យោងតាមការសិក្សាស្រាវជ្រាវមួយបង្ហាញថា បណ្តាធុរជននិងអ្នករកស៊ីធំៗនៅអង់គ្លេសជឿជាក់ថា ទីក្រុងនៅអាស៊ីនឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតនៅលើពិភពលោកក្នុងរវាង១០ឆ្នាំខាងមុខ ។ បើតាមក្រុមហ៊ុនAstbury Marsden បានឱ្យដឹងថា ទីក្រុងឡុងនឹងស្ថិតនៅក្នុងលំដាប់ទី៣បន្ទាប់ពីទីក្រុងសិង្ហបុរីនិងទីក្រុងញូវយ៉ករបស់អាមេរិក ។ ប្រហែលជា២/៣នៃធនាគារវិនិយោគអង់គ្លេសចំនួន៤៥០និយាយថា ទីក្រុងហុងកុង សៀងហៃ និងសិង្ហបុរីនឹងក្លាយជាមជ្ឈណ្ឌលហិរញ្ញវត្ថុធំបំផុតនៅលើពិភពលោកក្នុងរយៈពេល១០ឆ្នាំខាងមុខ ។
លោក Mark Cameron នាយកប្រតិបត្តិក្រុមហ៊ុន Astbury Marsden និយាយថា កំណើនដ៏លឿន ពន្ធទាប និងបរិយាកាសនៃធនាគារអំណោយផលដូចសិង្ហបុរី គឺវាសក្តិសមនឹងក្លាយជាទីក្រុងឈានមុខគេណាស់បើប្រៀបធៀបនឹងទីក្រុងឡុងនិងទីក្រុងញូវយ៉ក ។ បើតាមការអង្កេតពីទីតាំងដែលល្អប្រចាំឆ្នាំក៏បានរកឃើញថា សិង្ហបុរីគឺជាទីក្រុងដែលបណ្តាធនាគារិកអង់គ្លេសចង់រស់នៅ ក្នុងនោះគេបានបោះឆ្នោតគាំទ្រដល់ទៅ៣១% ។ទីក្រុងញូវយ៉ក ជាប់ចំណាត់ថ្នាក់លេខ២ខណៈទីក្រុងឡុងជាប់ចំណាត់ថ្នាក់លេខ៣ ។ លោក Cameron បន្ថែមថា មជ្ឈមណ្ឌលលោកខាងលិចបានធ្លាក់ចុះសកម្មភាពចាប់តាំងតែពីកើតមានវិបត្តិហិរញ្ញវត្ថុសាកល ។
ទីក្រុងសិង្ហបុរីនិងហុងកុងទទួលបានផលចំណេញពីទីក្រុងឡុងនិងញូវយ៉កយ៉ាងឆាប់រហ័ស ដែលនាំឱ្យមានធនាគារវិនិយោគយ៉ាងគគ្រឹកគគ្រេងចូលមកក្នុងប្រទេស ហើយក៏ជាទីក្រុងគោលដៅរបស់អ្នកជំនួញធំៗផងដែរ ៕
ចែករំលែកព័តមាននេះ