ជំងឺឈឺចង្កេះ គឺជាជំងឺមួយដែលយើងតែងតែជួបច្រើនជាងគេ ។ ជំងឺនេះតែងតែកើតមានម្តងម្តាល ឬក៏អាចកើតនៅពេលណាមួយ ហើយបើតាមការសិក្សាអាចកើតមានរហូតដល់ទៅ៨០ភាគរយនៃមនុស្សយើង ។លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ិក ធីរៈ ឯកទេសផ្នែកវះកាត់ឆ្អឹង និងសន្លាក់នៃគ្លីនិកឯកទេសឆ្អឹងសំណង់១២ បានប្រាប់កោះសន្តិភាពឱ្យដឹងថា ជំងឺឺឈឺចង្កេះអាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា ៖
-ការសឹករេចរឹលនៃថាស ៖ ឆ្នឹងខ្នងនៅតំបន់ចង្កេះ មានលក្ខណៈជាកង់ៗ ហើយកង់នីមួយៗត្រួតនៅលើគ្នា មិនជាប់គ្នាទេ គឺវាមានថាសនៅចន្លោះនៃឆ្អឹង ដែលថាសនេះជាឆ្អឹងខ្ចីអាចជួយឱ្យចង្កេះយើងពត់បានយ៉ាងល្អ ។ ការសឹករេចរឹលនៃថាសនេះ គឺតែងតែកើតចំពោះមនុស្សវ័យចំណាស់ ឬក៏មានការទាក់ទងទៅនឹងការរស់នៅ និងការប្រើប្រាស់របស់លោកអ្នកដែលធ្វើឱ្យមានការសឹករេចរឹលម្តងបន្តិចៗ ។
-ថាសលៀន ឬក៏ខូច ៖ ជាទូទៅថាសនៅក្នុងរង្វង់មួយដ៏ល្អ មិនមានលៀន ឬក៏សង្កត់ទៅលើឆ្អឹងខ្នងទេ ប៉ុន្តែបើសិនជាថ្ងៃណាមួយលោកអ្នកជួបនូវបញ្ហាដូចជា អុកគូទ ឬក៏មានវ័យចាស់អាចធ្វើឱ្យថាសលៀនចេញមក ហើយខូចតែម្តង។
-ឆ្នឹងខ្នងសឹក ៖ បញ្ហានេះច្រើនតែកើតនៅលើមនុស្សមានវ័យចំណាស់ កាលណាឆ្អឹងខ្នងសឹក ហើយថ្ងៃណាមួយលោកអ្នកដួលអុកគូទអាចបណ្តាលឱ្យឆ្អឹងខ្នងបាក់ ។
-ការរលាកតំបន់ឆ្អឹងខ្នង ៖ កាលណាមានការឈឺចាប់រ៉ាំរ៉ៃអាចបណ្តាលឱ្យមានការរលាកប្រព័ន្ធសរសៃញឹកញាប់ នោះវាអាចធ្វើឱ្យកន្លែងដែលរលាកនោះឡើងក្រាស់ ហើយក្រិនខុសពីធម្មតា ។
-ទាក់ទងទៅនឹងតម្រងនោម ៈ កាលណាតម្រងនោមកើតមានបញ្ហាដូចជា ការឆ្លងមេរោគ ឬក៏មានក្រួសនៅក្នុងតម្រងនោម ក៏អាចធ្វើឱ្យមានការឈឺចាប់ចង្កេះបានដូចគ្នាដែរ។
-ស្ត្រីមានផ្ទៃពោះ ៖ ស្រ្តីមានផ្ទៃពោះក៏អាចធ្វើឱ្យមានបញ្ហាឈឺចង្កេះដែរ ដោយសារតែមានការកៀបសង្កត់ និងការរីកធំរបស់ស្បូន។
-ការប្រែប្រួលអ៊័រម៉ូន ៖ ការប្រែប្រួលអ៊័រម៉ូន នៅពេលស្រ្តីឈានទៅការអស់រដូវក៏ជាមូលហេតុដែលបណ្តាលឱ្យមានការឈឺចង្កេះដែរ។
-ដុំដៃស្បូន ៖ កាលណាស្ត្រីកើតមានជំងឺដុំនៅដៃស្បូន ក៏អាចបង្កឱ្យមានការឈឺចង្កេះដែរ ឬស្ត្រីកើតមានជំងឺដុំនៅក្នុងខ្លួននៅម្តុំអាងត្រគាក ក៏អាចធ្វើឱ្យមានការឈឺចាប់ចង្កេះដូចគ្នាដែរ ។
លោកវេជ្ជបណ្ឌិតបន្ថែមឱ្យដឹងថា ជំងឺចង្កេះអាចមានរោគសញ្ញាជាច្រើន ដែលលោកអ្នកគួរតែចាប់អារម្មណ៍ បន្ទាប់ពីរោគសញ្ញាជាច្រើនដែលទាក់ទងទៅនឹងមូលហេតុបង្កឱ្យមានការឈឺចង្កេះដូចដែលបានរៀបរាប់ខាងលើនេះដូចជា ៖
-អ្នកជំងឺមានអារម្មណ៍ថាស្ពឹក ហើយការស្ពឹកនេះមិនមែនស្ពឹកតែនៅតំបន់ចង្កេះនោះទេ ភាគច្រើនអាចមានការស្ពឹកនៅតំបន់ជើង ដូចជាកំភួនជើង ភ្លៅជាដើម ។
-ក្រៅពីស្ពឹកនៅតំបន់ជើងហើយនោះ លោកអ្នកក៏អាចមានអារម្មណ៍រួយជើង ឬក៏ឈឺដូចជាគេយកម្ជុលមកចាក់ជាដើម ។
-កាលណាដែលមានការកៀបខ្លាំងទៅលើប្រព័ន្ធសរសៃប្រសាទហើយនោះ វាអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ទៅលើការគ្រប់គ្រងប្រព័ន្ធទឹកនោម និងប្រព័ន្ធបញ្ចេញចោល (បន្ទោបង់) មិនបានល្អ ។ ឧទាហរណ៍ ដូចជាអ្នកគ្រោះថ្នាក់ចរាចរណ៍ បាក់ឆ្អឹងមួយកំណាត់ក្រោមជាដើម ។
ចំពោះផលប៉ះពាល់វិញនោះ ក្រៅពីមានការឈឺចាប់ ឬស្ពឹក រួយ ឬក៏មានអារម្មណ៍ថាដូចជាគេយកម្ជុលមកចាក់ ព្រមទាំងគ្រប់គ្រងបន្ទោបង់លែងបានហើយនោះ អ្នកជំងឺក៏អាចឈានទៅការទន់ជើង ឬក៏ស្វិតសាច់ដុំ ហើយស្លាប់មួយកំណាត់ក្រោម ធ្វើការងារអ្វីមិនកើត ដែលអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារទៀតផង។អ្នកខ្លះមិនធ្លាប់មានអាការឈឺចង្កេះទេ តែថ្ងៃណាមួយនៅពេលលោកអ្នកធ្វើការងារធ្ងន់ដូចជា ប្រឹងលើករបស់អ្វីមួយធ្ងន់ ស្រាប់តែមានអាការឈឺចង្កេះរហូតដល់ថ្នាក់ងាកខ្លួនពុំបាន ។ បើសិនបុគ្គលនេះមិនធ្លាប់ធ្វើការងារធ្ងន់ៗ ហើយមានអាយុមិនច្រើនប៉ុន្មាននោះ ស្ថានភាពបែបនេះមិនងាយកើតមានបញ្ហាធ្ងន់ទេ ច្រើនតែកើតបញ្ហាកន្ត្រាក់ខុសទំនងរបស់សាច់ដុំចង្កេះ ។
លោកវេជ្ជបណ្ឌិត ស៊ិក ធីរៈ ឱ្យដឹងទៀតថា ចំពោះការព្យាបាលវិញច្រើនតែធ្វើទៅតាមរោគសញ្ញារបស់អ្នកជំងឺដូចជា ៖
-បើសិនជាអ្នកជំងឺកើតមានបញ្ហាឈឺចង្កេះតិចតួច លោកអ្នកអាចយកទឹកក្តៅមកស្អំនៅតំបន់ចង្កេះដើម្បីកាត់បន្ថយការឈឺចាប់ ។
-បើសិនជាការឈឺចង្កេះកើតឡើងដោយសារការកន្ត្រាក់ខុសទំនងរបស់សាច់ដុំ លោកអ្នកមិនត្រូវដេកស្ងៀមនៅលើគ្រែទេ ព្រោះថាការដេកស្ងៀមនៅលើគ្រែលើសពី២ទៅ៣ថ្ងៃ អ្នកជំងឺអាចនឹងមានអាការឈឺចាប់កាន់តែខ្លាំង ដូច្នេះលោកអ្នកមិនត្រូវដេកស្ងៀមមួយកន្លែងទេ គួរតែរកទិញថ្នាំទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញយកមកទទួលទានទើបជាការប្រសើរ ។
-តាមការសិក្សារបស់អ្នកជំនាញបានឱ្យដឹងថា ការហាត់យោហ្គា គឺជាកត្តាមួយល្អនៅក្នុងការកាត់បន្ថយរោគសញ្ញាឈឺចង្កេះ ដោយត្រូវហាត់រយៈពេល១២សប្តាហ៍ ។
-ចំណែកវិធីម៉ាស្សាក៏ជាចំណុចមួយដ៏ល្អដែលអាចជួយកាត់បន្ថយការឈឺចង្កេះបានដែរ ប៉ុន្តែមិនត្រូវឱ្យអ្នកម៉ាស្សាឡើងជាន់ចង្កេះទេ ព្រោះអាចធ្វើឱ្យលោកអ្នកកាន់តែមានបញ្ហាធ្ងន់ឡើង ។
-ការប្រើប្រាស់ថ្នាំចាក់ និងថ្នាំគ្រាប់ ៖ គឺត្រូវតែធ្វើឡើងជាមួយគ្រូពេទ្យឯកទេសច្បាស់លាស់ មិនត្រូវទៅទិញថ្នាំ និងចាក់ថ្នាំដោយគ្មានការណែនាំទេ ។
-ការវះកាត់ ៖ នេះគឺជាបញ្ហាធ្ងន់មួយ ហើយមុននឹងលោកអ្នកសម្រេចចិត្តវះកាត់ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យឯកទេសឱ្យបានច្បាស់លាស់ជាមុនសិន ។
បើសិនជាលោកអ្នកមិនចង់ឱ្យកើតមានបញ្ហាធ្ងន់ចំពោះចង្កេះ លោកអ្នកគួរតែមានវិធានការនៅក្នុងការថែរក្សាចង្កេះរបស់លោកអ្នកឱ្យបានល្អ ទាំងការអង្គុយ ការឈរ ការដេក ការលី ឬក៏ធ្វើការងារធ្ងន់ៗ ជាពិសេសគឺការហាត់ប្រាណ។ បើសិនជាលោកអ្នកកើតមានបញ្ហាឈឺចង្កេះហើយនោះ លោកអ្នកមិនត្រូវជ្រើសរើសវិធីហាត់ប្រាណដូចជា ហក់លោតទេ ព្រោះថាបើសិនជាថ្ងៃណាមួយលោកអ្នកលោតតោងរបស់អ្វីមួយនោះ ហើយបែរជារអិលដៃតោងមិនជាប់ បណ្តាលឱ្យដួលអុកគូទនោះ វាកាន់តែធ្វើឱ្យចង្កេះរបស់លោកអ្នកមានបញ្ហា ។ វិធីល្អបំផុតសម្រាប់អ្នកជំងឺឈឺចង្កេះដែលចង់ហាត់ប្រាណនោះ គឺត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យឯកទេសជាមុនសិន ៕
ចែករំលែកព័តមាននេះ