រាជធានីភ្នំពេញ ៖ ការប្រកួតដណ្ដើមខ្សែក្រវាត់ K-cement ទម្ងន់៦៥គីឡូក្រាមនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍ លេខ៥ កាលពីថ្ងៃអាទិត្យ ទី២ កញ្ញា អ្នកស្នេហាកីឡាប្រដាល់តិចណាស់ដែលជឿថា កីឡាករ ផល សុផាត មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ អាចក្លាយជាម្ចាស់ជើងឯកលើកីឡាករ សៅ ប៊ុននឿន មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ដែលខ្លួនធ្លាប់ចាញ់ ។
ម៉្លោះហើយ ទើបម្នាក់ៗស្ទើរតែហើបគូទពីកៅអីនៅពេលឃើញផល សុផាត អាចបំបែកស្នៀតដ៏មានឥទ្ធិពលរបស់ សៅ ប៊ុននឿន ហើយវាយសម្រុកលើគូសងសឹករូបនេះមិនប្រណីរហូតគេដណ្ដើមបានខ្សែក្រវាត់ ។ ហេតុផលតែមួយគត់ ដែលធ្វើឱ្យមហាជនភាគច្រើនមានសុទិដ្ឋិនិយមថា ខ្សែក្រវាត់ K-cement ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នឹងធ្លាក់ក្នុងដៃកីឡាករខ្លាចាស់សៅ ប៊ុននឿន ដោយសារតែបច្ចេកទេសក្នុងការប្រកួតរបស់កីឡាកររូបនេះ គឺពិបាកឲ្យគូប្រកួតរបស់ខ្លួនទប់ជាប់ណាស់។
ជាក់ស្ដែងនៅពេលលោកទាត់ កែង និងការវាយសម្រុកដោយប្រើម៉ាត់ម្ដងៗ គឺគ្មានគូប្រកួតណាមួយមិនតក់ស្លុតនោះទេ ខណៈដែលបទពិសោធន៍ប្រកួតរបស់ សៅ ប៊ុននឿន ទាំង២១៩ដងកន្លងមក គឺមានតែ៣២ដង ទទួលបរាជ័យ ។ មិនត្រឹមតែអ្នកទស្សនាផ្ទាល់ប៉ុណ្ណោះទេ ពោលគឺសូម្បីតែអ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ ក៏លម្អៀងដូចគ្នានេះដែរ ដោយពួកគេផ្ដល់ប្រាក់ឧបត្ថម្ភឲ្យតែកីឡាករ សៅ ប៊ុននឿន ប៉ុណ្ណោះ ។ តាំងពីមុនពេលប្រកួតរហូតដល់ចុងទឹកទី២ គេឮតែឧកញ៉ានេះ អ្នកជំនួញនោះ ឧបត្ថម្ភប្រាក់២០ដុល្លារ ៥០ដុល្លារ និង១០០ដុល្លារជាហូរហែ លើកទឹកចិត្តដល់កីឡាករ សៅ ប៊ុននឿន ។
ចំណែកកីឡាករ ផល សុផាត គឺមិនឮគេផ្តល់ប្រាក់ឧបត្ថម្ភសោះ ដែលទំនងជាថា អ្នកទស្សនាមិនជឿជាក់លើសមត្ភាពរបស់លោកក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់លើកនេះ ។ ទោះយ៉ាងណា ពេលចូលដល់ទឹកទី៣ កីឡាករ ផល សុផាត បានប្រដៅគូសងសឹករបស់ខ្លួនមិនឲ្យតដៃរួចឡើយ ដោយលោកទាត់ផង ម៉ាត់ឆ្វេងផង ម៉ាត់ស្ដាំផងហើយធ្វើឲ្យអ្នកទស្សនាកាន់តែមើលឃើញពីការ ចាញ់ប្រៀបរបស់ សៅ ប៊ុននឿន ។ សម្រែកហ៊ោកញ្ជ្រៀវបានបន្លឺឡើងយ៉ាងកងរំពងនៅពេលការប្រកួតរបស់ ផល សុផាត កាន់តែធ្វើឲ្យកីឡាករ សៅ ប៊ុននឿន ទក់សាច់ ស្ទើរតែទប់ស្មារតីក្នុងការប្រកួតលែងជាប់ ។ បើទោះជានៅទឹកទី៤ សៅ ប៊ុននឿន បានវាយសម្រុកធ្វើឲ្យផល សុផាត ប៊ិះសន្លប់ ក៏ផល សុផាត នៅតែមានសំណាងព្រោះគេទន់ខ្លួនចំពេលស្នូរជួងសម្រាក ទើបធ្វើឲ្យគេសន្សំកម្លាំងបានដូចដើម ហើយកាន់តែខ្លាំងនៅទឹកទី៥ ។
ទីបំផុតកីឡាករផល សុផាត បានក្លាយជាម្ចាស់ខ្សែក្រវាត់ K-cement ដូចការគ្រោងទុក ហើយបំបាក់គូសងសឹកចាស់ គឺកីឡាករ សៅ ប៊ុននឿន ឲ្យខកបំណង។ មុនជួបប្រកួតគ្នាក្នុងវគ្គដណ្ដើមខ្សែក្រវាត់នេះ កីឡាករទាំងពីរធ្លាប់ជួបប្រកួតគ្នារួចម្ដងហើយកាលពីឆ្នាំ២០០៣ ដោយពេលនោះ សៅ ប៊ុននឿន បានបំបាក់កីឡាករ ផល សុផាត យ៉ាងទក់សាច់ បើទោះជាកីឡាកររូបនេះ បានស៊ូទ្រាំរហូតដល់ទឹកទី៥ ។ លទ្ធផលប្រែប្រួលនេះ មិនត្រឹមតែបង្ហាញថា ផល សុផាត ដណ្ដើមបានខ្សែក្រវាត់ K-cement ពី សៅ ប៊ុននឿន ប៉ុណ្ណោះទេ ប៉ុន្តែក៏មានន័យថា ផល សុផាត សងសឹកបានសម្រេចលើគូសងសឹកចាស់របស់ខ្លួនផងដែរ ។
ផល សុផាត អះអាងថា សរុបទាំងខ្សែក្រវាត់ K-cement នេះផង លោកក្ដោបក្ដាប់បានខ្សែក្រវាត់ជាជើងឯកចំនួន៣ហើយ ដោយខ្សែក្រវាត់ ទី១គឺរបស់ក្រុមហ៊ុនស្រាពពែមាស នៅស្ថានីយទូរទស្សន៍បាយ័ន ទី២ខ្សែក្រវាត់របស់ក្រុមហ៊ុនទឹកបរិសុទ្ធស៊ុបពើហាយធិចរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ និងចុងក្រោយនេះ គឺខ្សែក្រវាត់ជើងឯករបស់ក្រុមហ៊ុន K-cement របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ។ ផល សុផាត ទទួលបានទឹកប្រាក់៧លានរៀលបន្ថែមពីលើខ្សែក្រវាត់១ ហើយនៅថ្ងៃទី២២ កញ្ញា លោកនឹងតំណាងឲ្យម្ចាស់ខ្សែក្រវាត់ K-cement ប្រកួតជាលក្ខណៈមិត្តភាពជាមួយកីឡាករបរទេសដែលជាជនជាតិថៃ ឬបារាំង។
ដោយឡែកកីឡាករ សៅ ប៊ុននឿន ដែលបានត្រឹមចំណាត់ថ្នាក់លេខ២ បានទទួលពានមួយ និងទឹកប្រាក់ចំនួន៣លានរៀល ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករយឹម ឌៀប មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ទទួលបានប្រាក់១លានកន្លះ និងចំណាត់ថ្នាក់លេខ៤ បានទៅលើកីឡាករវ័យក្មេង ឡុង សុវណ្ណពៅ មកពីក្លិបសាលវ័ន្តកីឡា ទទួលបានទឹកប្រាក់ចំនួន៦០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ