រាជធានីភ្នំពេញ ៖ រថយន្តដឹកខ្សាច់ហូរទឹកប្រឡាក់ផ្លូវចំនួន៤គ្រឿងត្រូវបានអាជ្ញាធរខណ្ឌទួលគោក ដឹកនាំដោយលោកសាំង សុភៈវិចិត្រ អភិបាលរងខណ្ឌចុះស្ទាក់ចាប់បញ្ជូនទៅកាន់សាលាខណ្ឌដើម្បីសុំគោលការណ៍ពីសាលារាជធានីភ្នំពេញ ចាត់វិធានការតាមនីតិវិធី ។ ការចុះចាប់រថយន្តល្មើសនឹងការណែនាំនេះបានធ្វើឡើងកាលពីព្រឹក និងល្ងាចថ្ងៃទី១ កញ្ញា ២០១២ នៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ឃាត់បាន២គ្រឿង និងតាមផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ឃាត់បាន២គ្រឿងសរុបទាំងអស់៤គ្រឿង ។
លោកសាំង សុភៈវិចិត្រ បានឱ្យដឹងថា ការចុះចាប់ឃាត់រថយន្តដឹកខ្សាច់ហូរទឹកប្រឡាក់ពេញផ្លូវនេះធ្វើទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ ដែលហាមរថយន្តដឹកខ្សាច់មានទឹកហូរប្រឡាក់ពេញផ្លូវចូលរាជធានីភ្នំពេញ។ ម្យ៉ាងទៀតរថយន្តទាំងនេះសុទ្ធតែអត់មានច្បាប់អនុញ្ញាតឱ្យចូលក្រុង និងមិនត្រឹមតែដឹកខ្សាច់ហូរទឹកប្រឡាក់ផ្លូវនោះទេ គឺខ្លះពុំបានគ្របតាមការណែនាំរបស់សាលារាជធានីភ្នំពេញទៀតផង ។
លោកសាំង សុភៈវិចិត្រ បានឱ្យដឹងទៀតថា កន្លងមកដោយមានការណែនាំពីលោកសេង រតនៈ អភិបាលខណ្ឌទួលគោក លោករួមជាមួយសង្កាត់បានចុះណែនាំ និងធ្វើកិច្ចសន្យាចំពោះរថយន្តដឹកខ្សាច់ឱ្យសុំច្បាប់ពីសាលារាជធានីភ្នំពេញ និងហាមដឹកខ្សាច់មានទឹកហូរចូលក្រុងដែលនាំឱ្យប្រឡាក់ផ្លូវ ព្រមទាំងសុំឱ្យគ្របឱ្យបានត្រឹមត្រូវ តែម្ចាស់មិនស្តាប់តាមការណែនាំនៅតែដឹកខ្សាច់មានទឹកហូរ ហើយរថយន្តពុំមានច្បាប់ទើបអាជ្ញាធរឃាត់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ