រាជធានីភ្នំពេញ ៖ កីឡាករជើងខ្លាំងពិបាករកគូប្រៀបលោក ទាវ យ៉ុងវណ្ណៈ បានដកខ្លួនពីកីឡាករជម្រើសជាតិផ្នែកកីឡាវាយសីជាផ្លូវការហើយ បន្ទាប់ពីលោកអះអាងថា ជាប់ភារៈចាំបាច់ និងទំនងជាខកចិត្តចំពោះការបរាជ័យនៅក្នុងការប្រកួតគ្រប់លើកលើឆាកអន្តរជាតិផងក៏មិនដឹង ។ ទោះយ៉ាងណាលោកនៅតែរំលេចវត្តមានចូលរួមការប្រកួតវាយសីដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅឡើយបើទោះជាលោកប្រកាសថា លែងចង់ធ្វើកីឡាករតំណាងជាតិ ដើម្បីចេញទៅប្រកួតនៅក្រៅស្រុកដូចមុនទៀតក្ដី ។
ក្នុងចង្កោមអ្នកស្នេហាកីឡាវាយសី គ្មានអ្នកណាមិនស្គាល់កីឡាករវ័យ២៤ឆ្នាំ លោកទាវ យ៉ុងវណ្ណៈនោះទេ ដោយសារតែលោកគឺជាជើងខ្លាំងផ្នែកវាយសីដ៏លេចធ្លោម្នាក់ ចាប់តាំងពីបានក្លាយខ្លួនជាកីឡាករជម្រើសជាតិកាលពីឆ្នាំ២០០៨ ។ បើនិយាយពី មេដាយក្នុងស្រុកវិញលោកកម្របានមេដាយ ប្រាក់ ឬសំរឹទ្ធិណាស់ពោលគឺចេញប្រកួតលើក ណាក៏ទទួលបានមេដាយមាសផ្ទួនៗគ្នាដែរ ដោយក្នុងមួយរដូវៗទទួលបានមេដាយមាស លើវិញ្ញាសាប្រកួតវាយទោលផង និងគូផង ។
ជាក់ស្ដែងក្នុងកម្មវិធីប្រកួតវាយសីដណ្ដើមពានលោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិនេត សាវឿន កាលពីអំឡុងខែមិថុនា ពាក់កណ្ដាលឆ្នាំ២០១២មុននេះ ក៏លោកទទួលបានមេដាយមាសផ្នែកវាយគូ និងទោលមិនខុសពីពេលមុនឡើយ ។ ប៉ុន្តែគួរឲ្យស្ដាយលោកបែរ ជាទទួលបានលទ្ធផលអវិជ្ជមានពេលចេញប្រកួតនៅក្រៅស្រុកទៅវិញ។ កត្តាមួយនេះហើយដែលប្រហែលជារុញឲ្យលោកឈប់ចង់បន្តអាជីពជាកីឡាករជម្រើសជាតិ ហើយងាកទៅចាប់ អាជីពជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍វិញ ។
លោក ទាវ យ៉ុងវណ្ណៈ បានថ្លែងប្រាប់កោះសន្តិភាពពីខេត្តកំពង់ចាមមកថា លោកសុំឈប់ពីកីឡាករជម្រើសជាតិប្រមាណច្រើនខែមកហើយ បន្ទាប់ពីលោកបានប្រលងជាប់ក្នុងក្របខណ្ឌការងាររដ្ឋដ៏ចាំបាច់នោះ ។
មានហេតុផលពីរដែលរុញឲ្យលោកបញ្ចប់អាជីពជាកីឡាករជម្រើសជាតិផ្នែកវាយសីនោះ គឺទី១កត្តាសម្ពាធការងារដែលទើបបានទទួល និងទី២អាចថាបណ្ដាលមកពីលោកនឿយណាយនឹងការបរាជ័យដដែលៗពេក គ្រប់ពេលលោកចេញប្រកួតនៅក្រៅស្រុកតំណាងជាតិ ។ លោកសុំដកខ្លួនពីបញ្ជីជម្រើសជាតិ បន្ទាប់ពីការងារជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍នៅច្រកត្រពាំងថ្លុងកំពង់
ចាម-វៀតណាម មិនអាចឲ្យលោកចំណាយពេលមកហ្វឹកហាត់ក្នុងនាមជាកីឡាករជម្រើសជាតិបានដូចមុន ។
ទោះយ៉ាងណា លោកនៅមិនទាន់ផ្ដាច់ខ្លួនទាំងស្រុងពីអាជីពវាយសីនោះនៅឡើយទេ បើទោះជាលោកបានប្រកាសដើរចេញពីក្រុមកីឡាករជម្រើសជាតិបន្ទាប់ពីយល់ថា ខ្លួនឯងលែងមានពេលចូលហាត់ជាប់លាប់ ដើម្បីត្រៀមខ្លួនចេញទៅប្រកួតនៅក្រៅស្រុកនោះក៏ដោយ ។ លោកថ្លែងថា «ទោះជាគ្រប់ព្រឹត្តិការណ៍ប្រកួតវាយសី មិនដែលបាត់មុខខ្ញុំ ប៉ុន្តែការពិតខ្ញុំបានដកខ្លួនពីកីឡាករជម្រើសជាតិហើយ ដោយបានស្នើសុំឈប់តាំងពីខែមីនាម៉្លេះ ហើយខាងសហព័ន្ធ ក៏បានយល់ព្រមឲ្យខ្ញុំដកឈ្មោះចេញដែរកាលពីពាក់កណ្ដាលឆ្នាំ២០១២ហ្នឹង»។ លោកអះអាងថា ការធ្វើជាកីឡាករជម្រើសជាតិ មិនមែនជារឿងងាយស្រួលឡើយ បើលោកនៅតែទទួលយក ព្រោះលោកគឺជាបេក្ខភាពតែម្នាក់គត់ដែលត្រូវចេញប្រកួតនៅក្រៅស្រុកទោះក្នុងកម្រិតណាក៏ដោយ ។
លោកពោលថា ការបរាជ័យមួយលើកពីរលើកអាចចាត់ទុកជាបទពិសោធន៍ ប៉ុន្តែបើច្រើនលើកពេក គឺមានន័យថាខ្លួនអន់ហើយ ទើបសុខចិត្តសុំឈប់ពីជម្រើសជាតិ បន្ទាប់ពីលោកមិនអាចសុំច្បាប់ឈប់ពីការងារថ្មីពី៣ ទៅ៦ខែ ដើម្បីហាត់ត្រៀមសម្រាប់ចេញទៅតំណាងជាតិដូចមុនៗបាន ។ លោកណៃ វ៉ាន់ឃីរីវុធ ជាគ្រូជំនួយផ្នែកវាយសី បញ្ជាក់ថា សម្រាប់ឆ្នាំនេះ ទាវ យ៉ុងវណ្ណៈ នៅតែជាប់ជាបេក្ខភាពផ្នែកជម្រើសជាតិទាំង១០រូបដូចមុនដដែលទេ ប៉ុន្តែមកពីលោកសុំដកខ្លួនទើបមិនមានឈ្មោះចេញប្រកួតតំណាងជាតិ នៅក្រៅស្រុកដូចមុន ។
ទោះយ៉ាងណា ខាងសហព័ន្ធនឹងស្វាគមន៍ បើជើងខ្លាំងលើវេទិកាវាយសីក្នុងស្រុករូបនេះ ត្រលប់មកកាន់តំណែងជាកីឡាករជម្រើសជាតិវិញ ។ ចាប់តាំងពីឆ្នាំ២០០៨មក លោកទាវ យ៉ុងវណ្ណៈ បានចេញប្រកួតវាយសីថ្នាក់អន្តរជាតិប្រហាក់ប្រហែលនឹង១០ដង បើរាប់ទាំងការប្រកួតស៊ីហ្គេម និងការប្រកួតដណ្ដើមមេដាយថ្នាក់តំបន់ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន វៀតណាម និងនៅកូរ៉េកន្លងមក ។ អ្វីដែលធ្វើឲ្យលោកខកចិត្តលើកចុងក្រោយ គឺការបរាជ័យ នៅស៊ីហ្គេម ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលទើបតែបញ្ចប់កាលពីចុងឆ្នាំ២០១១ ទើបធ្វើឲ្យលោកសម្រេចចិត្តចង់ឈប់ផ្សងព្រេងនឹងការចំណាយពេលច្រើនខែ ដើម្បីចេញប្រកួតតំណាងជាតិបែបនេះ ៕
ចែករំលែកព័តមាននេះ