ការប្រើប្រាស់ខោទឹកនោមពិតជាផ្តល់សារប្រយោជន៍ច្រើនចំពោះអាណាព្យាបាលគ្រប់រូប ជាពិសេសគឺពេលវេលានៅក្នុងការមើលថែទារក ប៉ុន្តែវាក៏ផ្តល់គុណវិបត្តិផងដែរសម្រាប់កូនៗរបស់លោកអ្នក បើសិនជាលោកអ្នកមិនបានយល់ច្បាស់អំពីការថែទាំសុខភាព និងខ្វះអនាម័យ។
លោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសផ្នែកជំងឺកុមារនៃមន្ទីរពេទ្យកុមារជាតិប្រាប់កោះសន្តិភាពថា ទារក ឬកុមារមួយចំនួនដែលស្ថិតនៅក្រោមអាយុ២ឆ្នាំ និងរស់នៅក្រោមដំបូលផ្ទះអ្នកមានសមរម្យ អាណាព្យាបាលតែងតែជ្រើសរើសវិធីងាយៗនៅក្នុងការថែរក្សាដោយមិនសូវប្រើក្រណាត់ទ្រនាប់ទេ ភាគច្រើនគឺជ្រើសរើសខោទឹកនោម ព្រោះវាងាយស្រួលនៅក្នុងការផ្លាស់ប្តូរនៅពេលទារកបញ្ចេញកាកសំណល់មកខាងក្រៅដោយមិនបង្កភាពលំបាកនៅក្នុងការលាងជម្រះ ។ កត្តាមួយចំនួនដែលមាតាគ្រប់រូបមិនបានចាប់អារម្មណ៍ទៅលើវិធីប្រើប្រាស់ដែលអាចធ្វើឱ្យកូនៗរបស់លោកអ្នកកើតមានជំងឺផ្សេងៗទាំងមិនដឹងខ្លួនដោយសារតែខោទឹកនោម ។
ជំងឺរលាកស្បែកគូទរបស់ទារកអាចកើតឡើងដោយសារខោទឹកនោមដោយភាគច្រើនតែងតែកើតឡើងញឹកញាប់ជាងគេទៅលើទារកទើបតែកើត ឬទារកអាយុក្រោម១ឆ្នាំ ។ ខោទឹកនោមអាចបណ្តាលឱ្យស្បែកឡើងក្រហម ឬមានកន្ទួលតូចៗសង្កៀរស្បែក ។មិនតែប៉ុណ្ណោះកុមារធំក៏តែងតែជួបនូវបញ្ហារលាកដោយសារខោទឹកនោមដែរ ព្រោះកុមារធំចូលចិត្តគេងច្រើន ហើយមាតាបិតាដែលមើលថែមិនសូវជាចាប់អារម្មណ៍ទេ ព្រោះកុមារទាំងនោះមិនបានយំ ឬក៏ស្រែក ។ ដូចនេះហើយកំណកទឹកនោមឬលាមកដែលនៅក្នុងខោទឹកនោមជះឥទ្ធិពលមិនល្អ បង្កទៅជាមេរោគផ្សេងៗបង្កឱ្យមានបញ្ហារលាកស្បែក ហើយជំងឺនេះគេហៅថា «ជំងឺរលាកស្បែកដោយសារខោទឹកនោម» ។ ជាការពិតណាស់ជំងឺរលាកស្បែកដោយសារខោទឹកនោមនេះ អាចបណ្តាលមកពីមូលហេតុជាច្រើនដូចជា ៖
-ទឹកនោមដក់នៅទីនោះ (ខោទឹកនោម) មានរយៈពេលយូរដោយមិនបានផ្លាស់ប្តូរឱ្យបានញឹកញាប់ ។
-សាច់ខោមានសារជាតិគីមី នៅេពេលដែលសារជាតិគីមីនេះប៉ះទៅនឹងទឹកនោមធ្វើឱ្យមានប្រតិកម្ម វានឹងងាយបណ្តាលឱ្យស្បែកកុមាររលាក ។
-សាប៊ូដែលផ្សំឡើងដោយសារជាតិគីមីនេះផងដែរ កាលណាវាប៉ះទង្គិចជាមួយខោទឹកនោមយូរៗដោយមិនបានផ្លាស់ប្តូរឱ្យបានញឹកញាប់ក៏ធ្វើឱ្យស្បែកឆាប់រលាក ។
លោកវេជ្ជបណ្ឌិតហុង សុខឃាង បន្ថែមទៀតថា ប្រសិនបើកុមារ ឬទារកដែលរលាកស្បែកដោយសារខោទឹកនោម ការព្យាបាលមិនបានទទួលលទ្ធផលល្អទេនោះ វាអាចទៅជាជំងឺធ្ងន់ គឺអាចបណ្តាលឱ្យមានដំបៅរីកធំទៅៗ ធ្វើឱ្យទារក និងកុមារអាចវិវឌ្ឍទៅរកភាពគ្រោះថ្នាក់ ដូច្នេះសូមប្រញាប់បញ្ជូនកូនរបស់លោកអ្នកទៅជួបជាមួយគ្រូពេទ្យឯកទេស ទើបជាការប្រសើរ ។
ដើម្បីការពារកុំឱ្យ កើតមានបញ្ហារលាកស្បែកដោយសារខោទឹកនោមនោះ លោកអ្នកត្រូវប្រតិបត្តិទៅតាមវិធីដូចខាងក្រោម ៖
-ត្រូវផ្លាស់ប្តូរខោទឹកនោមឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ជាពិសេសគឺត្រូវផ្លាស់ប្តូរនៅពេលសើម ។
-លាងសម្អាតទារក ឬកុមារដែលប្រើប្រាស់ខោទឹកនោមជាមួយនឹងក្រណាត់ស្តើងស្អាតដោយជ្រលក់ទឹកក្តៅឧណ្ហៗយកទៅជូតគូទទារកគ្រប់ពេលដែលគេបត់ជើងតូច ឬធំ ។
-មិនត្រូវស្លៀកខោទឹកនោមឱ្យកុមារគ្រប់ពេលវេលាទេ ត្រូវជ្រើសរើសពេលវេលាណាមួយដែលសមគួរ ដើម្បីឱ្យទារក ឬកុមារនោះនៅខ្លួនទទេសម្រាប់ឱ្យទទួលពន្លឺថ្ងៃ ទទួលខ្យល់ធម្មជាតិ ព្រោះវាអាចជួយឱ្យស្បែកកុមារចៀសផុតពីជំងឺផ្សេងៗ។
-ត្រូវចៀសវាងប្រើប្រាស់សម្លៀកបំពាក់មានជាតិប្លាស្ទិក ព្រោះវាអាចធ្វើឱ្យស្បែករលាក។
-ត្រូវបោកសម្លៀកបំពាក់ក្មេងឱ្យស្អាត បើសម្លៀកបំពាក់ដែលបោកជាមួយសាប៊ូត្រូវលាងជម្រះឱ្យបានស្អាតល្អ ។
-ក្រោយពេលប្រើប្រាស់វិធីការពារខាងលើមិនបានផល កុមារ ឬទារកនៅតែទទួលរងការរលាកស្បែកត្រង់បរិវេណគូទនោះ គឺត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីរកថ្នាំព្យាបាល ។ លោកអ្នកដែលជាអាណាព្យាបាលត្រូវតែចេះជ្រើសរើសខោទឹកនោមណាដែលមានគុណភាពល្អ ព្រោះវាអាចជួយកាត់បន្ថយការរលាកស្បែកគូទរបស់កូនលោកអ្នកបាន ៕
ចែករំលែកព័តមាននេះ