ខេត្តកណ្តាល ៖ ជន២នាក់បានធើ្វសកម្មភាពលួចកាច់សោ.កម៉ូតូនៅក្នុងផ្ទះសំណាក់ ហើយប៉ះចំម៉ូតូអ្នកស្គាល់គ្នា ក៏យកឱ្យម្ចាស់វិញ តែក៏ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះបានម្នាក់់ ចំណែកម្នាក់ទៀតរត់គេចខ្លួនរួច ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ វេលាម៉ោងប្រមាណ២និង៣០នាទីរំលងអធ្រាត្រ នៅផ្ទះសំណាក់«ជា សំណាង» ក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ម្នាក់ឈ្មោះ អុឹម យូសែប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដើរតុការ មានទីលំនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ
ដេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដកំពុងរត់គេចខ្លួន ។
បើតាមម្ចាស់ម៉ូតូ និយាយថា ខ្លួនបាននាំសង្សាទៅដេកនៅផ្ទះសំណាក់ខាងលើ ហើយទុកម៉ូតូនៅផ្ទះសំណាក់នោះដោយចាក់សោ.កត្រឹមត្រូវ ។ លុះនៅវេលារំលងអធ្រាត្រ ស្រាប់តែមានជន២នាក់គឺឈ្មោះ អុឹម យូសែប និងឈ្មោះដេត បាននាំគ្នាមកលួចកាច់សោ.កម៉ូតូយកទៅ ដោយឈ្មោះ
អ៊ឹម យូសែប ជាអ្នកចូលធ្វើសកម្មភាពយកដែកសំប៉ែតចុងស្រួចកាច់សោ.កម៉ូតូ ។ ក្រោយពីលួចកាច់សោ.កយកម៉ូតូបានហើយ ឈ្មោះ ដេត បាននិយាយប្រាប់ឈ្មោះ អុឹម យូសែប ថា លួចចំម៉ូតូអ្នកស្គាល់គ្នាទើបឈ្មោះ ដេត យកម៉ូតូនោះទៅឲ្យម្ចាស់វិញ ហើយម្ចាស់ម៉ូតូ ក៏មិនបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចឡើយ ។

លុះក្រោយមក ជនសង្ស័យឈ្មោះ អុឹម យូសែប ត្រូវនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនបាន រួចប្រគល់ឲ្យអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមនីតិវិធី ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះឆ្លើយថា ខ្លួននិងបក្ខពួកម្នាក់ឈ្មោះ ដេត ពិតជាបានលួចកាច់សោ.កម៉ូតូខាងលើប្រាកដមែន តែម៉ូតូនោះត្រូវបានឈ្មោះ ដេត យកទៅប្រគល់ឲ្យម្ចាស់វិញហើយ ។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ