យុទ្ធនាការការពារជើងឯកឆ្នាំចាស់របស់កីឡាករជើងខ្លាំងលំដាប់ពិភពលោកណូវ៉ាក់ យ៉ូកូវិចកំពុងតែដំណើរការទៅមុខជាបណ្តើរៗហើយខណៈកាលពីថ្ងៃអាទិត្យទី២កញ្ញា គេបានបំបាក់កីឡាករបារាំង Julien Benneteauក្នុងលទ្ធផល៣សិតផ្ទួនៗ ។ ការប្រកួតត្រូវបានធ្វើនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ។
យ៉ូកូវិចបានយកឈ្នះBenneteauក្នុងលទ្ធផល៦-៣,៦-២និង៦-២ឆ្លងចូលជុំទី៤ដោយក្តីរីករាយ ។ឆ្លងកាត់អស់៣ប្រកួតមកនេះ យ៉ូកូវិចតែងបានបំបាក់គូប្រកួតមិនឱ្យតដៃបានគ្រប់សិតទាំងអស់។ នេះមានន័យថា គេមិនបានចាញ់មួយសិតណាឡើយ ។ គេបានថ្លែងថា៖«ជាធម្មតា ខ្ញុំមិនចូលចិត្តប្រកួតនៅថ្ងៃទី១ទេ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការចាប់ផ្តើមក្នុងភាពជាអ្នកខ្លាំងជាពិសេសការលេងឱ្យបានល្អបំផុតគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំ »។
នៅជុំបន្ទាប់ កីឡាករស៊ែប៊ីរូបនេះនឹងប៉ះជាមួយជើងខ្លាំងរបស់ស្វ៊ីស Stanislas Wawrinkaដែលបានបំបាក់កីឡាករអ៊ុយក្រែន Alexandr Dolgopolovក្នុងលទ្ធផល ៦-៤,៦-៤និង៦-២ ។សម្រាប់Benneteauដែលស្ទើរតែបានធ្វើឱ្យកីឡាករលំដាប់ទី១ពិភពលោករ៉ូជើ ហ្វេដឺរ័រចាញ់នៅក្នុងក្របខណ្ឌធំ Wimbledonឆ្នាំនេះ មិនដែលធ្លាប់ធ្វើឱ្យយ៉ូកូវិចមានបញ្ហាក្នុងការជួបគ្នានៅទីលាន Arthur Ashe Stadiumនេះទេ ។ នៅក្នុងការប្រកួតដែលបានចំណាយពេលអស់១ម៉ោងនិង៣៧នាទីលើកនេះ រូបគេមិនអាចស៊ូបាននឹងកម្លាំងដ៏ខ្លាំងរបស់យ៉ូកូវិចឡើយ ។
ចំណែកកីឡាករអាមេរិកអ៊ែនឌី រ៉ូឌិកដែលបញ្ជាក់ថា ខ្លួននឹងចូលនិវត្តន៍បន្ទាប់ពីបញ្ចប់ក្របខណ្ឌនេះក៏បានឈានចូលជុំទី៤ផងដែរបន្ទាប់ពីបានយកឈ្នះកីឡាករ Fabio Fognini ក្នុងលទ្ធផល ៧-៥ ,៧-៦, ៤-៦និង៦-៤ ។ នៅជុំបន្ទាប់ គេនឹងប៉ះជាមួយកីឡាករអាហ្សង់ទីនចូអាន ម៉ាទីនឌែល ប៉ូត្រូ។ ប៉ូត្រូដែលជាម្ចាស់ពានក្របខណ្ឌនេះកាលពីឆ្នាំ២០០៩បានយកឈ្នះកីឡាករមិត្តរួមជាតិ Leonardo Mayerក្នុងលទ្ធផល ៦-៣, ៧-៥និង៧-៦ ។
កីឡាករលំដាប់ទី៤ក្នុងកម្មវិធី David Ferrerបំបាក់កីឡាករអូស្ត្រាលីឡីតុន ហេវីតម្ចាស់ជើងឯកក្របខណ្ឌនេះឆ្នាំ២០០១ក្នុងលទ្ធផល ៧-៦,៤-៦, ៦-៣និង៦-០ ។ នៅជុំបន្ទាប់ គេនឹងប៉ះជាមួយកីឡាករបារាំង Richard Gasquet ដែលបានឆ្លងផុតជុំទី៣ក្រោយពីបំបាក់កីឡាករអាមេរិក Steve Johnsonក្នុងលទ្ធផល ៧-៦,៦-២និង៦-៣ ។
ចំណែកនៅមុននេះ រ៉ូជើ ហ្វេដឺរ័រនិងកីឡាការិនីអាមេរិកស៊េរីណា វីលៀមទាំងពីរនាក់ក៏បានឈានចូលដល់ជុំទី៤ផងដែរ ។
ហ្វេរដឺរ័រដែលកំពុងតែព្យាយាមយកឈ្នះពានជើងឯក US Openជាលើកទី៦នោះបានយកឈ្នះកីឡាករអេស្ប៉ាញ Fernando Verdasco ក្នុងលទ្ធផល៦-៣,៦-៤ និង៦-៤ខណៈនាងស៊េរីណា វីលៀមដែលធ្លាប់បានយកឈ្នះពានជើងឯកក្របខណ្ឌធំនេះ៣លើករួចមកហើយនោះយកឈ្នះកីឡាការិនីរុស្ស៊ី Ekaterina Makarovaក្នុងលទ្ធផល៦-៤និង៦-០។
នៅជុំបន្ទាប់គេនឹងជួបប្រកួតជាមួយកីឡាករអាមេរិក Mardy Fishឬកីឡាករបារាំង Gilles Simon ។ សូមបញ្ជាក់ថា ហ្វេដឺរ័រធ្លាប់បានយកឈ្នះពានជើងឯកក្របខណ្ឌនេះចំនួន៥លើករួចមកហើយគឺនៅឆ្នាំ ២០០៤, ២០០៥, ២០០៦, ២០០៧និង២០០៨ ខណៈនាងស៊េរីណានឹងជួបប្រកួតជាមួយកីឡាការិនីឆែក Andrea Hlavackovaដែលបានយកឈ្នះកីឡាការិនីរុស្ស៊ី Maria Kirilenkoក្នុងលទ្ធផល៥-៧,៦-៤និង៦-៤ ។កីឡាការិនីលំដាប់ទី២ក្នុងកម្មវិធី អានីយ៉េស្កា រែដវ៉ាន់ស្កាបានតស៊ូជម្នះនឹងកំដៅរហូត
បំបាក់កីឡាការិនីស៊ែប៊ីជេឡេណា ជែនកូវិចក្នុងលទ្ធផល ៦-៣និង៧-៥ ។ ថ្លែងបន្ទាប់ពីដណ្តើមបានជ័យជម្នះ កីឡាការិនីប៉ូឡូញរូបនេះបានបញ្ជាក់ថា ៖«ខ្ញុំមានអារម្មណ៍ដូចជាត្រូវរលាយខ្លួនក្នុងពេលស្ថិតនៅលើទីលានប្រកួត ។
តែទោះជាក្តៅខ្លាំងយ៉ាងណា ខ្ញុំនៅតែសង្គ្រោះការប្រកួតបាន» ។ឈានចូលជុំទី៤នោះផងដែរមានកីឡាការិនីស៊ែប៊ីអាណា អុីវ៉ាណូវិច កីឡាការនីអុីតាលីRoberta Vinci កីឡាការិនីអាល្លឺម៉ង់ Angelique Kerber កីឡាការិនីឆែក Andrea Hlavackova និងកីឡាការិនីប៊ុលហ្គារី Svetana Pironkova ៕
ចែករំលែកព័តមាននេះ