ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​​ប្ដឹង​​ឱ្យមន្ត្រី​សុរិយោដី​ធ្វើ​ប្លង់​កម្ម​សិទ្ធិដី​នៅ​តំបន់​២ តែ​មន្ត្រី​ជំនាញ​បដិសេធ​​

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​ចំនួន​០៣​គ្រួសារ ដែល​មាន​ផ្ទៃដី​កសិកម្ម​ចំនួន​ជាង​៦០​ហិច​តា ស្ថិត​នៅ​តំបន់​២ ក្នុងភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោងប្ញ​ស្សី បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ក្រុមការងារ​ចុះ​វាស់វែង​ដីធ្លីចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធនៅ​តំបន់​២ កាលពី​ថ្ងៃ​ទី០៨…

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​ចំនួន​០៣​គ្រួសារ ដែល​មាន​ផ្ទៃដី​កសិកម្ម​ចំនួន​ជាង​៦០​ហិច​តា ស្ថិត​នៅ​តំបន់​២ ក្នុងភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោងប្ញ​ស្សី បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ក្រុមការងារ​ចុះ​វាស់វែង​ដីធ្លីចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធនៅ​តំបន់​២ កាលពី​ថ្ងៃ​ទី០៨ ឧសភា ដើម្បី​ទទូច​ស្នើ​សុំ​ឲ្យ​ប្រធាន​ដឹកនាំ​ក្រុមការងារ​នេះជួយ​ដោះស្រាយ​ធ្វើ​ប្លង់​កម្ម​សិទ្ធិកាន់កាប់​ដី​ស្របច្បាប់ ខណៈ​មាន​ជន​ម្នាក់​មក​ពី​ភ្នំពេញ​បាន​អះអាង​ថា ដី​នៅ​តំបន់​នោះ​ (​ដី​ពលរដ្ឋ​០៣​គ្រួសារ​) ជា​ដី​របស់​ខ្លួន​ដែរ ហើយ​បាន​ព្យាយាម​រារាំង​ក្រុមការងារ​ជា​បន្តបន្ទាប់ មិន​ឲ្យ​ចេញ​ប្លង់​ដី​នោះ​ឲ្យ​ពលរដ្ឋ ទើប​ប្រធាន​ក្រុមការងារ​នេះ​បដិសេធ​មិន​ទាន់​អាច​ធ្វើ​ប្លង់​ដី​ជូន​ពលរដ្ឋ​ទាំង​០៣​គ្រួសារ​នេះ​បាន ដោយ​រង់ចាំ​ដោះស្រាយ​គ្នា​ចប់​។

ប្រជា​កសិករ​ចំនួន​០៣​គ្រួសារ​ មាន ១-​ឈ្មោះ ស៊ា​ង ស៊ន ភេទប្រុស​ អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ជ្រៃ​ជើង ឃុំ​ជ្រៃ (​មាន​ដី​ជាង​២០​ហិច​តា​) ២-​ឈ្មោះ ខ្លូ​យ អាន ភេទស្រី​ អាយុ​៥១​ឆ្នាំ នៅ​ភូមិ​អង្គ្រង ឃុំ​ជ្រៃ (​មាន​ដី​ចំនួន​២០​ហិច​តា​) និង ៣-​ឈ្មោះ សួង ឃី​ម ភេទប្រុស ​អាយុ​៦៤​ឆ្នាំ នៅ​ភូមី​ម្រះព្រៅ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី (​មាន​ដី​ចំនួន​២០​ហិច​តា​)​ ។

បើ​តាម​ការ​បញ្ជាក់​ពី​ប្រជា​កសិករ​ទាំង​០៣​គ្រួសារ ដី​របស់​ពួក​គាត់​ទាំងនោះ មួយ​ចំនួន​ស្ថិត​ក្នុង​តំបន់​​៣ និងមួយ​ចំនួន​ស្ថិត​នៅ​ក្នុង​តំបន់​២ ដែល​ពួក​គាក់​បាន​ទិញ​ពី​ម្ចាស់​ដើម​ជា​បន្តបន្ទាប់ តាំងពី​អំឡុង​ឆ្នាំ​២០០៨ និងបាន​កាប់​គាស់​ព្រៃ អាស្រ័យ​ផល​រហូត​ដល់​សព្វ​ថ្ងៃនេះ​។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២២ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ឈ្មោះ អេ​ង សុ​វ​ណ្ណា​រិ​ទ្ធ រស់នៅ​រាជធានី​ភ្នំពេញ បាន​មក​អះអាង​ថា «​ដី​ទាំង​អស់នោះ​ជា​ដី​របស់​ខ្លួន ហើយ​ថែម​ទាំង​បាន​ប្ដឹង​ពួក​គាត់​ទៅ​តុលាការ​ទៀត​ផង ដែល​ឈ្មោះ ជៀង ញឹ​ប និងប្រពន្ធ​ឈ្មោះ លី​ម ប៉ាវ​វួ​ច នៅ​ភ្នំពេញ​ដែរ ជា​អ្នក​ឈរឈ្មោះ​ដើមបណ្ដឹង​នេះ​»​។

នៅ​ក្នុង​បណ្ដឹងសុំ​អន្ត​រាគ​មន៍​​ពី​ប្រធាន​ក្រុមការងារ​ចុះ​វាស់វែង​ដីធ្លីចំ​បញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​តំបន់​២ ប្រចាំ​ឃុំ​ជ្រៃ ប្រជាពលរដ្ឋ​ទាំង​០៣​គ្រួសារ ហាក់​បាន​ចោទប្រកាន់​លេចធ្លោ​តែ​ម្ដង ចំពោះ​បុគ្គល​ឈ្មោះ អេ​ង សុ​វ​ណ្ណា​រិ​ទ្ធ ដែល​ពួក​គាត់​អះអាង​ថា «​បុគ្គល​រូប​នេះ ជា​អ្នក​ចេញ​មុខរា​រាំងជា​ដរាប​មិន​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​ប្លង់​ដី​ឲ្យ​ពួក​គាត់ បើ​ទោះជា​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​ដី​រួច​ហើយ​ក្ដី​»​ ។

លោក ស៊ា​ង ស៊ន ដែល​ជា​ម្ចាស់​ដី​ចំនួន​ជាង​២០​ហិកតា ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ភាគី​ឈ្មោះ អេ​ង សុ​វ​ណ្ណា​រិ​ទ្ធ បាន​ប្រាប់​ថា រូប​លោក​និង​ម្ចាស់​ដី​០២​គ្រួសារ​ទៀត សុទ្ធតែ​មាន​ឯកសារ​ផ្ទេរ​កម្ម​សិទ្ធិដីធ្លី​ទាំង​អស់នេះ​ស្របច្បាប់ ដែល​លោក​បាន​ទិញ​ពី​ម្ចាស់​ដើម តាំងពី​ឆ្នាំ​២០០៨ ហើយ​បាន​កាប់​គាស់​ព្រៃ និងបាន​អាស្រ័យ​ផល​រហូត​មក​ដល់​ពេល​នេះ​។

លោក​និយាយ​ថា ដីស្រែ​របស់​ពួក​គាត់ត្រូវ​បាន​មន្ត្រី​ជំនាញចុះ​វាស់វែង​រួច​អស់ហើយ តែ​គេ​មិន​ព្រម​ឲ្យ​ពួក​គាត់​ទៅ​បំពេញ​សំណុំ​បែបបទ ដើម្បី​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិទេ ដោយ​មន្ត្រី​ជំនាញ​អះអាង​ថា «​ដីស្រែ​របស់​ពួក​គាត់​មាន​គេ​ប្ដឹង​ជំទាស់​»​។ ប៉ុន្តែ​លោក​ប្រធាន​ក្រុមការងារ​វាស់វែង​ដី​នេះ បដិសេធ​ម្ដង​ហើយម្ដងទៀត ​មិន​ប្រាប់​អត្តសញ្ញាណ​អ្នក​ប្ដឹង​ជំទាស់​ឲ្យ​ពួក​គាត់​បានដឹង​ ឬ​បាន​ស្គាល់​នោះ​ទេ​។ ប៉ុន្តែ​កន្លង​មក​ លោក​ធ្លាប់​ឃើញ​តែ​បុគ្គល​ឈ្មោះ អេ​ង សុ​វ​ណ្ណា​រិ​ទ្ធ តែ​ម្នាក់​ប៉ុណ្ណោះ ដែល​តែងតែ​ចេញ​មុខ​ឈ្លោះប្រកែក​ជាមួយ​ពលរដ្ឋ​រឿង​ដីធ្លី​នេះ និងព្យាយាម​រារាំង​មន្ត្រី​ជំនាញ​មិន​ឲ្យ​ចេញ​ប្លង់​កាន់កាប់​ដី​ឲ្យ​ពួក​គាត់​។

ដូច្នេះ​ហើយ ទើប​រូប​លោក និងម្ចាស់​ដី​ចំនួន​០២​គ្រួសារ​ទៀត ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ប្រធាន​ក្រុម​ការងារ​នេះ ប្រឆាំង​នឹង​ជន​នេះ ដើម្បី​ស្នើ​សុំ​ឲ្យ​លោក​ប្រធាន​ក្រុមការងារ​ជួយ​រក​ដំណោះ​ស្រាយ និងធ្វើ​ប្លង់​កម្ម​សិទ្ធិដីធ្លី​ស្របច្បាប់​ដល់​ពួក​គាត់​។ នៅ​ក្នុង​សំណុំរឿង​នេះ បើ​យោង​លើ​ឯកសារ​នានា ដែល​កោះសន្តិភាពទ​ទូល​បាន​ពី​ប្រជាពលរដ្ឋ​ទាំង​០៣​គ្រួសារ ភាគី​ម្ខាង​ទៀត ដែល​មានឈ្មោះ ជៀង ញឹ​ប និងប្រពន្ធ​ឈ្មោះ លី​ម ប៉ាវ​វួ​ច រស់នៅ​ភូមិ​២ សង្កាត់​វាលវង់ ខ​ណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បាន​អះអាង​ថា ខ្លួន​មាន​ដី​ចំនួន​១០០​ហិច​តា នៅ​ក្នុងភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី (​ដី​កំពុង​មាន​ជម្លោះ​) ដោយ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ តាំងពី​ឆ្នាំ​២០០៧ និង មាន​លិខិត​ស្នាម​ជា​មូលដ្ឋាន​ស្របច្បាប់ ក្នុង​រាជ​កាល​លោក ឡុំ សោម ធ្វើ​ជា​អភិបាលស្រុក​មោង​ឬ​ស្សី​។

នេះ​បើ​យោង​លើ​ខ្លឹមសារ​ដែល​ភាគី​នេះ បាន​សរសេរ​ក្នុង​ពាក្យបណ្ដឹង ដែល​ប្ដឹង​ពលរដ្ឋ​ចំនួន​០៤​នាក់ ទៅ​កាន់​តុលាការខេត្ត​បាត់ដំបង កាលពី​ខែតុលា ឆ្នាំ​២០២៣ កន្លង​ទៅ​។ កោះសន្តិភាព មិន​អាច​ទំនាក់​ដើមបណ្ដឹង​ឈ្មោះ ជៀង ញឹ​ប និង ប្រពន្ធ​ឈ្មោះ លី​ម ប៉ាវ​វួ​ច ឬ ឈ្មោះ អេ​ង សុ​វ​ណ្ណា​រិ​ទ្ធ ដើម្បី​បំភ្លឺ​បន្ថែម​ក្នុង​សំណុំរឿង​ដ៏​ច​ម្រោ​ង​ចម្រាស់​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ទី០៩ ឧសភា ​នេះ​។

នៅ​ក្នុង​ពាក្យបណ្ដឹង​របស់​ពីរ​នាក់​ប្ដី ប្រពន្ធ នេះ​បាន​និយាយ​ថា បន្ទាប់​ពី​ទិញ​ដី​ខាងលើ​រួច​មក យើងខ្ញុំ​បាន​បន្ត​ការ​កាន់កាប់ ដោយ​សន្តិវិធី ដឹង​ឮជា​សាធារណៈ អហិ​ង្សា ពុំ​មាន​បុគ្គល​ណា​ម្នាក់​មក​រំលោភ​បំពាន​ឡើយ​។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០២២ ដើមបណ្ដឹង​រូប​នេះ បែរជា​មានការ​ភ្ញាក់ផ្អើល ក្រោយ​ពី​ឃើញ​មាន​ពលរដ្ឋ​មួយ​ក្រុម បាន​ចូល​ទៅ​ទន្ទ្រាន​យក​ដី​របស់​គាត់ ហើយ​ថែម​ទាំង​សាងសង់​សំណង់​រឹង​មាំ និងអាស្រ័យ​ផល​លើ​ដី​គាត​ទាំងស្រុង​។

បើ​និយាយ​ពី​អង្គហេតុ​ដាច់​ដោយឡែក​មួយទៀត ​នៅ​ក្នុង «​ពាក្យសុំ​ឲ្យ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​» ពី​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី២៤ មេ​សា ឆ្នាំ​២០២៣ លោក ជៀង ញឹ​ប និងភរិយា (​ដើមបណ្ដឹង​) បាន​ប្រាប់​តុលាការ​ដូច្នេះ​ថា «​យើងខ្ញុំ​មាន​ដី​ទំហំ​១០០​ហិច​តា នៅ​ភូមិ​អង្គ្រង ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី កាន់កាប់​តាំងពី​ឆ្នាំ​២០០៧ ជាប់លាប់​រហូត​មក​ដល់​បច្ចុប្បន្ន មាន​ព្រំ​សម្គាល់​ដី និង មានការ​ទ​ទួល​ស្គាល់​ពី​អា​ជ្ធា​ធរ​ត្រិ​ម​ត្រូវ​តាម​ច្បាប់​»​។

ដើមបណ្ដឹង​រូប​នេះ​ បាន​បញ្ជាក់​ប្រាប់​តុលាការ​ទៀត​ថា «​ក្នុង​ឆ្នាំ​២០២២ ឈ្មោះ​អេ​ង សុ​វ​ណ្ណា​រិ​ទ្ធ នៅ​រាជធានី​ភ្នំពេញ​ដែរ ជា​អ្នក​មើល​ការ​ខុស​ត្រូវ បាន​ចុះ​ពី​និត្យ​ដល់ទី​តាំង​ដី​របស់​យើងខ្ញុំ​ផ្ទាល់ ហើយ​បាន​ប្រាប់​មក​ខ្ញុំ​ថា ឃើញ​មាន​សកម្មភាព​ប្រជាពលរដ្ឋ​មួយ​ក្រុម​បាន​ទៅ​ចូល​ទន្ទ្រាន​ដី និង ភ្ជួរ​ដី ខ្លះ​ទៀត​អាស្រ័យ​ផល លើ​ដី​របស់​យើងខ្ញុំ​ស្ទើរ​ទាំងស្រុង និង បាន​ស្រាវជ្រាវ​ស្គាល់​អត្ត​ស​ញ្ណា​ណ​ប្រជាពលរដ្ឋ​ទាំងនោះ​ទៀត​ផង​»​។ ត្រង់​ចំណុច​នេះ មានការ​កត់​សម្គាល់ថា បើ​តាម​ការ​អះអាង​របស់​ដើមបណ្ដឹង​នៅ​ក្នុង​ពាក្យបណ្ដឹង និង ពាក្យសុំ​ដីកា​រក្សា​ការពារ គឺ​ដើមបណ្ដឹង​រូប​នេះ​បាន​អះអាង​ប្រាប់​តុលាការ​ថា ខ្លួន​បាន​កាន់​កាន់ ឬ គ្រប់គ្រង​ដីស្រែ​ចំនួន​១០០​ហិច​តា​នេះ តាំងពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន ក្រោយ​បាន​ពី​ពលរដ្ឋ​២០​គ្រួសារ​។

ប៉ុន្តែ​ដើមបណ្ដឹង​រូប​នេះ បែរជា​និយាយ​ជាន់កែង​ខ្លួន​ថា ខ្លួន​ទើបនឹង​ដឹង​នៅ​ឆ្នាំ​២០២២​ថា មាន​ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ចូល​ទៅ​ទន្ទ្រាន​យក​ដី​ខ្លួន​។ ត្រង់​ចំនុច​នេះ នាំ​ឲ្យ​ប្រជាពលរដ្ឋ​ចោទ​ជា​សំនួ​រថា ចុះបើ​ម្ចាស់​ដី​រូប​នេះ​ទិញ​និង​កាន់កាប់​ដី​ចំនួន​១០០​ហិច​តា​នៅ​តំបន់​២ ឬ តំបន់​៣ នោះ​ចាប់តាំងពី​ឆ្នាំ​២០០៧ រហូត​មក​ដល់​បច្ចុប្បន្ន ចុះ​ហេតុ​អ្វី​បានជា​មិនដឹង​ពលរដ្ឋ​ចូល​ទន្ទ្រាន​ដី​របស់​ខ្លួន បែរជា​ទើប​មក​ដឹង​នៅ​ឆ្នាំ​២០២២ ? តើ​ចន្លោះ​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០២២ ដើមបណ្ដឹង​នេះ​នៅឯណា ទើប​មិន​ដឹង​ថា មាន​ពលរដ្ឋ​ចូល​ទ្ទ្រាន​ដី​ខ្លួន ? ឬ​មួយ​ដើមបណ្ដឹង​រូប​នេះ​និយាយ​កុហក​តុលាការ ? កាល​សម្ដេច​ហ៊ុន សែន ប្រកាស​ឲ្យ​អ្នក​រំលោភ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ចេញ​មុខ​សារភាព​ប្រគល់​ដី​ជូន​រដ្ឋ​វិញ តើ​ដើមបណ្ដឹង​រូប​នេះ បាន​ចេញ​មុខ​សារភាព និង បាន​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ដែរ​ឬ​អត់ ?

ដោយឡែក ​បើ​និយាយ​ពី​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ ដែល​កំពុង​រង​បណ្ដឹង​វិញ គ្រប់​គ្នា​សុទ្ធ​បាន​អះអាង​ថា ពេល​រដ្ឋាភិបាល​ប្រកាស​យក​ដី​តំបន់​៣​វិញ ពួក​គាត់​បាន​ចេញ​មុខ​សារភាព និង បាន​ធ្វើ​កិច្ចសន្យា​ផ្ដិត​មេដៃ​ប្រគល់​ដី​តំបន់​៣ ទាំងអស់​ដែល​ខ្លួន​បាន​អាស្រ័យ​ផល​ជូន​រដ្ឋ​វិញ ចំណែក​អ្នកខ្លះ​មិន​បាន​ប្រគល់​ទេ ព្រោះ​ដី​របស់​ពួក​គាត់​ស្ថិត​ក្នុង​តំបន់​២​។ អ្នកស្រី ខ្លូ​យ អាន នៅ​ភូមិ​អង្គ្រង ឃុំ​ជ្រៃ ដែល​មាន​ដី​ចំនួន​២០​ហិច​តា ដែល​កំពុង​ជាប់​ក្នុង​បណ្ដឹង​ដែរ បាន​ប្រាប់​ថា អ្នកស្រី​មិន​បាន​ប្រគល់​ដី​ជូន​រដ្ឋ​ទេ ព្រោះ​ដី​អ្នកស្រី ស្ថិត​នៅ​ក្នុង​តំបន់​២​។

អ្នកស្រី​និយាយ​ថា អ្នកស្រី​ដំបូង​ឡើយ​ដី​២០​ហិច​តា​នោះ គាត់​បាន​ធ្វើ​ប្រ​វ៉ាស់​ជាមួយ​ម្ចាស់​ដី ក្រោយមក​គាត់​សន្សំ​ប្រាក់​បាន​ខ្លះ និង ខ្ចី​ធនាគារ​ខ្លះ ក៏​សុំ​ទិញ​ដី​នោះ​ពី​ម្ចាស់​ដើម​ទាំងអស់ ហើយ​កាប់​គាស់​ព្រៃ​ខ្ចាស់ អាស្រ័យ​ផល​រហូត​មក​ដល​សព្វ​ថ្ងៃនេះ​។ ចំពោះ​អ្នក​ប្ដឹង​ទាមទា​ដី បើ​តាម​អ្នកស្រី ខ្លូ​យ អាន ក៏​ដូច​ជា​ម្ចាស់​ដី​០២​គ្រួសារ​ទៀត បាន​ប្រាប់​ថា ក្នុង​ឆ្នាំ​២០២២ ដែល​ដើមបណ្ដឹង​អះអាង​ថា អ្នកស្រី​ចូល​ទ្ទ្រាន​ដី​គាត់​នោះ មិន​ពិត​ទេ​។ តាម​ពិត​ពេល​នោះ​ឈ្មោះ អេ​ង សុ​វ​ណ្ណា​រិ​ទ្ធ នោះ​បាន​ជិះ​រថយន្ត​មក​សួរនាំ​គេឯង​ក្នុងភូមិ មិន​ស្គាល់​ដី​ខ្លួនឯង​នៅ​ចំណុច​ណា ព្រំ​ត្រង់​ណា​ផង​។

គាត់​និយាយ​ថា ឈ្មោះ​រិ​ទ្ធ នេះ​ កាន់​ក្រដាស់​មួយ​សន្លឹក បាន​ឲ្យ​អ្នក​ភូមិ​ជួយ​ជួន​ដើរ​រក​ដី ម្ដង់​ចង្អុល​ត្រង់នេះ ម្ដង​ចង្អុល​ត្រង់នោះ ពារ​លើ​ដី​គេ​ដី​ឯង​។ ចាប់ពី​ពេល​នោះ​រហូត​មក​ដល់​ពេល​នេះ ឈ្មោះ
រិ​ទ្ធ នេះ​ តែង​ចេញ​មុខ​រហូត ដោយ​អះអាង​ថា ដី​តំបន់​២ របស់​ពួក​គាត់​ជា​ដី​របស់​ខ្លួន ហើយ​រា​រាំងជា​បន្តបន្ទាប់​មិន​ឲ្យ​មន្ត្រី​សុរិយោ​ធ​ចេញ​ប្លង់​ឲ្យ​ពួក​គាត់​ទេ ហើយ​ពួក​គាត់​ក៏​ពុំដែល​បាន​ជួប​ដើមបណ្ដឹង​​ផ្ទាល់​ឈ្មោះ ជៀង ញឹ​ប និង ភរិយា ម្ដងណា​ដែរ គឺ ជួប​តែ​ឈ្មោះ អេ​ង សុ​វ​ណ្ណា​រិ​ទ្ធ នេះ​រហូត​។

សាក្សី​ម្នាក់​ឈ្មោះ ឈុ​ន រឿ​ន ភេទប្រុស ​អាយុ​៦០​ឆ្នាំ ដែល​ធ្លាប់​ជួល​ដីស្រែ​របស់​ម្ចាស់​ដី​ឈ្មោះ ស៊ា​ង ស៊ន អាស្រ័យ​ផល​អស់​រយៈ​ជាង​១០​ឆ្នាំ​កន្លង​ទៅ​នេះ បាន​និយាយ​ថា គាត់​បាន​ជួល​ដី​របស់​ឈ្មោះ ស៊ា​ង ស៊ន ដើម្បី​កាប់​ឆ្ការព្រៃ​ធ្វើស្រែ​តាំងពី​ឆ្នាំ​២០០៨ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គិត​ទៅ​ជាង​១០​កន្លង​មក​ហើយ​។ គាត់​និយាយ​ទៀត​ថា តាំងពី​គាត់​ជួល​ដីស្រែ​នេះ​ធ្វើ គាត់​មិន​ដែល​ឃើញ​ជន​ណា​ម្នាក់​មក​រំខាន មក​ទាមទា​ដី​ពី​ម្ចាស់ ហើយ​ក៏​មិន​ដែល​ឃើញ​មក​ធ្វើស្រែ​លើ​ដី​នេះ ក្រៅពី​គាត់់ និង ម្ចាស់​ដី​ដែរ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០២២ ស្រាប់តែ​មាន​អ្នក​ភ្នំពេញ មក​ទាមទារ​ដី​នេះ ដោយ​អះអាង​ថា ជា​ដី​របស់​ខ្លួន រហូត​ប្ដឹង​ម្ចាស់​ដី​ដែល​គាត់​ជួល​ទៅ​តុលាការ​ទៀត​ផង​។

គាត់​បញ្ជាក់​ថា គាត់​រស់នៅ​មូលដ្ឋាន និង ធ្វើស្រែ​នៅ​ចំណុច​ខាងលើ​នេះ​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ មិន​ធ្លាប់​ស្គាល់ ឬ ធ្លាប់​ឃើញ​មុខ ក្រុម​អ្នក​ភ្នំពេញ​ដែល​ម្ដឹ​ង​ប្រជាពលរដ្ឋ​ខាងលើ​នេះ ធ្វើស្រែ​ឬ​ចេញចូល​តំបន់​នោះ​ទេ ទើប​នៅ​ឆ្នាំ​២០២២ ស្រាប់តែ​ក្រុម​នេះ​ចេញ​មុខ​អះអាង​ថា ខ្លួន​មាន​ដី​១០០​ហិច​តា នៅ​តំបន់​នោះ​។ លោក ថា​ន់ ស៊ា​ន មេឃុំ​ជ្រៃ បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី ០៩ ឧសភា ថា លោក​បានដឹង​អំពី​ជម្លោះ​រឿង​ដីស្រែ​រវាង​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ ជាមួយ​អ្នក​នៅ​ភ្នំពេញ ដែល​អះអាង​ថា មាន​ដី​នៅ​ភូមិ​អង្គ្រង​ចំនួន​១០០​ហិច​តា តែ​លោក​មិន​ដែល​បាន​ជួប​មុខ​ពួក​គេ​ម្ដងណា​ទេ ហើយ​ពួក​គេ​ក៏​មិន​ដែល​មក​ជួប​លោក​ដែរ​។

លោក​មេឃុំ បាន​ប្រាប់​ថា បើ​លោក​ឃើញជាក់ស្ដែង ដី​មាន​ជម្លោះ​នោះ គឺ​ពលរដ្ឋ​បាន​អាស្រ័យ​ផល​រាល់​ឆ្នាំ​រហូត​មក​ដល់​ស​ព្វ្​ថ្ងៃនេះ​។ ប៉ុន្តែ​ក្រោយ​រដ្ឋាភិបាល​ប្រកាស​កាត់​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ ស្រាប់តែ​មាន​អ្នក​ភ្នំពេញ​មក​អះអាង​ថា ពួក​គេ​មាន​ដី​នៅ​តំបន់​នោះ រហូត​ផ្ទុះ​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ប្ដឹងផ្ដល់​គ្នា​ទៅ​តុលាការ​។ លោក​ថា បើ​តាម​លោក​ដឹង​អ្នក​ភ្នំពេញ​នោះ អះអាង​ថា មាន​ដី​នៅ​ទីនោះ តែ​ពេល​មក​រក​ដី ហាក់​មិន​ស្គាល់​ដី​ខ្លួនឯង​នៅ​ត្រង់​ណា​ផង រហូត​ឲ្យ​អ្នកស្រុក​ជួយ​ជូន​ដើរ​មើល​។

នៅ​ក្នុង​សកម្មភាព​ក្រុម​អ្នក​ភ្នំពេញ​នេះ បើ​តាម​លោក​មេឃុំ បាន​វាយតំលៃ​ថា «​អ្នក​ដែល​មក​ចង្អុល​ថា ដី​ខ្លី​នៅ​កន្លែង​នេះ កន្លែង​នោះ គឺ​អត់​ត្រូវ​ទេ​។ ព្រោះ​លោក​ឃើញ​តែ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​លើ​ដី​នោះ​រាល់​ឆ្នាំ មិន​ធ្លាប់​ឃើញ​ក្រុម​អ្នក​ភ្នំពេញ​ខាងលើ​នេះ​មក​ធ្វើស្រែ​លើ​ដី​នោះ​ម្ដងណា​ទេ​។ ជុំវិញ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចំនួន​០៣​គ្រួសារ ដាក់​ជូន​លោក​ប្រធាន​ក្រុមការងារ​ចុះ​វាសវែង​ដី​តំបន់​២ នៅ​ក្នុង​ឃុំ​ជ្រៃ វិញ កោះសន្តិភាព មិន​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​ពី​ប្រធាន​ក្រុមការងារ​នេះ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី ០៩ ឧសភា​។ ប៉ុន្តែ​បើ​តាម​ប្រជាពលរដ្ឋ​ដែល​ពាក្យបណ្ដឹង​ទៅ​ជូន​លោក​ប្រធាន​ក្រុមការងារ​នេះ បាន​ប្រាប់​ថា «​លោក​ប្រធាន​ក្រុមការងារ​បាន​ទ​ទូល​យក​បណ្ដឹង​ហើយ​។

លោក​ប្រធាន​ក្រុមការងារ​មិន ទ​ទូល​យកពាក្យ​បណ្ដឹង តែ​មិន​បាន​បើក​មើល​ពាក្យបណ្ដឹង​ទេ គ្រាន់​តែ​បាន​ឆ្លើយ​តប​ថា «​ខ្ញុំ​ទ​ទូល​ពាក្យបណ្ដឹង តែ​ខ្ញុំ​មិន​មើល​ទេ​។ ខ្ញុំ​ក៏​មិន​ទាន់​អាច​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ឲ្យ​ដែរ ព្រោះ​មាន​គេ​ប្ដឹង​ទាស់​ហើយ​»​។ លោក​ប្រធាន​ក្រុមការងារ​បាន​បញ្ជាក់​ថា បើ​ដោះ​ស្រាយ​ចប់​គាត់​នឹង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ឲ្យ​ហើយ​៕ ​

អត្ថបទសរសេរ ដោយ