រាជធានីភ្នំពេញ ៖ ប្រិយមិត្តដែលនិយមទស្សនាប្រដាល់ក្បាច់គុនបុរាណខ្មែរប្រាកដជាបានស្គាល់អាជ្ញាកណ្តាលស្ត្រី១រូបគឺ អ្នកស្រីឌី ចាន់ថុន ដែលពូកែខាងពិនិត្យបច្ចេកទេសប្រដាល់របស់កីឡាការិនីពេលឡើងសង្វៀនប្រកួតម្តងៗប្រកបដោយភាពរហ័សរហួន ។ អ្នកស្រី ឌី ចាន់ថុន ដែលពេលនេះលេចធ្លោគួរសមក្នុងអាជីពជាអាជ្ញាកណ្តាលបានស្ម័គ្រចិត្តបរិយាយពីជីវិតផ្ទាល់ខ្លួនមុន និងក្រោយពេលក្លាយខ្លួនជាអាជ្ញាកណ្តាលជូនមហាជនដែលតែងតែចង់ដឹងពីដំណើរជីវិតពិតរបស់អ្នកស្រីតាមរយៈកោះសន្តិភាព ។
កាយវិការម៉ឺនម៉ាត់បង្ហាញភាពស្វាហាប់នៅលើសង្វៀនប្រដាល់ក្នុងនាមជាអ្នកវែកញែករកយុត្តិធម៌របស់អ្នកស្រី ឌី ចាន់ថុន បានធ្វើឱ្យមជ្ឈដ្ឋានអ្នកស្នេហាវិស័យកីឡាប្រដាល់ខ្មែរមានការចាប់អារម្មណ៍គ្រប់ទិសទី ។ ត្រឹមតែរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ អ្នកស្រីអាចធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍រហូតចង់ដឹងពីឫសគល់នៃការរសាត់ខ្លួនបោះជំហានមកដល់ទីលានសង្វៀនប្រដាល់របស់អ្នកស្រីនៅក្នុងរយៈពេលចុងក្រោយនេះ ។ អ្នកស្រី ឌី ចាន់ថុន មានប្រភពចេញមកពីទឹកដីស្រុកកោះសូទិន ខេត្តកំពង់ចាម។ ការពិតអ្នកស្រី គឺជាភរិយារបស់លោកនួន ភិរម្យ អតីតកីឡាករធ្លាប់មានឈ្មោះល្បីក្នុងវិស័យក្បាច់គុនបុរាណខ្មែរ ដែលបច្ចុប្បន្នបានក្លាយជាអាជ្ញាកណ្តាល និងជាគ្រូបង្វឹកប្រចាំក្លិប«រកាខ្នុរកីឡា» ។
អ្នកស្រីបានរៀបរាប់ពីដំណើរជីវិតមុនពេលមកកាន់សង្វៀនប្រដាល់ថា អ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកនួន ភិរម្យ នៅឆ្នាំ១៩៩០ ហើយចំណងអាពាហ៍ពិពាហ៍នេះទទួលបានកូនប្រុសម្នាក់ ឈ្មោះនួន ម៉ាន់ឌី អាយុ១៤ឆ្នាំ ដែលពេលនេះកូនប្រុសនោះកំពុងតែរៀនប្រដាល់ស្នងតំណែងពីឪពុកគេ ។ ពីមុនអ្នកស្រីគ្រាន់តែមានចិត្តស្រឡាញ់វិស័យកីឡាប្រដាល់ខ្លះៗប៉ុណ្ណោះ ព្រោះយល់ថា ខ្លួនជាស្ត្រីជាមេផ្ទះមិនអាចទៅលោតហក់វាយតប់ដូចប្រុសបានឡើយ ។
ក្នុងអំឡុងឆ្នាំ១៩៩៨ អ្នកស្រីគ្រាន់តែជាអ្នកលក់ទឹកអំពៅនៅសង្វៀនប្រដាល់ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ម្នាក់ប៉ុណ្ណោះ ហើយគ្មានអ្នកណាមិនស្គាល់គាត់ជាប្រពន្ធរបស់កីឡាករនួន ភិរម្យ ឡើយ ។ ដោយសារតែប្តីអ្នកស្រីចេញចូលប្រកួតនៅទីនោះ ម្យ៉ាងពេលឮសំឡេងហ៊ោកញ្ជ្រៀវម្តងៗពេលមានកម្មវិធីប្រដាល់ ធ្វើឱ្យចិត្តរបស់អ្នកស្រីចង់ប្រឡូកធ្វើជាអ្នកកីឡាចាប់ពីពេលនោះមក ។ បន្ទាប់ពីដឹងថា អ្នកស្រីមានទឹកចិត្តចង់ប្រឡូកក្នុងវិស័យកីឡាពេញទំហឹងទើបស្វាមីអ្នកស្រី គឺលោកនួន ភិរម្យ ជួយបណ្តុះបណ្តាលឱ្យយល់ពីតួនាទីធ្វើជាអាជ្ញាកណ្តាលផង ធ្វើជាចៅក្រមដាក់ពិន្ទុផង រហូតអ្នកស្រីអាចចាប់បានពីមេរៀនទាំងនោះបានយ៉ាងស្ទាត់ជំនាញ ។ អ្នកស្រី ឌី ចាន់ថុន ដែលពេលនេះឈានចូលដល់វ័យ៤២ឆ្នាំ បានបន្តទៀតថា តាំងពីបានធ្វើជាអ្នកកីឡាមក ពិសេសជាប់ធ្វើជាអាជ្ញាកណ្តាល អ្នកស្រីមានការប្រយ័ត្នប្រយែងខ្ពស់បំផុតក្នុងការវិនិច្ឆ័យដាក់ពិន្ទុកីឡាការិនីមួយៗ ដើម្បីបញ្ចៀសការរិះគន់ពីសំណាក់មហាជន ។
ដោយជាប់ចិត្តនឹងអាជីពកីឡាប្រដាល់ អ្នកស្រី និងស្វាមីបានរួមគ្នាបង្កើតក្លិបប្រដាល់មួយនៅខេត្តកណ្តាល ក្រុងតាខ្មៅមានឈ្មោះថា «រកាខ្នុរកីឡា»មានរយៈពេល៣ឆ្នាំមកហើយ ដោយបានបណ្តុះបណ្តាលកីឡាករ កីឡាការិនីលេចធ្លោមួយចំនួនដែលមហាជនទទួលស្គាល់ដូចជា កីឡាករគិន សំបូរ កីឡាករភិរម្យ ភក្តី និងកីឡាការិនីនួន សារ៉ា ជាដើម ។ អ្នកស្រីបានបន្តឱ្យដឹងទៀតថា ព្រោះតែស្រឡាញ់កីឡាប្រដាល់ហ្នឹងពេក ទើបបានជាអ្នកស្រី និងប្តីប្រមូលលុយ និងលក់រថយន្តតាក់ស៊ីដែលធ្លាប់រត់កាលចេញទៅនៅខេត្តបន្ទាយមានជ័យយកលុយបង្កើតជាក្លិបប្រដាល់មួយនេះ ដោយរំពឹងថា ទទួលបានផ្លែផ្កាមិនខាន ។ អ្នកស្រីសង្ឃឹមថា ប្អូនៗជំនាន់ក្រោយដែលស្រឡាញ់ខាងក្បាច់គុនបុរាណខ្មែរអាចមកហាត់រៀន ហើយរូបអ្នកស្រី និងស្វាមីមិនទៅណាឆ្ងាយពីអាជីពនេះឡើយនៅរង់ចាំបណ្តុះបណ្តាលពួកប្អូនៗឱ្យអស់ពីចិត្តដើម្បីរក្សាភាពល្បីល្បាញនៃក្បាច់គុនបុរាណខ្មែរឱ្យនៅស្ថិតស្ថេរជារៀងរហូត ។
តាមរយៈការលះបង់ខ្ពស់ចំពោះវិស័យកីឡាប្រដាល់ក៏ដូចជាការអំពាវនាវនេះ សង្ឃឹមថា ប្អូនៗដែលជាកីឡាករជំនាន់ក្រោយនឹងបន្តលើកស្ទួយក្បាច់គុនបុរាណខ្មែរឱ្យកាន់តែផុសផុលខ្លាំងឡើងថែមទៀត ស្របពេលក្បាច់ប្រដាល់របស់់ខ្មែរយើងកាន់តែទទួលការពេញនិយមច្រើនឡើងពីសំណាក់អន្តរជាតិ មិនថាតែនៅក្នុងស្រុកទេ សូម្បីនៅឯនាយសមុទ្រក៏ល្បីពីក្បាច់គុនបុរាណខ្មែររបស់យើងដែរ ៕
ចែករំលែកព័តមាននេះ