ខេត្តកំពង់ស្ពឺ៖ ដោយសារតែភ្លើងប្រចណ្ឌឆាបឆេះធ្វើឱ្យយុវជនម្នាក់ត្រូវឃាត់ខ្លួន ខណៈដែលឃើញសង្សារបស់ខ្លួនជិះម៉ូតូជាមួយអ្នកផ្សេងទៀត ដោយទប់កំហឹងមិនបានស្ទាក់វាយនាងជាសង្សាបណ្តាលឱ្យត្រូវរបួសច្រើនដៃ នាងដាក់ពាក្យបណ្តឹងឱ្យនគរបាលឃាត់។
ករណីភ្លើងប្រចណ្ឌធ្វើឱ្យក្លាយទៅជាហិង្សាដោយចេតនាវាយសង្សាខ្លួនឯងនេះបានកើតឡើង កាលពីវេលាម៉ោង៦និង២០ព្រលប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវកែងក្នុងភូមិអកយំឃុំ ក្រាំងចេក ស្រុក សាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយឱ្យដឹងថា ជនសង្ស័យដៃដល់ដែលនគរបាលឃាត់ខ្លួនមានឈ្មោះ វន តាំងយុ ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅក្នុងភូមិអកយំ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
រីឯជនរងគ្រោះ មានឈ្មោះ លាង ស្រីវិ ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិអង្គ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ រងរបួសត្រូវចំនួន៧ដៃ .ត្រូវចំលើមុខនឹងហើមថ្ពាលខាងឆ្វេង(របួសស្រាល)។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្តថា នៅមុនពេលឈានដល់ការប្រើហិង្សានិងឃាត់ខ្លួនយុវជនខាងលើ គឺជនដៃដល់និងជនរងគ្រោះធ្លាប់ជាសង្សាគ្នា ហើយទាស់ពាក្យសម្តី ខ្វែងគំនិតក៏បែកផ្លូវគ្នា។ ដោយជនសង្ស័យដៃដល់ចិត្តមិនដាច់នៅតែស្រលាញ់សង្សា ហើយធ្លាប់បានឃើញនាង មានអ្នកផ្សេងឌុបទៀតផងនោះ កើតចិត្តខឹងគុំគួន រហូតស្ទាក់វាយនាងជាអតីតសង្សារបួសទៅ។ក្រោយកើតហេតុនាងបានដាក់ពាក្យបណ្តឹងឱ្យនគរបាលធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ជាអតីតសង្សា។
នគរបាលស្រុកសាមគ្គីមុនីជ័យបានបន្ថែមទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចនគរបាលបានហៅឈ្មោះ វន តាំងយុ មកសាកសួរ រូបគេ ជនសង្ស័យដៃដល់បានឆ្លើយសារភាពថារូបគេពិតជាបានស្ទាក់ម៉ូតូវាយទៅលើសង្សារបស់ខ្លួន ឈ្មោះ លាង ស្រីវិ និងគប់សោរម៉ូតូចោលពិតប្រាកដមែន។ ដោយសារតែខ្លួនឃើញប្រុសផ្សេងឌុបសង្សាររបស់ខ្លួនទប់កំហឹងមិនបាន ក្រោយពេលបែកគ្នាបានមួយរយះ ទើបកើតទុកមិនសុខចិត្តក៏បានស្ទាក់ម៉ូតូវាយទៅលើជនរងគ្រោះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យដៃដល់ខាងលើត្រូវបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យយកមកសាកសួរ និងបន្តបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចែករំលែកព័តមាននេះ