រាជធានីភ្នំពេញ ៖ ការប្រកួតសងសឹករបស់កីឡាករ ឯម ខ្លឹមខ្មៅ មកពីក្លិបគ្រុឌមានជ័យ កាលពីថ្ងៃសុក្រ ទី៣១ សីហា មិនអាចធ្វើឲ្យគេ ស្ដារមុខមាត់បានមកវិញទេ ផ្ទុយទៅវិញបែរជាធ្វើឲ្យរូបគេរយះចិញ្ចើមខាងស្ដាំដេរបីថ្នេរនៅក្រោយការប្រកួតជាមួយ វង្ស ណយ មកពីក្លិបកងពលតូចលេខ៣១នោះទៀតផង ។ ឯម ខ្លឹមខ្មៅ ត្រូវគណៈកម្មការផ្អាកការប្រកួតកណ្ដាលទី បន្ទាប់ពីចិញ្ចើមរបស់គេបែកឈាមកាន់តែខ្លាំង ហូរកាត់ភ្នែកមិនអាចឲ្យគេបន្តការប្រកួតបាន ។
ទោះយ៉ាងណា កីឡាករ ឯម ខ្លឹមខ្មៅ ប្រកាសដោយសំឡេងមុតៗថា មិនទាន់រាងចាលឡើយ ហើយលោកនឹងរៀបយុទ្ធសាស្រ្តថ្មី ដើម្បីសងសឹកកីឡាករ វង្ស ណយ ឲ្យបានដាច់ខាតដើម្បីស្តារការបរាជ័យដ៏អាម៉ាស់ថ្មីនេះ ។ ការប្រកួតនៅលើសង្វៀនទូរទស្សន៍បាយ័ន បឹងស្នោកាលពីថ្ងៃសុក្រ សប្ដាហ៍មុនកីឡាករ ឯម ខ្លឹមខ្មៅ បានរុញខ្លួនឯងឲ្យធ្លាក់ក្នុងប្រវត្តិសាស្រ្តច្រំដែលដូចមុន ហើយត្រូវគេចាត់ទុកថា ខាតដើមខាតចុងខ្លាំងជាងកាលជួបប្រកួតគ្នាដោយឥតព្រាងទុកជាមួយ វង្ស ណយ កាលពីថ្ងៃទី២៤ សីហា នោះទៅទៀត។
ក្រៅពីទទួលការបរាជ័យ កីឡាករ ឯម ខ្លឹមខ្មៅ រឹតតែអាម៉ាស់ខ្លាំងជាងមុនដោយសារតែការប្រកួតរវាងពួកគេលើកនេះ គឺកីឡាករ ឯម ខ្លឹមខ្មៅ ត្រូវគេកំណត់ឲ្យចុះចាញ់ក្នុងទឹកទី៤ ព្រោះតែបែកចិញ្ចើមខ្លាំងហួសពីការស្មាន ។ ឯម ខ្លឹមខ្មៅ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីម្សិលមិញថា លោកត្រូវក្រុមគ្រូពេទ្យដេរបីថ្នេរ បន្ទាប់ពីចុះចេញពីរេញ ហើយមិនអាចទប់ស្នាមរយះដោយបង់រុំ ឬថ្នាំផ្សះមុខរបួសអីបាន ។ លោកចាត់ទុកថា ការបរាជ័យនេះជាការភ្នាត់ស្នៀតមួយដ៏ធ្ងន់ធ្ងរដែលលោកមិនធ្លាប់ទទួលទាល់តែសោះក្នុងប្រវត្តិសាស្រ្តឡើងរេញជាមួយ វង្ស ណយ ប្រមាណជា៨ដងកន្លងមកនេះ ។ ឯម ខ្លឹមខ្មៅ បញ្ជាក់ដោយអារម្មណ៍មិនអស់ចិត្តថា បើការប្រកួតលើកចុងក្រោយនេះ មិនមានហូរឈាមកាត់ភ្នែកធ្ងន់ធ្ងរទេ គឺលោកនឹងនៅតែប្រកួត ហើយស្រួលមិនស្រួល លោកអាចបំបែកស្នៀតរបស់ វង្ស ណយ ឲ្យបែកឈាមក្រោមដៃរបស់ខ្លួនវិញផងក៏មិនដឹង បើតាមតែលោកពុះកញ្ជ្រោលចង់សងសឹក វង្ស ណយ ដល់ម្ល៉ឹងនោះ ។
កីឡាកររូបនេះថ្លែងថា «ខ្ញុំនៅតែយល់ថា ខ្លួនឯងមិនសមភ្លាត់ស្នៀតឲ្យ វង្ស ណយ វាយចូលមួយកែងនោះសោះ អីុចឹងហើយទើបខ្ញុំខឹងខ្លួនឯងថា ហេតុអ្វីខ្ញុំប្រហែសទៅកើត ព្រោះតាំងពីខ្ញុំជួបប្រកួតជាមួយគេមក គឺមានតែលើកនេះម្ដងគត់ ដែលត្រូវគេកំណត់ឲ្យចាញ់ដោយអាម៉ាស់ហើយថែមទាំងត្រូវដេរបីថ្នេរនៅពេលចុះពីរេញទៀត!»។លោកនៅមិនទាន់សម្រេចចិត្តឡើងសងសឹក បែបប្រថុយប្រថានជាមួយកីឡាករ វង្ស ណយ ភ្លាមៗដូចសប្ដាហ៍មុននោះទេ ដោយសារតែលោកទទួលស្គាល់ថា កីឡាករ វង្ស ណយ កំពុងកើនសន្ទុះដូចគោឡើងក ដែលមិនអាចឲ្យជួបប្រកួតបែបទទឹងទិសជាថ្មីកើតទេ ។
លោកសន្យាហ្វឹកហាត់ដំឡើងក្បាច់គុនឲ្យល្អបន្តិចសិន ទើបប្រកាសឡើងរេញជួបជាមួយ វង្ស ណយ ដើម្បីសងសឹកសាជាថ្មី ។ លោកអះអាងថា រឿងរាងចាលហើយស្មារលាឈប់ប្រកួតជាមួយវង្ស ណយ គឺមិនអាចទៅរួចឡើយ ដោយសារតែលោកយល់ថា វង្ស ណយ គឺជាគូសងសឹកតែម្នាក់គត់ដែលលោកត្រូវតែជួបប្រកួត ដើម្បីយកមុខមាត់មកវិញ ។ ក្រោយសម្ងំព្យាបាលចិញ្ចើមដែលទើបបែកឲ្យជាសះ ឯម ខ្លឹមខ្មៅ នឹងឡើងប្រកួតជាមួយគូប្រកួតផ្សេងចំនួនពីរដងសិន ទើបលោកសុំឡើងរេញសងសឹកជាមួយ វង្ស ណយ ម្ដងទៀត ។
យ៉ាងណាមិញ ប្រសិនបើការប្រកួត២លើកជាប់គ្នារបស់លោកបែរជានៅមិនទាន់ជោគជ័យលើកីឡាករផ្សេងទេ នោះលោកក៏មិនទាន់ឡើងសងសឹកជាមួយ វង្ស ណយ ភ្លាមៗដែរ ដើម្បីកុំឲ្យជំនួបរវាង វង្ស ណយ និងលោក នៅតែមានប្រវត្តិសាស្រ្តច្រំដែល។ ឯម ខ្លឹមខ្មៅ បញ្ជាក់បែបទទួលស្គាល់ចំពោះការបរាជ័យខ្លួនថា «ក្រោយចាញ់ វង្ស ណយ ម្ដងនេះខ្ញុំមិនឡើងសងសឹកឆាប់ពេកទេ គឺត្រូវតែប្រឹងហាត់ឲ្យខ្លាំងជាងនេះសិន ហើយទាល់តែខ្ញុំឡើងរេញ និងឈ្នះគូប្រកួតផ្សេងឲ្យបានពីរលើកសិន ទើបខ្ញុំ និងវង្ស ណយ សុំជួបគ្នាម្ដងទៀត»។ យ៉ាងយូរមួយខែទៀត មហាជននឹងបានឃើញលោកឡើងរេញជាមួយគូស៊ីសាច់ហុតឈាមម្នាក់នេះ ព្រមជាមួយនឹងជំនឿចិត្តថា ពិតជាឈ្នះ វង្ស ណយ ដែលផ្ទុយពីលទ្ធផលពីរលើកចុងក្រោយរបស់លោកលើកនេះ ។
ម្នាក់ៗនៅតែជឿថា យុទ្ធសាស្រ្តដែល ឯម ខ្លឹមខ្មៅរៀបចំនឹងអាចជួយឲ្យគេស្ដារបានមុខមាត់ឡើងវិញ ខណៈជំនួបក្នុង៨លើករវាងកីឡាករទាំង២ គឺ វង្ស ណយ ដ្បិតថាបានចាញ់ក្រោមដៃរបស់ ឯម ខ្លឹមខ្មៅ តែពីរលើកមែន តែទាំងពីរលើកនោះ គឺវង្ស ណយ សុទ្ធតែសន្លប់ទាំងអស់ នៅទឹកទី២ និងម្ដងទៀតនៅទឹកទី៤ ។ នាថ្ងៃសុក្រនេះផងដែរ កីឡាករ សន សាវុធ មកពីក្លិបតាព្រហ្មកីឡា បានធ្វើឲ្យកីឡាករ ឆេង សាមីង មកពីក្លិបរកាខ្នុរគ្រឿងញៀនសន្លប់ក្នុងទឹកទី៥ ។ កីឡាការិនី វី ស្រីខួច មកពីក្លិបនាគមានជ័យកីឡា ចាញ់ពិន្ទុកីឡាការិនី សឹង តុ មកពីក្លិបតាឡឹមានប្ញទ្ធិ ។
កីឡាករ គង់ សំបូរ មកពីក្លិបបុរីរាជសីហ៍ ត្រូវគណៈកម្មការកំណត់ឲ្យឈ្នះកីឡាករ យុគ យក្សផ្លែ មកពីក្លិបអប់រំកាយកីឡាខេត្តបាត់ដំបង ក្នុងទឹកទី២ ដោយសារតែយុគ យក្សផ្លែ ប្រើខុសបច្ចេកទេសប្រកួត ។ កីឡាករ ឈឿន សារិទ្ធិ មកពីក្លិបរកាខ្នុរគ្រឿងញៀន ចាញ់ពិន្ទុកីឡាករ សូយ យក្សតឿ មកពីក្លិបអូឌឹមកីឡា និងគូចុងក្រោយ គឺកីឡាករ ហ៊ុន ខេង មកពីក្លិបគជសារកីឡា ឈ្នះពិន្ទុកីឡាករឯម វណ្ណៈ មកពីក្លិបគ្រុឌមានជ័យ ៕
ចែករំលែកព័តមាននេះ