ខេត្តកំពត ៖ ក្មេងទំនើងពីរក្រុមមានគ្នា ១១នាក់ បានបង្ករបួសស្នាមក្នុងពេលរាំធុងបាស់ក្នុងពិធីបុណ្យកំសាន្តក្នុងភូមិគីឡូលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ កាលពី វេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២១ មករា។ ជាធម្មតា ប្រជាពលរដ្ឋភូមិគីឡូលេខ១២ ឃុំកោះតូច តែងប្រារព្ធធ្វើបុណ្យនេះជារៀងរាល់ឆ្នាំ ក្រោយពីច្រូតកាត់ប្រមូលផលស្រូវរួចរាល់ ហើយក៏មានចាក់ធុងបាស់ឱ្យប្រជាពលរដ្ឋរាំលេងកំសាន្តផងដែរ ។
នាយប់នោះពេលធុងបាស់ចាក់បទរាំវង់ រាំក្បាច់ ឡាំលាវ តាមប្រពៃណីខ្មែរ គេពុំឃើញអ្នកណាជាន់ជើងគ្នាទេ ប៉ុន្តែគ្រាន់តែបទញាក់ភ្លាម គេឃើញក្មេងទំនើងចូលប្រសាចពីគ្រប់ទិសដូចហ្វូងគោ រួចពួកគេសុទ្ធតែមានបក្សពួកជាក្រុមៗ រាំបញ្ចេញអំនួតកាច់គ្នាចុះឡើងជាន់ជើងគ្នា ក៏បង្កជាជំលោះវាយតប់គ្នារត់ផ្អើលពេញវង់រាំ ដោយខ្លះកាន់ដំបង ខ្លះកាន់កាំបិត ខ្លះទៀតក៏ដៃទទេ ។ មួយសន្ទុះក្រោយមក គេឮសំលេងអ្នកស្រែកឱ្យគេជួយ ហើយក្រោយពីក្រុមក្មេងទំនើងបំបែកគ្នាបាត់អស់គេឃើញមានអ្នករងគ្រោះដោយកាំបិតប៉័ងតោម្នាក់រងរបួសដៃឆ្វេងត្រូវបានក្រុមគ្រួសារដឹកយកទៅរកពេទ្យដេរទាំងយប់ ។
តាមប្រភពព័ត៌មានពីលោកនាយប៉ុសិ៍្តរដ្ឋបាលឃុំកោះតូចឱ្យដឹងថា ក្រោយពីក្មេងទំនើងទាំងពីរក្រុមវាយតប់គ្នាបង្ករបួសស្នាមរួចមក កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនខាងក្រុមបង្ករបួសបាន២នាក់គឺឈ្មោះទូច សាន ភេទប្រុស អាយុ២០ឆ្នាំ ជាជាងកាត់សក់ មានទីលំនៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ និងឈ្មោះឆែម ពែក ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនេសាទ ។ ជនទាំងពីរនាក់ត្រូវបានកំលាំងប៉ុសិ៍្តរដ្ឋបាលបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីសួរនាំ ។ រីឯជនរងគ្រោះដែលគេកាប់ឱ្យរបួសនេះឈ្មោះសន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំក្នុងភូមិគីឡូលេខ១២ រងរបួសដៃដេរ៤ថ្នេរ ។
លោកណុប ចាន់ភាព អធិការរងនគរបាលស្រុកទឹកឈូបានឱ្យដឹងថា ជនសង្ស័យឈ្មោះទូច សាន បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះនឹងកាំបិតប៉័ងតោឱ្យរងរបួសប្រាកដមែនក្នុងពេលឃើញបក្សពួកជនរងគ្រោះកំពុងវាយមិត្តខ្លួនម្នាក់ទៀត ឈ្មោះឆែម ពែក ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនមកជាមួយគ្នានេះ ។ ជនសង្ស័យទាំងពីរនាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ