រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសស៊េរីអ៊ែរអិុច៣០០ ពណ៌ខ្មៅ មួយគ្រឿង ទំនងជាស្រវឹងធ្លាក់ភ្នែកបើកដោយស្ត្រីម្នាក់បានបោលទៅបុករបាំងដែកចែកផ្លូវនៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីមុខក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣ កញ្ញា ២០១២ ។
ខណៈពេលដែលរថយន្តឡិចស៊ីសចងកំហឹង នឹងរបាំងដែកចែកផ្លូវនោះរថយន្តក៏បានបែកកង់ខាងឆ្វេង និងខូចខាតផ្នែកខាងមុខ ទើបទៅមុខលែងរួចហើយឃើញមានមនុស្សប្រុស-ស្រី៤នាក់បើកទ្វាររថយន្តចេញមកខាងក្រៅ និងព្យាយាមដោះដូរកង់បម្រុងបើកគេចខ្លួនតែត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចកមកដល់ចំណុចកើតហេតុ ។
ស្ត្រីម្នាក់ដែលបានរួមដំណើរជាមួយរថយន្តបង្កខាងលើនិយាយថា អ្នកបើកបររថយន្តឡិចស៊ីសជាស្ត្រីមុនពេលជួបគ្រោះថ្នាក់ចរាចរណ៍នេះពួកគេទើបតែមកពីផ្ទះបងប្អូនម្ចាស់រថយន្តនៅម្តុំវត្តសារ៉ាវ័ន ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្រោយមកក៏នាំគ្នាធ្វើដំណើរត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបែកកង់ខាងឆ្វេងស្របពេលមេឃភ្លៀងផងនោះ ធ្វើឱ្យរេចង្កូតទៅបុករបាំងដែកចែកផ្លូវតែម្តង បើទោះបីជាអ្នកបើកបរខិតខំទាញចង្កូតបញ្ច្រៀសកុំឱ្យបុករបាំងដែកក៏ដោយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ