នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ដកហូតថ្នាំញៀនជាង១គីឡូក្រាម
ខេត្តពោធិ៍សាត់ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់…
ខេត្តពោធិ៍សាត់ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ។
ក្រោមការដឹកនាំផ្ទាល់ ដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងចម្រុះបានចុះបង្ក្រាបចំនួន ៣គោលដៅផ្សេងគ្នា ។
គោលដៅទី១ ៖ ភូមិស្ពានថ្ម សង្កាត់រលាប ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម ផារិទ្ធ អាយុ ៤៦ឆ្នាំ។ ដកហូតបានថ្នាំញៀន ១កញ្ចប់ (៣.៤១ក្រាម) និងទូរសព្ទ ១គ្រឿង។ តាមចម្លើយសារភាព ជននេះបានទិញថ្នាំញៀនពីឈ្មោះ តុ និងឈ្មោះ ញ្ញា ។
គោលដៅទី២ ៖ នៅភូមិមាន់ចែ សង្កាត់ព្រៃញី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ទិត្យបញ្ញា (ហៅញ្ញា) អាយុ ៣៩ឆ្នាំ។ ដកហូតបានថ្នាំញៀន ១កញ្ចប់, ទូរសព្ទ ១គ្រឿង និងម៉ូតូ Scoopy ១គ្រឿង ។
គោលដៅទី៣ ៖ នៅភូមិក្បាលហុង សង្កាត់បន្ទាយដី ឃាត់ខ្លួនជនសង្ស័យឈ្មោះ បុទ្ធិ ស័ក្កសេនា (ហៅតុ) អាយុ ៣៧ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ៨កញ្ចប់ធំ ដែលមានទម្ងន់សរុបដល់ទៅ ១,១៥៥.៦០ ក្រាម (ជាង ១គីឡូក្រាម) រួមជាមួយជញ្ជីងថ្លឹង និងឧបករណ៍សេពមួយចំនួនទៀត ។
វត្ថុតាងសរុប ដែលដកហូតបានរួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនសរុបជាង ១.១៥ គីឡូក្រាម។
ទូរសព្ទដៃ ៣គ្រឿង និងម៉ូតូ ១គ្រឿង។ ជញ្ជីងថ្លឹងថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយកំប្លេ។ ជនសង្ស័យទាំង ៣នាក់ សុទ្ធតែមានលទ្ធផលតេស្តទឹកនោម វិជ្ជមាន (+) ។
តាមការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះជារបស់ខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ អែម កុសល (ដែលកំពុងរត់គេចខ្លួន) ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកដែលនៅសេសសល់ ៕


ចែករំលែកព័តមាននេះ