១១​ ។ ដោយ​ឡែក​ ការ​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​លើក​នេះ​ពិត​ជា​ធ្វើ​ឱ្យ​នាង​រំ​ភើប​ចិត្ត​ជា​ខ្លាំង ។ កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូបនេះ​បាន​ថ្លែង​ថា​៖«ការ​វាយ​សឺ​វីស​របស់​ខ្ញុំ​ហាក់​បាន​ល្អ​ជាង​ពេល​មុន​​បន្តិច​។ ​ក្នុង​ពេល​ប្រកួត​ខ្ញុំ​មាន​ឱកាស​ច្រើន​តែ​មិន​អាច​ធ្វើ​បាន​។ ខ្ញុំ​គិត​ថា​នោះ​គឺ​ជា​ការ​ខុស​គ្នា​យ៉ាង​ធំ​សម្បើម​រវាង​ខ្ញុំ​និង​នាង​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​ ។ តែ​យ៉ាង​ណា​ វា​ពិត​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំ​ផុត​សម្រាប់​ការ​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​លើក​ដំ​បូង​ក្នុង​ក្រប​ខណ្ឌ U.S Open នេះ »។​
ចំណែក​កីឡាករ​លំ​ដាប់​ទី​១ពិភពលោករ៉ូ​ជើ ហ្វេដឺរ័រ​​បានឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ដោយ​មិន​បញ្ចេញ​ញើស​មួយ​តំណក់​ខណៈ​គូ​ប្រ​កួត​កីឡាករ​អា​មេរិក Mardy Fishបាន​ដក​ខ្លួន​មុន​ការ​ប្រ​កួត​ចាប់​ផ្តើម ។
​ហ្វេដឺរ័រ​បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដក​ខ្លួន​របស់​កីឡាករ​ Fish ។​ គេ​បាន​ថ្លែង​ថា ៖«ខ្ញុំ​សូម​ជូន​ពរ​ឱ្យ​គេ​ឆាប់​ជា​សះ​ស្បើយ​ឡើង​វិញ​ ។ យើង​ទាំង​អស់​គ្នា​ពិត​ជា​ចង់​ឱ្យ​រូប​គេ​វិល​ត្រឡប់​មក​ប្រ​កួត​ឱ្យ​បាន​ឆាប់ »។ សូម​បញ្ជាក់​ថា ការ​ដក​ខ្លួន​របស់​ Mardy Fish​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដំ​បូន្មាន​ពី​វេជ្ជ​បណ្ឌិត​ប្រ​កួត​។ កីឡាកររូបនេះ​ត្រូវ​គេ​ដឹង​ថា​ ធ្លាប់​បាន​វះ​កាត់​បេះ​ដូង​ ។​
​នៅ​វគ្គ​បន្ទាប់​ ហ្វេដឺរ័រ​នឹង​ប៉ះ​ជា​មួយ​កីឡាករ Tomas Berdychដែល​បាន​បំ​បាក់​កីឡាករ​អេស្ប៉ាញ Nicolas Almagroក្នុង​លទ្ធផល ៧-៦,៦-៤​និង​៦-១ ។​
លទ្ធ​ផល​ដែល​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​នៃ​ការ​ប្រកួត​គូ​ផ្សេង​ទៀត​មាន​ដូចជា​ នាង​សារ៉ា​ប៉ូ​វ៉ា​បាន​យក​ឈ្នះ​កីឡាការិនី​មិត្ត​រួម​ជាតិ​ Nadia Petrova​ក្នុង​លទ្ធផល​៦-១, ៤-៦​និង ៦-៤ ។ បើ​គិត​ពី​ឆ្នាំ​២០០៦​មក នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​កីឡាការិនី​រុស្ស៊ី​រូបនេះ​ឆ្លង​ផុត​ជុំ​ទី​៤ក្រប​ខណ្ឌ U.S Open ។ ​
ថ្លែង​ក្រោយ​ពី​បញ្ចប់​ការ​ប្រ​កួត​ដែល​ចំ​ណាយ​ពេល​អស់​៧៣​នា​ទី សារ៉ា​ប៉ូ​វ៉ា​បាន​ថ្លែង​ថា​៖«ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ ។ វា​បាន​ខក​ខាន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ។ នេះ​ពិត​ជា​ដំ​ណាក់​កាល​ដ៏​ពិ​សេស​មួយ »។
​នៅ​វគ្គ​បន្ទាប់​ នាង​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាការិនី​បា​រាំង Marion Bartoliដែល​បាន​បំ​បាក់​កីឡាការិនី​ឆែក​ប៉េត្រា គ្វី​តូ​វ៉ា​ក្នុង​លទ្ធផល ១-៦,៦-២,និង​៦-០ ។​
ដូច​គ្នា​នេះ​ដែរ កីឡាការិនី​លំ​ដាប់​ទី​១​ពិភពលោក​សញ្ជាតិ​បេឡា​រុស​វិច​តូ​រី​យ៉ា អា​ហ្សារេន​កា​ក៏​បាន​ឆ្លង​ផុត​ជុំ​ទី​៤​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំ​បូង​ផង​ដែរ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាការិនី​ហ្សក​ហ្ស៊ី​ Anna Tatishvili ក្នុង​លទ្ធផល​៦-២​និង​៦-២ ។ នៅ​វគ្គ​បន្ទាប់​ នាង​នឹង​ប៉ះ​ជា​មួយ​កីឡាការិនី​ការ​ពារ​ជើង​ឯក​ជាតិ​អូ​ស្ត្រា​លី​សាម៉ាន់​ថា ស្តូ​សួ​ ។
​អា​ហ្សា​រេន​កា​​បាន​ថ្លែង​ថា ៖«ក្នុង​នាម​ជា​អ្នក​ការ​ពារ​ជើង​ឯក​ នាង​ពិត​ជា​មាន​​ការ​លើក​ទឹក​ចិត្ត​ច្រើន​ ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​ក៏​មិន​ខុស​ពី​នាង​ដែរ ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​ឈាន​ចូល​ដល់​វគ្គ​១/៤ផ្តាច់​ព្រ័ត្រ​ U.S Open» ៕