រាជធានីភ្នំពេញ ៖ នៅសង្វៀនបឹងស្នោរបស់ស្ថានីយទូរទស្សន៍បាយ័នកាលពីថ្ងៃសៅរ៍ទី១ កញ្ញា កន្លងទៅ បានធ្វើឱ្យអ្នកទស្សនាជក់ចិត្តជាពន់ពេកដែលកីឡាករជើងខ្លាំងបួនរូបរួមគ្នាបញ្ចេញស្នៀតយ៉ាងពិសេសឱ្យកក្រើកសង្វៀន ។ ឆ្លងកាត់គូឯកពីរគូ លទ្ធផលនៃការប្រកួត ចាន់ រតនា ដែលអួតថាយកឈ្នះវ៉ោយ សុធន ឱ្យដេកដួលក្រោមកណ្តាប់ដៃខ្លួនបានក្លាយជាសុបិនអាក្រក់ដោយត្រូវជើងខ្លាំងវ៉ោយ សុធន កាច់បំបាក់ទាំងមិននឹកស្មានដល់ធ្វើឱ្យរតនាចាញ់ទាំងមិនអស់ចិត្ត ។ រីឯអ៊ុង វីរៈ ដែលបានប្រកាសថាយកឈ្នះវ៉ែន សុវណ្ណនោះ នៅរក្សាបានការអះអាងរបស់ខ្លួនដោយសារតែក្បាច់ប្រដាល់របស់វីរៈមានលក្ខណៈពិសេស ធ្វើឱ្យសុវណ្ណពិបាកតាមទាន់ ទីបំផុតត្រូវចុះចាញ់វីរៈទាំងសោកស្តាយ ។
កាលពីល្ងាចថ្ងៃសៅរ៍ទី១ កញ្ញា នោះគូប្រកួតពិសេសទីមួយ ចាន់ រតនា មកពីក្លិបខេមរៈខ្លាហោះ ប៉ះជាមួយកីឡាករវ៉ោយ សុធន មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ ។ មុនការប្រកួតចាប់ផ្តើម ចាន់ រតនា ដែលល្បីខាងប្រើកម្លាំងវាយសន្ធាប់អះអាងថានឹងផ្តួលវ៉ោយសុធន ឱ្យបានដោយសន្យាថានឹងបញ្ចេញក្បាច់គុនល្អៗចែកជូនប្រិយមិត្តដែលគាំទ្រ ។ នៅទីបំផុត ចាន់ រតនា ដែលបានអះអាងយកឈ្នះសុធននោះគឺកីឡាកររូបនេះធ្វើមិនបានសម្រេចដូចសម្តីអះអាងទេ ។ ផ្ទុយទៅវិញ ចាន់ រតនា បែរជាត្រូវអ្នកលេងជង្គង់ពិឃាតកែងឆេះ វ៉ោយ សុធន កាច់បំបាក់វិញធ្វើឱ្យមហាជនដែលគាំទ្ររតនា មិននឹកស្មានដល់ថាសភាពការណ៍ប្រែទៅជាបែបនេះឡើយ ។
ឆ្លងកាត់ការប្រកួតពីរទឹកដំបូង កីឡាករពីររូបនេះត្រូវបានអ្នករៀបចំការប្រកួតធ្វើការព្រមាន ព្រោះមិនសូវចង់បញ្ចេញស្នៀតវាយគ្នា ហើយលេងស្ទីលវាយបែបស្ទាបស្ទង់រហូតមានការបន្លុយពាក្យថាបើអ្នកណាមានចេតនាវាយមិនអស់លទ្ធភាពត្រូវពិន័យ៦ខែមិនឱ្យឡើងប្រកួត ។ ដោយសារតែរងការព្រមាន ចូលដល់ទឹកបន្តបន្ទាប់ទាំងសុធន និងរតនា បានធ្វើឱ្យបរិយាកាសស្ងាត់នាល្ងាចនោះប្រែទៅជាឮសំឡេងហោ៊កញ្ជ្រៀវវិញដោយសារតែពួកគេស្ទុះទៅវាយគ្នាទៅវិញទៅមកគួរឱ្យទាក់ទាញ ។ ទីបំផុត ចាន់ រតនា ដែលបានប្រកាសស៊ីសុធនមុនការពិតកើតឡើង បានត្រឹមតែហួសចិត្តទាំងមិននឹកស្មានដល់ ហើយត្រូវគណៈកម្មការប្រកាសឱ្យចាញ់ពិន្ទុ វ៉ោយ សុធន ទាំងមិនអស់ចិត្ត ។
ចំណែកគូជើងខ្លាំងរវាងកីឡាករអ៊ុង វីរៈ មកពីក្លិបកងពលតូចឆត្រយោង៩១១ជាមួយកីឡាករវ៉ែន សុវណ្ណ មកពីក្លិបកងកេងមានឫទ្ធិដែលកន្លងមកមានឈ្នះមានចាញ់ ចំពោះតិចនិកនៃការប្រកួតរបស់វីរៈត្រូវបានមហាជនសរសើរថាមានក្បាច់ប្រដាល់ប្លែកនិងមានកម្លាំងខ្លាំង។ នាល្ងាចនោះ អ៊ុង វីរៈ ចាប់ផ្តើមមានប្រៀបជាងសុវណ្ណបន្ទាប់ពីឆ្លងផុតពីរទឹកដំបូង ដោយសារតែវីរៈវាយចំគោលដៅបានច្រើនជាងសុវណ្ណ ហើយមានពេលខ្លះប្រើក្បាច់ទាត់ជើងសុវណ្ណឱ្យដួលថែមទៀត ព្រោះអ៊ុង វីរៈ មានកម្លាំងខ្លាំងសូម្បីម្ចាស់ខ្សែក្រវាត់អូត ភូថង ក៏ញញើតមិនចង់ជួបដែរ ។ ក្រោយពីប្រយុទ្ធគ្នាយ៉ាងប្តូរផ្តាច់ វ៉ែន សុវណ្ណ បានត្រឹមតែតទល់ឱ្យគ្រប់ប្រាំទឹកនិងចាញ់ពិន្ទុ អ៊ុង វីរៈ ដែលជារលកក្រោយប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ចំពោះលទ្ធផលខាងលើនេះលក្ខខណ្ឌគឺត្រូវយកអ្នកឈ្នះនិងអ្នកឈ្នះមកប៉ះគ្នាសាជាថ្មីមានន័យថា កីឡារករវ៉ោយ សុធន ត្រូវប្រកួតជាមួយកីឡាករអ៊ុង វីរៈ ម្តងទៀតដើម្បីយកជើងខ្លាំងតែម្នាក់ប៉ុណ្ណោះទៅប្រកួតជាមួយកីឡាករអូត ភូថង ក្នុងការដណ្តើមខ្សែក្រវាត់អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀននាចុងខែកញ្ញានេះ ។
ចំពោះលទ្ធផលគូប្រកួតជាលក្ខណៈមិត្តភាពវិញ កីឡាករចាន់ ប៊ុនឡេក មកពីក្លិបនិរោធមានជ័យ ឈ្នះកីឡាករ ផាន ចំណាន មកពីក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តរតនគិរី ។ កីឡាការិនីសម សំណាង មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ចាញ់កីឡាការិនីវី អិច មកពីក្លិបអេភូថងកីឡា និងគូចុងក្រោយកីឡាករ ម៉ន ភិរម្យ មកពីក្លិបព្រែកឯងកីឡា ចាញ់កីឡាករ គុន សំណង មកពីក្លិបខេមរិន្ទមានឫទ្ធិ ៕
ចែករំលែកព័តមាននេះ