ខេត្តរតនគិរី ៖ មនុស្សម្នាក់បានបាត់ក្នុងទឹកបឹងកន្សែងព្រឹកឡើងទើបរកសពឃើញដោយសារជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២ កញ្ញា ២០១២ នៅចំណុចមាត់បឹងកន្សែង ស្ថិតក្នុងភូមិ៧ សង្កាត់បឹងកន្សែង ក្រុងបានលុង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ូលិសចរាចរជើងគោកខេត្តឱ្យដឹងថា រថយន្តដែលក្រឡាប់នោះម៉ាកតាកូម៉ា ពណ៌ខៀវ ២កឹបជិះគ្នា២នាក់ ទី១មានឈ្មោះអាង វ៉ាងតឹក ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម នៅរស់ជាកម្មករ និងទី២ឈ្មោះចិន ចុង ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិវៀតណាម និងជាអ្នកបើកបរបានស្លាប់ក្នុងទឹកបឹងកន្សែងជាមេការដាំដុះកៅស៊ូឱ្យក្រុមហ៊ុនដីសម្បទានមួយកន្លែងមានទីតាំងនៅស្រុកវេនសែ ។ មន្ត្រី ប៉ូលិសដដែលបានបន្តទៀតថា តាមការបំភ្លឺពីអ្នករួមដំណើរឈ្មោះអាង វ៉ាងតឹក ឱ្យដឹងថា មុនពេលកើតហេតុខ្លួនមានគ្នា៥-៦នាក់ធ្វើការនៅក្រុមហ៊ុនជាមួយគ្នាបាននាំគ្នាចូលទៅផឹកស៊ីនៅហាងមួយកន្លែង រហូតម៉ោង១ទើបឈប់ រួចខ្លួន និងជនរងគ្រោះមានបំណងបើករថយន្តទៅក្រុមហ៊ុនវិញ ដោយបើកស្របមាត់បឹងកន្សែងក្នុងល្បឿនលឿន និងអ្នកបើកបរស្រវឹងផងនោះធ្វើឱ្យរថយន្តរេចង្កូតក្រឡាប់៣-៤ត្រឡប់ធ្លាក់ចូលទៅក្នុងទឹកបឹងនោះតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ