ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​​​ផ្ទះ​បាយ​កុមារ​​​​យក​ចិត្ត​​ទុក​ដាក់​​​ចំពោះ​កុមារ​​​កំព្រា​​ និង​​​កុមារ​អនា​ថា​​គ្មាន​ទី​​ពឹង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដើម្បី​ចូលរួមចំណែក ​ក្នុង​គោលនយោបាយសង្គម​កិច្ចរបស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា អង្គការផ្ទះបាយ​កុមារបាននិង​កំពុង​យក​ចិត្តទុកដាក់ចំពោះកុមារ​កំព្រា និង​កុមារ​អនាថាគ្មានទីពឹង ដែល​កំពុងរស់នៅក្នុង​ស្ថាន​ភាព​លំបាក ។​

រាជ​ធានី​ភ្នំពេញ​ ៖ ដើម្បី​ចូលរួមចំណែក ​ក្នុង​គោលនយោបាយសង្គម​កិច្ចរបស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា អង្គការផ្ទះបាយ​កុមារបាននិង​កំពុង​យក​ចិត្តទុកដាក់ចំពោះកុមារ​កំព្រា និង​កុមារ​អនាថាគ្មានទីពឹង ដែល​កំពុងរស់នៅក្នុង​ស្ថាន​ភាព​លំបាក ។

ទាក់ទងនឹងគោលបំណងសកម្មភាពប្រចាំថ្ងៃរបស់អង្គការផ្ទះបាយកុមារ លោក ង៉ូវ ឈីវ ប្រធានអង្គការនេះបានឲ្យដឹងថា ជា​បន្តបន្ទាប់​អង្គការបានជួយផ្តល់អាហារ ជួយការ​ពារ​កុមារ​ដែល​កំពុងរស់នៅតាមចិញ្ចើមថ្នល់ ឬកុមារដើរ​រើសអេតចាយចិញ្ចឹមជីវិតនិងគ្រួសារ រួមទាំង​កុមារ​ដើរ​សុំទានគ្មានទីពឹង ដើម្បី​ឲ្យ​ពួក​គេមាន​អាហារហូប មានពេលសម្រាក និងមានសុវត្ថិ​ភាពទាំងផ្នែក​រាងកាយ និងសុខភាព ។ ដូច្នេះ​ហើយ ទើបយើងបង្កើតអង្គការផ្ទះបាយកុមារដើម្បីទទួលយកកុមារឲ្យ​មកសម្រាកនៅទីនេះក្នុងមួយថ្ងៃ២ម៉ោង និងទទួលបានការ​ហូបចុក​គ្រប់គ្រាន់ផងដែរ ។

លោក ង៉ូវ ឈីវ មានប្រសាសន៍ថា តាម​រយៈ​​អង្គការផ្ទះបាយកុមារនេះ កុមារនឹង​ទទួល​បានផលប្រយោជន៍ជាច្រើនទៀតដូចជា សុវត្ថិ​ភាពផ្ទាល់ខ្លួន ការរួចផុតពីការកេង​ប្រវ័ញ្ច គាប​សង្កត់លើកម្លាំងពលកម្ម រួមទាំងទទួលបាន​នូវ​ការអប់រំ ការបំពាក់បំប៉នអំពីការ​ការពារ​សុខ​ភាព និង​សីលធម៌ថែមទៀត ។ ជាក់ស្តែង នៅ​ពេល​​ដែល​កុមារមកសម្រាកក្នុងអង្គការ​ផ្ទះបាយ​កុមារ ពួកគេមិនត្រឹមតែទទួលបាន​ការហូប​ចុក​ប៉ុណ្ណោះទេ ថែម​ទាំង​ទទួលបាន​នូវការសម្អាត​ខ្លួន​ប្រាណ​ដូចជាងូតទឹក កាត់ក្រចក កាត់សក់ កក់​សក់ជាដើម ។ ទន្ទឹមនោះ យើងក៏បាន​រៀបចំ​កន្លែងដេកប្រកបដោយអនាម័យ កន្លែងជួបជុំ និងជជែកគ្នាលេង កន្លែងកម្សាន្ត​ កន្លែងអាន​សៀវភៅ ។ លោកបញ្ជាក់ថា ក្នុងរយៈពេល​ដែល​កុមារបានមកសម្រាកនៅទីនេះ គឺពួកគេ​សុទ្ធតែទទួល​នូវអារម្មណ៍ថា ទីនេះជាផ្ទះដ៏សុខ​សាន្តរបស់ពួកគេ ។

លោកប្រធានអង្គការបានអះអាងថា ​អង្គ​ការផ្ទះបាយ​កុមារ​មិនគ្រាន់​​​តែ​ផ្គត់ផ្គង់ ឬផ្តល់​ចំណី​អាហារដល់​កុមារប៉ុណ្ណោះទេ តែអង្គ​ការ​នេះ​​បានប្រមូល​កុមារឱ្យ​ចូលរួមជាសមាជិក ឬ​ជា​មហាគ្រួសារ​កុមារ​មួយប្រកបដោយ​សុវត្ថិ​ភាព​ សុខភាព និងការ​អប់​រំ ។ មិនតែប៉ុណ្ណោះ អង្គការផ្ទះបាយកុមារ ក៏បានរៀបចំជាកម្មវិធី​ដើម្បីនាំកុមារដើរទៅកម្សាន្តនៅរមណីយដ្ឋាន​មួយ​ចំនួនផងដែរ ។ ការ​នាំ​ដើរ​កម្សាន្ត​នោះ មិន​គ្រាន់​តែ​ធ្វើឲ្យពួកគេ​ទទួល​បាន​នូវការសប្បាយ​រីក​រាយ​ប៉ុណ្ណោះទេ តែអ្វីដែល​ពួក​គេទទួល​បាន​ជាសំខាន់​នោះ គឺការ​ផ្តល់​ទំនុកចិត្ត និងការ​កសាង​​ជីវភាព​ជា​បងប្អូនក្នុងមហាគ្រួសារ​តែ​មួយ ដូច​កុមារ​ដែល​រស់នៅក្នុងគ្រួសារមានឪពុក​ម្តាយ​ដែរ ។

អង្គការផ្ទះបាយកុមារ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១០ ហើយរហូតមកដល់​ពេលនេះបើគិតជាចំនួនចានអាហារដែលផ្តល់ឲ្យ
កុមារគឺមានប្រមាណ១២ម៉ឺនចានអាហារ ។ អង្គការទទួលបានកុមារក្នុងមួយថ្ងៃៗប្រមាណពី ១៥០ ទៅ២០០នាក់ចូលហូបអាហារជា
ប្រចាំ ។ ប៉ុន្តែកាលពីឆមាសទី១ ឆ្នាំ២០១២ កន្លងទៅនេះ អង្គការទទួលបានកុមារពី២៥០ ទៅ៣០០នាក់ក្នុងមួយថ្ងៃចូល​ហូបអាហារ និង​សម្រាកក្នុងផ្ទះបាយកុមារ ។

លោកង៉ូវ ឈីវ ប្រធាន​អង្គការផ្ទះ​បាយ​កុមារ​ ​អះ​អា​ង​​ថា ចាប់តាំងពី​បង្កើត​រហូត​មក​ដល់​ពេល​នេះ អង្គការទទួលបាននូវការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់ឪពុកម្តាយ និងអាណា​ព្យាបាលកុមារ រួមទាំងសាធារណជន​ និង​មន្រ្តី​រាជការផងដែរ។ លោកបញ្ជាក់បន្ថែមថា មូលនិធិសម្រាប់ទ្រទ្រង់​សកម្មភាពអង្គការផ្ទះបាយកុមារ គឺទទួលបាន​ពី​សប្បុរសជនទាំង​ក្នុងស្រុក និងក្រៅស្រុក ។ ទន្ទឹម​នោះ អង្គការផ្ទះ​បាយកុមារជាបន្តបន្ទាប់ទទួល​បាន​ការជួយឧបត្ថម្ភជា​សម្ភារ ថវិកា និងស្មារតី​ពីលោក ឧកញ៉ា ថុង អ៊ុយប៉ាង និងលោកជំទាវ យិន ​ផានី្ន ផងដែរ ៕