ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចដ៏យឺតយ៉ាវ ធ្វើឱ្យក្រុមវិនិយោគិនបាត់បង់ទំនុកចិត្ត ហើយនាំគ្នាដកប្រាក់ចេញពីប្រទេស ។ ក្នុងរយៈពេល៣ខែដំបូង វិនិយោគទុនបរទេសដែលរួមមានការវិនិយោគផ្ទាល់ពីបរទេស (FDI) និងលំហូរផលប័ត្របានធ្លាក់ចុះប្រហែល៨០%ដល់២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្នុងឋានៈជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣នៅអាសីុបន្ទាប់ពីចិន និងជប៉ុន ប្រទេសឥណ្ឌារំពឹងថា នឹងមានកំណើន៧%សម្រាប់ឆ្នាំ ២០១២ នេះ បើទោះបីជាមានតម្រូវការធ្លាក់ចុះពីអឺរ៉ុប និងអាមេរិកក៏ដោយ បញ្ហាចម្បងគឺតម្រូវការក្នុងស្រុកតែម្តង ។
សេដ្ឋវិទូប្រចាំធនាគារ Mizuho Corporate bank លោក វីស្ណុ វ៉ារ៉ាថាន (Vishnu Varathan) និយាយថា យើងចាំបាច់ត្រូវស្តារទំនុកចិត្តវិនិយោគិនវិញ ។ ខ្ញុំគិតថា បញ្ហាចម្បងគឺថាការវិនិយោគដែលកំពុងធ្លាក់ចុះ គឺជាមូលហេតុដែលនាំឱ្យកំណើនធ្លាក់ចុះលឿនយ៉ាងដូច្នេះ។ បញ្ហាដទៃទៀតដែលឥណ្ឌាត្រូវដោះស្រាយនោះ គឺតម្លៃប្រេងឡើងថ្លៃ និងអតិផរណាខ្ពស់ ។ ប្រទេសឥណ្ឌានាំចូលប្រេងយ៉ាងច្រើនហើយចំណាយលើប្រេងក៏ច្រើនដែរ ។ ដូច្នេះទាំងអស់នេះហើយជាចំណុចអវិជ្ជមានសម្រាប់ឥណ្ឌា។
លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ Palaniappan Chidambaram បានសន្យាថា នឹងចាប់ផ្តើមធ្វើឱ្យមានកំណើននៅប្រទេសឥណ្ឌាសាជាថ្មីតាមរយៈការទាក់ទាញវិនិយោគិនក្នុងនិងក្រៅប្រទេស ។ លោកធ្លាប់ស្ថិតក្នុងតំណែងដ៏ក្តៅគគុកចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៨ ។ ក្នុងអំឡុងពេលនោះលោកមានកេរ្តិ៍ឈ្មោះដោយសារបានជំរុញកំណែទម្រង់ដ៏តានតឹងជាច្រើន ៕
ចែករំលែកព័តមាននេះ