ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អូស្ត្រាលី ​បើក​ទំព័រ​ថ្មី​ សម្រាប់​កិច្ច​សហប្រតិបត្តិការ ​ក្នុង​វិស័យ TVET តាម​រយៈ​ភាព​ជា​ដៃគូ​ បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​ នៅ​កម្ពុជា

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ…

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកស្រី Bridget Collier ភារធារី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​ នៅ​កម្ពុជា (ACE-C) ហៅ​កាត់​ថា អេស ខេ​ម​បូ​ឌា ជា​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់ ក្រោម​ភាព​ជា​ដៃគូ​រវាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​វិទ្យាស្ថាន Bendigo Kangan (BKI) អូស្ត្រាលី ហើយ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី ​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​នា​ព្រឹក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បាន​សម្តែង​នូវ​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រឹងប្រែង​រហូត​សម្រេច​បាន ​សមិទ្ធផល​ថ្មី​នេះ ដោយ​ឯកឧត្តម​សង្កត់ធ្ងន់​ថា ការ​បង្កើត​បាន និង​បើក​ឱ្យ​ដំណើរ​ជា​ផ្លូវការ អេស ខេ​ម​បូ​ឌា នា​ថ្ងៃនេះ គឺ​មិន​ត្រឹមតែ​ជា​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​វាង​កម្ពុជា និង​អូស្ត្រាលី​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ នៃ​ភាព​ជា​ដៃគូ​រវាង​ភាគី​ទាំង​ពីរ ដោយ​ផ្អែក​លើ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​របស់​យើង​ ចំពោះ​ការ​អភិវឌ្ឍ​ជំនាញ និង​ការ​រៀនសូត្រ​ពេញ​មួយ​ជីវិត ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ក្រោម​ចក្ខុវិស័យ​ដ៏​មុត​ស្រួច និង​វែង​ឆ្ងាយ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច សម្តេច បាន​រំលឹក​ឡើង​វិញ​ថ្មី​ៗ​នេះ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​អាស៊ាន​-​កម្ពុជា​ឆ្នាំ​២០២៦ ថា “​ប្រជាជន​” គឺជា​ទ្រព្យសម្បត្តិ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​គូសបញ្ជាក់​ថា អេស ខេ​ម​បូ​ឌា នឹង​ដើរតួ​នាទី​ជា​វេទិកា​ឈានមុខ​ក្នុង​ការ​បណ្តុះបណ្តាល​ជាក់ស្តែង ​ផ្នែក​យានយន្ត ហើយ​មាន​គោលបំណង​លើកកម្ពស់​ស្តង់ដា ពង្រឹង​ការ​ត្រៀមខ្លួន​ចូល​ធ្វើការ និង​ណែនាំ​វិធីសាស្ត្រ “​រៀន​ផង ធ្វើការ​ផង​” ដោយ​យក​គំរូ​តាម​ប្រព័ន្ធ​សិស្ស​របស់​អូស្ត្រាលី​។ កិច្ច​សហប្រតិបត្តិការ​នេះ​ផ្តោត​លើ​អាទិភាព​យុទ្ធសាស្ត្រ​ចម្បង​ចំនួន ៥ ដូច​ជា​៖ (១) ការ​ពង្រឹង​ជំនាញ និង​ការ​រៀន​ជំនាញ​ថ្មី​, (២) នវានុវត្តន៍ និង​គម្រោង​សាកល្បង​, (៣) ការ​បំប្លែង​ឌី​ជី​ថ​ល​ក្នុង TVET, (៤) ការ​សម្របសម្រួល​គោលនយោបាយ និង​(៥) ការ​ផ្ទេរ​ចំណេះដឹង និង​បច្ចេកវិទ្យា​។ តាម​រយៈ​ការ​រួម​បញ្ចូល​កម្មវិធី​សិក្សា​របស់ BKI និង​បច្ចេកវិទ្យា​ឧស្សាហកម្ម​ទំនើប​របស់ RMA, កម្ពុជា​មិន​ត្រឹមតែ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បង្កើត​មជ្ឈមណ្ឌល​គំរូ​សម្រាប់​នវានុវត្តន៍​ក្នុង​ការ​វិភាគ​វិនិច្ឆ័យ​, យានយន្ត​អគ្គិសនី និង​សុវត្ថិភាព ហើយ​ក៏​ធានា​ថា សិស្ស​បញ្ចប់​ការ​សិក្សា​មាន​ភាព​ត្រៀមខ្លួន​សម្រាប់​ការងារ​តាំងពី​ថ្ងៃ​ដំបូង​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​សង្កត់ធ្ងន់​ថា តាម​រយៈ​ផ្លែផ្កា​នៃ​កិច្ចសហការ​នេះ យើង​នឹង​រួម​គ្នា​បង្កើត​ប្រព័ន្ធ TVET ជំរុញ​ដោយ​ឧស្សាហកម្ម​ទំនើប ដែល​ផ្តល់​ឱ្យ​យុវជន​នូវ​សមត្ថភាព​ឧស្សាហកម្ម​ ជាមួយនឹង​ទេព​កោសល្យ ដែល​អាច​ជួយ​ប្រទេស​កម្ពុជា​ជាមួយនឹង​ទំនុកចិត្ត​ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ​។

លោកស្រី Bridget Collier ក៏​បាន​ចាត់​ទុក​មជ្ឈមណ្ឌល​នេះ គឺជា​ជំហាន​ថ្មី​មួយទៀត​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​អូស្ត្រាលី និង​កម្ពុជា ដែល​បាន​បន្ត​យូរ​មក​ហើយ​ក្នុង​វិស័យ​អប់រំ និង​ការ​អភិវឌ្ឍ​សមត្ថភាព​មនុស្ស ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​បន្ត​រីក​ចម្រើន ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ឆ្ពោះទៅ​រក​ឧស្សាហកម្ម​កម្រិត​ខ្ពស់​ជាង​មុន ហើយ​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ ក៏​ក្លាយជា​កត្តា​ស្នូល​កាន់តែ​សំខាន់​សម្រាប់​ការ​សម្រេច​បំណង​អភិវឌ្ឍ​របស់​ខ្លួន ​។

លោកស្រី Sharan Burrow ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន BKI, លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia និង​លោក វ៉ា​ន់ វិចិត្រ ដេ​វីត នាយក​មជ្ឈមណ្ឌល អេស ខេ​ម​បូ​ឌា សុទ្ធតែ​បាន​សង្កត់ធ្ងន់​ទៅ​លើ​ភាព​ជា​ដៃគូ​នៃ​កិច្ច​សន្ទនា ដែល​នាំ​ឱ្យ​មាន​សមិទ្ធផល​នេះ ដែល​អូស្ត្រាលី​ពិតជា​មាន​មោទនភាព​ដែល​បាន​រួមចំណែក​បង្កើត​ឡើង​ដែល​នឹង​គាំទ្រ​ដល់​សិស្ស​រាប់​ពាន់​នាក់​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ ក្នុង​ការ​កសាង​ជំនាញ ពង្រឹង​អាជីព និង​ការ​រីក​ចម្រើន​បន្ត​ទៀត​នៃ​វិស័យ​យានយន្ត និង​វិស័យ​ផលិតកម្ម​កម្ពុជា ​។

នា​ឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម Derek YIP ឯកអគ្គរដ្ឋទូត​អូស្ត្រាលី និង​លោកស្រី Bridget COLLIER, លោកស្រី Sharan BURROW ប្រធាន​ក្រុមប្រឹក្សា​វិទ្យាស្ថាន BKI, ក្រុមហ៊ុន RMA Cambodia, មូលនិធិ​អភិវឌ្ឍ​ជំនាញ និង​ដៃគូ​ដទៃ​ទៀត ចំពោះ​ការ​ជឿ​ទុកចិត្ត និង​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្កើត​ការ​វិនិយោគ​លើ​គំរូ​ភាព​ជា​ដៃគូ​រដ្ឋ​-​ឯកជន នេះ​ឡើង (PPP) ដែល​ជួយ​បង្កើន​ភាព​ធន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ ៕ អត្ថបទសហការ