ក្រោយពីដណ្តើមជើងឯកចំនួន២ក្របខណ្ឌ កាលពីរដូវកាល ២០១១-២០១២ កន្លងមក លោករ៉ូម៉ាន់ អាប្រាម៉ូវិច មហាសេដ្ឋីជនជាតិរុស្ស៊ី និងជាម្ចាស់ក្លិប Chelsea បានធ្វើការពង្រឹងក្លិបក្នុងគោលបំណងការពារជើងឯក និងបង្កើនស្ថានភាពរឹងមាំរបស់ក្លិប ។ ទីផ្សារទិញលក់កីឡាករនៅក្នុងរដូវក្តៅបានបិទ ដោយក្លិបតោខៀវ Chelsea បានទិញកីឡាករចំនួន៦រូប ហើយបើតាមរបាយការណ៍របស់កាសែតដឹសាន់ បានធ្វើការបា៉ន់ស្មានតម្លៃខ្លួនរបស់កីឡាករដែលក្លិបនៅក្របខណ្ឌប្រឺមីញេលីកមួយនេះទិញ ឃើញថា ក្លិប Chelsea បានចំណាយប្រាក់ក្នុងរដូវកាលនេះ សរុបប្រហែល៨៣លានផោន ។
ចំណែកលំដាប់ទី២ ជាតំណែងរបស់ក្លិប Spure ដែលក្រោយពីប្តូរគ្រូបង្វឹកឃើញថា ក្លិបបានចំណាយប្រាក់ទិញកីឡាករចំនួន៦រូប ក្នុងទឹកប្រាក់ប្រហែល៥៤,៧លានផោន ។ រីឯក្លិប Man City ជាជើងឯកក្នុងក្របខណ្ឌប្រឺមីញេលីក កាលពីរដូវកាលមុន ចំណាយប្រាក់ចំនួន៥២លោកផោនទិញកីឡាករសម្រាប់ពង្រឹងក្លិបចំនួន៦នាក់ ស្ថិតនៅលំដាប់ទី៣ លើតួលេខចំណាយក្នុងការទិញ និងទី៤ គឺក្លិប Man Utd ទិញកីឡាករចំនួន៣រូបក្នុងទឹកប្រាក់៤០លានផោន ។
ចំណែកក្លិបហង្សក្រហម Liverpool ចំណាយប្រាក់ប្រហែល២៧,៨លានផោន លើការទិញ និងខ្ចីកីឡាករនូរី សាហីុន មកពីក្លិប Real Madrid ដោយស្ថិតនៅលំដាប់ទី៥ ៕
ចែករំលែកព័តមាននេះ