កីឡាករអៀរឡង់ខាងជើងរ៉ូរី ម៉ាកអ៊ីលរ៉យកំពុងសម្លឹងរកពានជើងឯកកម្មវិធី Deutsche Bank Championshipប្រចាំឆ្នាំ២០១២បន្ទាប់ពីរូបគេបានបន្តយកឈ្នះជុំទី២នៅទីលាន TPC Bostonស្ថិតក្នុងទីក្រុង Nortonរដ្ឋ Massachusettsសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ទី១កញ្ញាកន្លងមកនេះ ។
ម៉ាកអ៊ីលរ៉យបញ្ចប់ជុំទី២ជាមួយលទ្ធផល ៦អាន់ឌ័រ ៦៥ ។ សរុបលទ្ធផលទាំង២ជុំប្រកួត គេធ្វើបានលទ្ធផល ១២អាន់ឌ័រ ១៣០ ។ កីឡាករអាហ្វ្រិកខាងត្បូង Louis Oosthuizenបញ្ចប់ការប្រកួត២ជុំធ្វើបានលទ្ធផលសរុប ១១អាន់ឌ័រ ១៣១ស្ថិតនៅលំដាប់ទី២ ។ តាមពីក្រោយ១ស្ត្រូកគឺកីឡាករអាមេរិកថៃហ្គ័រ វូដនិង Ryan Moore ។ អ្នកទាំង២ឆ្លងកាត់២ជុំប្រកួតធ្វើបានលទ្ធផលស្មើគ្នាគឺ ១០អាន់ឌ័រ ១៣២ស្ថិតនៅចំណាត់ថ្នាក់លេខ៣ស្ទួន ។
សូមបញ្ជាក់ថា កីឡាករម៉ាកអុីលរ៉យទើបតែដណ្តើមបានពានជើងឯកក្របខណ្ឌធំ PGA Tourចំនួន២លើកប៉ុណ្ណោះក្នុងអាជីព ។ ជ័យជម្នះលើកទី២របស់គេកើតមាននៅក្នុងកម្មវិធី PGA Championshipកាលពីខែសីហា ។ គេបានថ្លែងថា ៖«ឥឡូវនេះ ខ្ញុំបានមកចូលរួមកម្មវិធីនេះហើយ ។ អ្វីដែលខ្ញុំប្រាថ្នាគឺលេងឱ្យបានល្អតាមដែលអាចធ្វើទៅបាន ។
ខ្ញុំប្រហែលជាអាចធ្វើការវាយតម្លៃអ្វីៗសាជាថ្មីមុននឹងចូលប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ ។ តែយ៉ាងណា ខ្ញុំសប្បាយចិត្តយា៉ងខ្លាំងចំពោះលទ្ធផលនៅ២ថ្ងៃដំបូងនេះ ។ ខ្ញុំដឹងថា ចាំបាច់ត្រូវតែធ្វើឱ្យបានល្អជាងនេះទៀតនៅថ្ងៃស្អែកទើបធានាបានថា អ្វីៗមិនងាយប្រែប្រួល »។ព្រឹត្តិការណ៍ប្រកួត Deutsche Bank Championshipមានទឹកប្រាក់រង្វាន់សរុប ៨លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ