រាជធានីភ្នំពេញ ៖ ទីបំផុតកីឡាករ Adayton ជនជាតិប្រេស៊ីល បានក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់ MANSON’S WHISKY ទម្ងន់៦៧គីឡូក្រាម បន្ទាប់ពីបានយកឈ្នះកីឡាករថៃ Pongthong Jetsada ដោយពិន្ទុ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ទី១ កញ្ញា នៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៣ ។
នៅក្នុងព្រឹត្តិការណ៍ប្រកួតដ៏កក្រើកដែលអ្នករៀបចំការប្រកួតប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ អះអាងថាមិនធ្លាប់មានពីមុននោះ មុនពេលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះត្រូវឆ្លងកាត់ការប្រកួតជម្រុះអស់រយៈពេលជាច្រើនសប្តាហ៍ហើយក្នុងចំណោមកីឡាករ៨រូបគេចម្រាញ់យកតែ៤រូបប៉ុណ្ណោះ ដើម្បីឡើងមកប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្របន្តទៀតតាមរយៈនៃការចាប់គ្រាប់ប៉េងប៉ុងរើសគូប្រកួត។ កីឡាករថៃ Pongthong Jetsada នៅជុំទី១ មានសំណាងចាប់គ្រាប់ប៉េងប៉ុងជួបកីឡាករ SIMON CECCHINI ជនជាតិអីុតាលី ហើយគេបានចំណាយពេលតែ២ទឹកប៉ុណ្ណោះ ក្នុងការផ្តួលកីឡាករអីុតាលីរូបនេះឱ្យសន្លប់នៅលើសង្វៀនបានយ៉ាងងាយបំផុត ។
ចំណែកកីឡាករកម្ពុជា ពេជ្រ សីហា ហាក់គ្មានសំណាងឡើយព្រោះនៅជុំទី១ចាប់គ្រាប់ប៉េងប៉ុងជួបប្រកួតជាមួយកីឡាករ Adayton ដែលជាជើងខ្លាំងគ្មាននរណាចង់ជួប ទោះជាយ៉ាងណា សីហា បានចាញ់ត្រឹមពិន្ទុទាំងមិនអស់ចិត្តឡើយ ។ ការជួបគ្នានៅវគ្គផ្តាច់ព្រ័ត្ររវាង Adayton និង Jetsada ដើម្បីដណ្តើមតំណែងជាម្ចាស់ខ្សែក្រវាត់បានធ្វើឱ្យអ្នកមើលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះគូនេះគេមានជំនឿចិត្តទៅលើ Jetsada ច្រើនជាង។ កីឡាករ Jetsada មានប្រវត្តិប្រកួតរហូតដល់ទៅ១០៣ដង ឈ្នះ៨៣ដង ចាញ់១០ ដង ស្មើ១០ដង និងផ្តួលគូប្រកួតឱ្យសន្លប់បាន១២ដង ។ រីឯAdayton វិញ ប្រកួតបាន៤៦ដង ឈ្នះ៣៦ដង ចាញ់១០ដង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនបាន២០ដង។ Adayton ដែលមានប្រៀបខាងកម្ពស់ស្រាប់នោះបានព្យាយាមប្រើស្នៀតជើងទាត់ និងធាក់ទៅលើ Jetsada តាំងពីចាប់ផ្តើមទឹកទី១ និងទី២ម៉្លេះ ប៉ុន្តែត្រូវ Jetsada ធាក់សងវិញយ៉ាងរហ័ស ។
ទោះជាយ៉ាងណា Adayton បានបង្ខំឱ្យ Jetsada ដកថយអែបខ្សែរេញរហូត និងមានឱកាសវាយបកសងវិញបានតិចតួចបំផុត ។ Jetsada ត្រូវ Adayton បញ្ជូនស្នៀតកណ្តាប់ដៃវាយចូលផ្ទៃមុខពេញៗតាំងពីទឹកទី៣ រហូតដល់ចប់ទឹកទី៥ ទើបទីបំផុត Adayton ត្រូវបានប្រកាសឱ្យឈ្នះពិន្ទុ Jetsada ធ្វើឱ្យរូបគេរំភើបរហូតដល់ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ព្រោះគេគិតថាជ័យជម្នះនេះបានមកដោយការលំបាកបំផុតសម្រាប់រូបគេ ។ រីឯគូប្រកួតមិត្តភាពវិញ វ៉ាន់ ចាន់វៃ មកពីក្លិបសិង្ហកីឡា បានឈ្នះពិន្ទុ នន់ ជំនិត មកពីក្លិបស៊ីម៉ាក់ ៕
ចែករំលែកព័តមាននេះ