រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីសហព័ន្ឋកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនឈុតធំនឹងមកដល់ព្រលានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣ កញ្ញា នេះ ដើម្បីចូលរួមប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំនៅពហុកីឡដ្ឋានជាតិអូឡំាពិក ដែលតាមគម្រោងនឹងប្រកួតនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៥កញ្ញាខាងមុខ។
នេះជាការប្រកួតកម្តៅសាច់ដុំ និងដកស្រង់បច្ចេកទេសបទពិសោធន៍ មុនពេលទៅចូលរូមប្រកួតជម្រុះពានរង្វាន់ Suzuki Cup 2012 ដែលនឹងធ្វើឡើងនៅខែតុលា ២០១២ នៅប្រទេសភូមា ។ ការប្រកួតជម្រុះពានរង្វាន់ Suzuki Cup 2012 នេះ មានប្រទេស៥ ដែលមានសមត្ថភាពខាងបាល់ទាត់កម្រិតទាបក្នុងតំបន់ចូលរួម ក្នុងនោះមានប្រទេស ភូមា ជាម្ចាស់ផ្ទះ កម្ពុជា ឡាវ ប្រ៊ុយណេ និងប្រទេសទីម័រខាងកើត ។
ការជួបគ្នាទំាងនៅស៊ីហ្កេម ឬ នៅក្នុងព្រឹត្តិការណ៏ Suzuki Cup នាពេលកន្លងមក កម្ពុជា និងហ្វីលីពីន មានឈ្នះ មានចាញ់ និងស្មើគ្នា មិនមានក្រុមណាក្លាំងជាងក្រុមណាប៉ុន្មានឡើយ ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនឈុតធំ មានការរីកចម្រើន និងមានកីឡាករបរទេសសញ្ជាតិហ្វីលីពីនចូលលេងច្រើនផងដែរ រហូតធ្វើឲ្យប្រទេសហ្វីលីពីនជាប់ជាស្វ័យប្រវត្តិមិនចំាបាច់ឆ្លងកាត់វគ្គជម្រុះ ។
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំនៅពេលនេះ បង្ហាត់ដោយលោកហុក សុចិត្រាដែលជាអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជាដែលមានឈ្មោះល្បី ក្នុងស្រុក និង ធា្លប់បានជាប់ឈ្មោះជាខ្សែប្រយុទ្ធល្អមួយរូបនៅអាស៊ីផងដែរកាលពីឆ្នាំ១៩៩៧ ។
គួររំលឹកថា ការប្រកួតជម្រុះពានរង្វាន់ Suzuki Cup ឬ ជើងឯកអាស៊ាន កាលពីឆ្នាំ២០១០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនំារបស់ លោក Lee Tae Hoon ជនជាតិកូរ៉េខាងត្បូងកន្លងមក គឺក្រុមកម្ពុជា និងឡាវ បានឆ្លងកាត់វគ្គជម្រុះនេះ ហើយបានចូលរួមប្រកួតជាមួយក្រុមខ្លាំងក្នុងតំបន់ចំនួន៦ប្រទេសទៀត ដែលឈរចំារស្រេចរួមមាន ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី និង ប្រទេសភូមា ។
ចាំមើលថាតើលោកហុក សុចិត្រា ដែលជាគ្រូជម្រើសជាតិឈុតធំកម្ពុជា អាចដឹកនំាក្រុមកម្ពុជាឱ្យឈ្នះក្រុមហ្វីលីពីន ក្នុងការប្រកួតមិត្តភាពនៅវេលាល្ងាចថ្ងៃទី៥ កញ្ញា ២០១២ខាងមុខនេះ និងអាចឆ្លងផុតវគ្គជម្រុះពានរង្វាន់ Suzuki Cup 2012 ដែលនឹងចាប់ផ្តើមការប្រកួតនៅខែ តុលា ខាងមុខ ក្នុងប្រទេសភូមា បានដែរ ឬ ទេ ?
ចែករំលែកព័តមាននេះ