ខេត្តកំពង់ធំ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិខោស ឃុំទុំរីង ស្រុកសណ្តាន់ កាលពីវេលាម៉ោង២និង៥៩នាទីរសៀលថ្ងៃទី ១ កញ្ញា បង្កឡើងដោយរថយន្តកូរ៉េ២គ្រឿងសណ្តោងគ្នា ហៀរចូលចំណែកផ្លូវម្ខាងទៀត ត្រូវម៉ូតូជិះឌុបគ្នា៤នាក់បុកជាមួយរថយន្តសណ្តោងនោះ បណ្តាលឱ្យស្ត្រីម្នាក់រងរបួសបាក់ភ្លៅ ហើយស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំទុំរីង ។
ប្រភពព័ត៌មានពីលោកអនុសេនីយ៍ទោ អ៊ុន គ្រឿន នាយផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋានស្រុកសណ្តាន់ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្ត២គ្រឿងសណ្តោងគ្នា ម៉ាកកូរ៉េចំណុះ២តោនកន្លះ បើកបរដោយឈ្មោះឃុន ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បើកសណ្តោងរថយន្តម៉ាកសាំយ៉ុង ពណ៌ខៀវ បើកបរដោយឈ្មោះលាង ឡូត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិតាម៉ី ឃុំសូយោង ស្រុកបារាយណ៍ ។
ប្រភពបន្តថា មុនពេលកើតហេតុ រថយន្តទាំង២គ្រឿងបានបើកសណ្តោងគ្នាលើកំណាត់ផ្លូវក្រាលកៅស៊ូ ពេលមកដល់ចំណុចកើតហេតុ ឃើញម៉ូតូរងគ្រោះបើកមកពីមុខក្នុងទិសដៅបញ្ច្រាសគ្នា រថយន្តសណ្តោងខាងមុខបានបួងចង្កូតគេចទៅខាងស្តាំដៃ ចំណែកថយន្តសណ្តោងខាងក្រោយមិនងាកទៅតាមទេ ស្ថិតនៅកណ្តាលថ្នល់ បណ្តាលឱ្យបុកគ្នាតែម្តង ។ ភាគីខាងម៉ូតូវ៉េវអាល់ហ្វា បើកដោយឈ្មោះហុក ឡាន់ ភេទប្រុស អាយុ១៨ឆ្នាំ ឌុបស្ត្រីម្នាក់ឈ្មោះសឿន ថេ អាយុ៣៣ឆ្នាំ បានស្លាប់ និងកូនតូច២នាក់ស្រីអាយុប្រហែល២ឆ្នាំ និងកូនប្រុសអាយុប្រហែល១ឆ្នាំ រងរបួសស្រាល ។ពួកគេរស់នៅក្នុងភូមិក្លែង ឃុំក្លែង ស្រុកសណ្តាន់ ។
ក្រោយពេលកើតហេតុ លោកឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការនគរបាលខេត្ត បានបញ្ជាមន្ត្រីក្រោមឱវាទបញ្ជូនរថយន្តបង្ក និងអ្នកបើកបរទាំង២ រួមនឹងម៉ូតូមកស្នងការដ្ឋាននគរបាលដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ។ សពត្រូវសមត្ថកិច្ចប្រគល់ឱ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ