ខេត្តកណ្តាល ៖ យុវជនម្នាក់បានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូចេញពីផឹកជាមួយពួកម៉ាកវិញ ត្រូវក្រុមជនដៃដល់ម្ខាងទៀត គប់ដុំថ្មចំក្បាល ។ ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ០១ និង ៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លើ ផ្លូវកៅស៊ូភ្នំលេខ១៥១ ភូមិផ្សារដែកក្រោម ឃុំផ្សារដែក ស្រុក ពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ យីម ខាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករឡឥដ្ឋ មានស្រុកកំណើតនៅភូមិ ឳម៉ាល់ ឃុំ បាធាយ ស្រុក បាធាយ ខេត្ត កំពង់ចាម បច្ចុប្បន្នស្នាក់នៅ ភូមិ ខ្លាត្រាំ ឃុំ កំពង់លួង ស្រុក ពញាឮ ខេត្ត កណ្តាល ។ ចំណែកជនសង្ស័យពុំស្គាល់អត្តញ្ញាណ មួយក្រុមមានគ្នាប្រហែល០៦នាក់ ភេទប្រុស ជិះម៉ូតូចំនួន០២គ្រឿង ។ នៅទីតាំងកើតហេតុ សមត្ថកិច្ចរកឃើញមាន ដុំថ្ម ចំនួន០២ដុំ , ស្បែកជើង ជំពាមពណ៌បៃតង ម៉ាកHavanas ជំហៀងខាងស្តាំ ចំនួន០១
ក្នុងនោះតាមការបញ្ជាក់ពីឈ្មោះ សុខ ប្រុសពេជ្រ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល បានឲ្យសមត្ថកិច្ចដឹងថា នៅមុនកើតហេតុថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩ និង ៣០នាទីយប់ រូបខ្លួននិងមិត្តភក្កិមានឈ្មោះ យឹម សុខខាវ ភេទ ប្រុស អាយុ១៧ឆ្នាំ , ឈ្មោះ ឌីណា ភេទប្រុស អាយុ១៩ឆ្នាំ , ឈ្មោះ លោះ ភេទប្រុស អាយុ២០ឆ្នាំ , ឈ្មោះ រ៉ា ភេទប្រុស អាយុ១៧ ឆ្នាំ , ឈ្មោះ រុំ ភេទប្រុស អាយុ១៦ឆ្នាំ និង ឈ្មោះ ខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូសរុបចំនួន០៤គ្រឿង ម៉ាកសង់C125 ចំនួន០៣គ្រឿង និងម៉ាក Beat ចំនួន០១គ្រឿង នាំគ្នាមកផឹកស៊ីនៅក្នុងភោជនីយដ្ឋាន បឹងផ្សារដែក ភូមិផ្សារដែកក្រោម ឃុំ ផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
លុះផឹករហូតដល់ប្រហែលវេលាម៉ោង ០០ និង ៤០នាទីឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ រូបខ្លួននិងមិត្តភក្កិបាននាំគ្នាឈប់ផឹកស៊ី រួចនាំគ្នាចេញទៅផ្ទះវិញ ដោយពេលនោះរូបខ្លួន បានជិះម៉ូតូម៉ាក សង់C125 ពណ៌ ខ្មៅផលិតឆ្នាំ ២០២៤ ឌុបគ្នាជាមួយជនរងគ្រោះឈ្មោះ យឹម ខាវ ។ ចំណែកបក្សពួករបស់ខ្លួន ជិះម៉ូតូចំនួន០៣គ្រឿងទៀត បានជិះចេញទៅមុនបាត់ ។ លុះពេលរូបខ្លួន និងជនរងគ្រោះឈ្មោះ យឹម ខាវ ជិះម៉ូតូចេញពីភោជនីយដ្ឋាន បឹងផ្សារដែក មកដល់ចំណុចខាងជើងបឹងផ្សារដែក បានប្រហែល៧០ម៉ែត្រ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល០៦នាក់ ជិះម៉ូតូចំនួន០៣គ្រឿង បានមកធ្វើសកម្មភាព យកដុំគប់ទៅលើរូបខ្លួន និងឈ្មោះ យឹម ខាវ បណ្តាលឲ្យត្រូវរបួសក្បាលរងបួស បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ បន្ទាប់ពីពិនិត្យស្ថានភាពរបួសរួច គ្រូពេទ្យបានឱ្យជនរងគ្រោះត្រឡប់ទៅផ្ទះវិញ តាមដានអាការៈជម្ងឺបន្ត ក្រោយមកនៅវេលាម៉ោង ០៦ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះឈ្មោះ យឹម ខាវ មានអាការៈ ថប់ទ្រូងហូរឈាមតាមមាត់ នឹងច្រមុះ ភ្លាមៗនោះក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮម្តងទៀត ពេលដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតែម្តង ។
លុះដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩ព្រឹក ឈ្មោះ យីម ចាន់រី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះមាន ទីលំនៅភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែក ប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម ដែលបានប្រើអំពើហិង្សាមកលើប្អូនប្រុសរបស់ខ្លួនឈ្មោះ យីម ខាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិខ្លាត្រាំ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បណ្តាលឲ្យរងរបួសក្បាល ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ កើតហេតុយប់ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៥ ប្រហែលវេលាម៉ោង០១ និង ១០ នាទីរំលងអាធ្រាត នៅចំណុចបឹងផ្សារដែក ភូមិ ផ្សារដែកក្រោម ឃុំ ផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ ដោយផ្នែកក្បាល មាន៖ស្នាមកោសរលាត់នៅក្រោមបបូរមាត់ខាងឆ្វេង,ស្នាមកោសរលាត់នៅលើស្លាបចុងច្រមុះ ,ស្នាមកោសរលាត់នៅក្រោមថ្ពាល់ខាងឆ្វេង ,ស្នាមកោសរលាត់នៅក្រោមចង្កាខាងឆ្វេង ,ដាច់លើបបូរមាត់ខាងក្រោម,ក្បាលប៉ោងផ្នែកខាងក្រោយ មានស្នាមរបួសក្បាល ចំនួន០៤ថ្នេរ (ដេរបិទជិតដោយគ្រូពេទ្យ) ផ្នែកដងខ្លួនវិញ មានស្នាមឈ្នូតខ្ទាំឈាមនៅលើខ្នងផ្នែកខាងឆ្វេង ចំនួន០៣ឈ្នូត ប្រវែង៩សង់ទីម៉ែត្រ និងស្នាមកោសរលាត់នៅដៃខាងស្តាំ ពីដើមដៃដល់កំពួនដៃ ស្នាមកោសរលាត់នៅលើកែងដៃខាងឆ្វេង នឹងកែងដៃខាងស្តាំ ស្នាមកោសរលាត់នៅលើជង្គុងខាងឆ្វេង នឹងជង្គុងខាងស្តាំ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ។
ដូច្នេះករណីនេះ តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេសខេត្ត ផ្នែកជំនាញ គ្រូពេទ្យ និងការពិនិត្យសាកសព សាកសពស្លាប់ដោយរងរបួលផ្នែកក្បាលធ្ងន់ធ្ងរ បណ្តាលមកពីប៉ះទង្គិចនឹងវត្ថុរឹង ហើយពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ដើម្បីតាមចាប់ក្រុមជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ និងប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ