រាជធានីភ្នំពេញ ៖ យុវជនស្ទាវមួយក្រុមមានគ្នា៥នាក់ ជិះរថយន្តស្ព័រ ពណ៌ស ពាក់ស្លាកលេខនគរបាលបានបើកទៅបុករនាំងដែកចែកផ្លូវទ្រេតអស់៣ផ្ទាំង ហើយរថយន្តព្យាយាមបើករត់ទាំងបែកកង់មុខបែកផ្កាភ្លើងព្រាតតាមផ្លូវ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ កក្កដា តាមមហាវិថីព្រះសីហនុ ទល់មុខក្រុមហ៊ុន Mobetel ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តស្ព័រពណ៌ស ពាក់ស្លាកលេខនគរបាល បើកដោយយុវជនអាយុប្រមាណ១៦ ទៅ១៧ឆ្នាំ មានគ្នាទាំងអស់៥នាក់ តាមមហាវិថីព្រះសីហនុ ពីកើតទៅលិច ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចខាងលើ មិនដឹងជាយ៉ាងម៉េច ស្រាប់តែរេចង្កូតទៅបុករនាំងដែកចែកផ្លូវទ្រេតអស់៣ផ្ទាំង រួចរថយន្តព្យាយាមបើករត់ទាំងបែកកង់មុខខាងឆ្វេងបានប្រមាណ២០ម៉ែត្រ ទៅដល់ផ្លូវកែងលេខ៥៥ប្រុងបត់ តែជិះហួសផ្លូវ ទើបដាក់លេខថយក្រោយវិញ មកដល់មុខឱសថស្ថានយូឃែរ រថយន្តទៅមុខលែងរួច ដោយសារតែយ៉ាន់ត្រូវបាក់ខ្ទេចហើយសំបកកៅស៊ូខ្ទាតចេញពីកង់អស់រលីង ។ក្រោយពេលកើតហេតុ យុវជនទាំង៥នាក់នោះ មិនបានរត់ចោលរថយន្តទេ នៅរង់ចាំ មើល សមត្ថកិច្ចស្ទូចយករថយន្តទៅរក្សាទុកនៅសាលាក្រុងភ្នំពេញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ