រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ កញ្ញា បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុដោយបានប្រកាសឱ្យដឹងថា បន្ទាប់ពីធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា នៅថ្ងៃទី ៣១ សីហា ឆ្នាំ ២០១២ មានជ្រលងសម្ពាធទាបបានអូសបន្លាយពីលើអាងទន្លេមេគង្គ រហូតដល់ភាគខាងជើងប្រទេសកម្ពុជា។ មកដល់ថ្ងៃទី១ កញ្ញា ឆ្នាំ២០១២ នេះ ជ្រលងសម្ពាធទាបខាងលើ បានលាតសន្ធឹងកាន់តែជ្រៅ និងបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ។
លក្ខណៈបែបនេះ ធ្វើឱ្យផ្ទៃមេឃមានពពកច្រើនមីរដេរដាស ហើយអាចធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី ៦ កញ្ញា ឆ្នាំ២០១២ នៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប ដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួនដូចជា ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រះវិហារ ក្រចេះ កំពង់ចាម កំពង់ធំ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កណ្តាល ព្រៃវែង និងស្វាយរៀង ។ ទន្ទឹមនឹងនោះ កម្ពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប នឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ ។
យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ និងខេត្តដូចបានជម្រាបជូនខាងលើ ជាពិសេសភូមិសាស្ត្រជាប់នឹងតំបន់ភ្នំ តំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹក សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ទាក់ទិននឹងការព្យាករកម្ពស់ទឹកជំនន់ដែលតាមការព្យាករថានឹងមានទឹកជំនន់ធំនោះ រហូតមកដល់ពេលនេះមិនទាន់មានអ្វីគួរឱ្យកត់សម្គាល់នៅឡើយនោះទេ ។ យោងតាមព្រឹត្តិបត្រព័ត៌មានរបស់នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេនៃក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅថ្ងៃទី២ កញ្ញា ថា កម្ពស់ទឹកនៅស្ថានីយខេត្តស្ទឹងត្រែងថ្ងៃទី៣ កញ្ញា ទឹកមានកម្ពស់៨,១២ម៉ែត្រ ថ្ងៃទី៤ កញ្ញា ៨,១៧ម៉ែត្រ ថ្ងៃទី៥ កញ្ញា ៨,៣០ម៉ែត្រ ។ ចំណែកនៅខេត្តក្រចេះកម្ពស់ទឹកស្រកបន្តិចនៅថ្ងៃទី៣ កញ្ញា នៅត្រឹម ១៨,១៦ម៉ែត្រ តែកម្ពស់ទឹកនឹងហក់ឡើងនៅថ្ងៃទី៤ កញ្ញា ១៨,២០ម៉ែត្រ ថ្ងៃទី៥ កញ្ញា ១៨,២៦ម៉ែត្រ ។ នៅខេត្តកំពង់ចាម កម្ពស់ទឹកបានស្រក នៅថ្ងៃទី៣ កញ្ញា នៅត្រឹម១២,៥៤ម៉ែត្រ ថ្ងៃទី៤ កញ្ញា ១២,៤៦ម៉ែត្រ និងថ្ងៃទី៥ កញ្ញា កម្ពស់ទឹកនឹងហក់ឡើង១២,៥០ម៉ែត្រ ។ នៅទន្លេបាសាក់ និងចតុមុខកម្ពស់ទឹកថ្ងៃទី៣ កញ្ញា នឹងស្រកត្រឹម៧,៨១ម៉ែត្រ ថ្ងៃទី៤ កញ្ញា ៧,៨០ម៉ែត្រ និងថ្ងៃទី៥ កញ្ញា ទឹកនៅនឹងថ្កល់៧,៨០ម៉ែត្រ ។ កម្ពស់ទឹកទន្លេអ្នកលឿង ថ្ងៃទី៣ កញ្ញា ស្រកនៅត្រឹម៥,៥២ម៉ែត្រ ថ្ងៃទី៤ កញ្ញា ស្រកបន្តិចត្រឹម៥,៥១ម៉ែត្រ និងថ្ងៃទី៥ កញ្ញា ស្រកបន្តិចទៀតត្រឹម៥,៥០ម៉ែត្រ ។ នៅទន្លេបាសាក់ កោះខែល កម្ពស់ទឹកក៏ស្រកដែរ ថ្ងៃទី៣ កញ្ញា នៅត្រឹម៦,៥៦ម៉ែត្រ ថ្ងៃទី៤ កញ្ញា ៦,៥៨ម៉ែត្រ និងថ្ងៃទី៥ កញ្ញា ៦,៥៧ម៉ែត្រ ។ ដោយឡែកនៅព្រែកក្តាម (ទន្លេសាប)ទឹកបានកើនកម្ពស់ ថ្ងៃទី៣ កញ្ញា ៦,៧៩ម៉ែត្រ ថ្ងៃទី៤ កញ្ញា ៦,៨០ម៉ែត្រ និងថ្ងៃទី៥ កញ្ញា ៦,៨០ម៉ែត្រ ។
ស្ថានភាពទឹកទន្លេជាទូទៅ ទាំងទន្លេមេគង្គ និងទន្លេសាប គឺបានស្រកចុះបន្តិច តែដោយសារប្រព័ន្ធសម្ពាធទាប ITCZ ដែលគ្របដណ្តប់អាងទន្លេមេគង្គធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនកត្តានេះ នឹងធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គ នឹងហក់ឡើងនៅសប្តាហ៍ក្រោយ ។ ពេលនេះ កម្ពស់ទឹកនៅបឹងទន្លេសាប ស្ថានីយក្រគរ-កំពង់លួង មានកម្ពស់៥,៤៧ម៉ែត្រ គឺខ្ពស់ជាងថ្ងៃទី១ កញ្ញា ០,០៦ម៉ែត្រ ៕
ចែករំលែកព័តមាននេះ