អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិនិយាយថា សេដ្ឋកិច្ចសិង្ហបុរីនឹងកើន២,៩%នៅក្នុងឆ្នាំ នេះ មុននឹងកើនដល់៣,៤%នៅក្នុងឆ្នាំ២០១៣ ខាងមុខ ។ សិង្ហបុរីមានគម្លាតគោលនយោបាយគ្រប់គ្រាន់ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសាកល ។
របាយការណ៍បានបញ្ជាក់ថា ការធ្លាក់ចុះកាលពីឆមាសទី២ឆ្នាំ២០១១ ឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពពិភពលោកកាន់តែធ្ងន់ធ្ងរ ក្នុងនោះគ្រោះធម្មជាតិក៏បានបង្អាក់ដល់ការផ្គត់ផ្គង់ក្នុងស្រុកផងដែរ ។ ក្រោយមកនៅក្នុងត្រីមាសទី១ឆ្នាំ២០១២ ឃើញថា មានការរើបឡើងវិញជាបណ្តើរៗដោយសារមានការលើកកម្ពស់ការនាំចេញ ។
នៅក្នុងរបាយកាណ៍ត្រួតពិនិត្យសេដ្ឋកិច្ចហិរញ្ញវត្ថុប្រចាំឆ្នាំ ស្តីពីសេដ្ឋកិច្ចអាស៊ីបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់សិង្ហបុរី ត្រូវបានគេរំពឹងថា ធ្លាក់ចុះក្នុងឆ្នាំ ២០១២នេះ ខណៈដែលសម្ពាធអតិផរណានៅតែខ្ពស់ ។ ភាពជ្រួលច្របល់ផ្នែកហិរញ្ញវត្ថុសាកលបានបន្តធ្វើឱ្យមានការប្រែប្រួលនៅក្នុងទីផ្សាររូបិយវត្ថុរបស់សិង្ហបុរី ។ តម្លៃផ្ទះសម្បែង និងទំហំប្រតិបត្តិការមានភាពនឹងនរ ជាពិសេសនៅក្នុងទីផ្សារផ្ទះសម្បែងឯកជន ប៉ុន្តែចាប់ពីវិស័យធនាគារទៅដល់វិស័យអចលនទ្រព្យកើនឡើងខ្ពស់ ៕
ចែករំលែកព័តមាននេះ