ខេត្តព្រះសីហនុ ៖ រថយន្តរាប់រយគ្រឿងតម្រៀបជួរគ្នាបានកកស្ទះទៅមុខមិនរួច នៅលើកំណាត់ផ្លូវជាតិលេខ៣ពីវាលរេញទៅទីរួមខេត្តកំពត ត្រង់ចំណុចស្ពានព្រែកទាល់ ស្ថិតក្នុងភូមិព្រែកទាល់ឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយសារតែរថយន្តដឹកកុងតឺន័រមួយគ្រឿងក្រឡាប់នៅលើដងផ្លូវ កាលពីថ្ងៃទី៣១ សីហា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ការកកស្ទះចរាចរណ៍ បណ្តាលមកពីរថយន្តដឹកកុងតឺន័រមួយគ្រឿងក្រឡាប់នេះ គឺតាំងពីថ្ងៃទី៣១ សីហា កន្លងមក ឯរថយន្តស្ទូចមួយគ្រឿងដែលមកស្ទូចកុងតឺន័រនោះក៏បានខូចនៅទទឹងផ្លូវក្បែរកុងតឺន័រនោះដែរ ។ ប្រភពបន្តថា ការកកស្ទះនេះ គឺបានកើតឡើងតាំងពីថ្ងៃដែលរថយន្តដឹកកុងតឺន័រក្រឡាប់ម៉្លេះ ហើយចំណុចកើតហេតុនោះផ្លូវជាតិមានការខូចខាតយ៉ាងខ្លាំងមានជង្ហុកជ្រៅៗ តែការកកស្ទះខ្លាំងបំផុតនោះ គឺនៅព្រឹកថ្ងៃទី២ កញ្ញា តែក្រោយមកក៏មានការធូរស្រាលវិញ ដោយសាររថយន្តស្ទូចត្រូវបានគេយកចេញទៅបាត់ ។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣ពីវាលរេញទៅខេត្តកំពត កំពង់ទទួលរងការខូចខាតយ៉ាងខ្លាំង ដែលការខូចខាតនេះ បណ្តាលមកពីរថយន្តធុនធំៗដឹកឆ្លងកាត់ច្រើនពេក ។តាមប្រភពព័ត៌មានចេញពីមន្ត្រីសាធារណៈការ និងដឹកជញ្ជូនខេត្តបានឱ្យដឹងថា ផ្លូវមួយខ្សែនេះកំពុងមានការជួសជុលតែដោយអាកាសធាតុមិនអំណោយផលភ្លៀងធ្លាក់យ៉ាងខ្លាំង ទើបផ្អាកការជួសជុលសិន ៕
ចែករំលែកព័តមាននេះ