មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង បានបញ្ចេញសារបង្ហោះដោយអំពាវនាវអោយវង់ភ្លេងខ្មែរនៅក្នុងខេត្តទាំងអស់ រក្សានូវប្រពៃណីអោយបានល្អ និងខ្ជាប់ខ្ជួន ដើម្បីផ្តល់តម្លៃ និងថែរក្សាដល់សិល្បៈ វប្បធម៌ខ្មែរ និងនាំមកនូវសិរីសួស្តីដល់គូស្វាមីភរិយាថ្មី ។

ការអំពាវនោះបានធ្វើឡើង បន្ទាប់ពីរូបភាពបង្ហាញពីសកម្មភាពវង់ភ្លេងខ្មែរ មួយដែលមានតួអង្គ សម្តែងមិនសមរម្យ និងតាមក្បួនខ្នាតនៃក្នុងពិធីកាត់សក់បង្កក់សិរីនៅក្នុងពិធីមង្គការមួយបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គម ។
តាមរយៈរូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញពីសកម្មភាព តួអង្គបុរសម្នាក់បានសម្តែងរហូតស្រាតខោរបស់ខ្លួន ដើម្បីឲ្យឃើញខោទឹកនោមដែលខ្លួនកំពុងស្លៀកនៅខាងក្នុង ក្នុងន័យចង់អោយអ្នកទស្សនាសើចសប្បាយ ។
យ៉ាងណា គេមិនទាន់ដឹងទេថា រូបភាពសកម្មភាពខាងលើនេះបានកើតឡើងនៅក្នុងវង់ភ្លេងខ្មែរខេត្តណាឡើយ ប៉ុន្តែសកម្មភាពមួយនេះបានធ្វើអោយមហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមបាននាំគ្នារិះគន់យ៉ាងចាស់ដៃ នឹងបានចាត់ទុកទង្វើនេះនាំអោយខូចខាតតម្លៃ និងជះឥទ្ធិពលមិនល្អដល់ទំនៀមទំលាប់ ប្រពៃណីនៅក្នុងពិធីកាត់សក់នៃអាពាហ៍ពិពាហ៍ខ្មែរ ។
ជាមួយនឹងការរិះគន់ខាងលើនេះ មហាជនក៏បានធ្វើការស្នើសុំទៅកាន់ភាគីពាក់ព័ន្ធអោយចាត់វិធានការ និងហៅវង់ភ្លេងខ្មែរ និងតួអង្គសម្តែងនេះយកមកអប់រំកែប្រែនូវកំហុសដែលធ្វើនាពេលនេះផងដែរ ។
យ៉ាងណា ពាក់ព័ន្ធបញ្ហាខាងលើនេះ មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង បានចេញសារអំពាវ
អោយវង់ភ្លេងខ្មែរ ជាពិសេស សិល្បៈករ សិល្បៈការិនីទាំងអស់គោរព និងថែរក្សានូវប្រពៃណីរបស់ខ្មែរ ហើយសង្ឃឹមថា វង់ភ្លេងប្រពៃណីនៅក្នុងខេត្តកំពង់ឆ្នាំង នឹងមិនមានទិដ្ឋភាពសម្តែងបែបនេះឡើយ ។
តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមឲ្យគូសបញ្ជាក់ថា មន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង សូមអំពាវនាវអោយថែរក្សាប្រពៃណី បន្ទាប់ពីវង់ភ្លេងមួយរងការរិះគន់រឿងសម្តែងមិនសមរម្យក្នុងពិធីកាត់សក់បង្កក់សិរី នៅក្នុងកម្មវិធីមង្គលការមួយ ។
មហាជនបានរិះគន់ពាក់ព័ន្ធនឹងកាយវិកា និងរបៀបស្លៀកពាក់មិនសមរម្យ ជាពិសេសការស្លៀកខោទឹកនោមរបស់តួអង្គសម្តែង ខណៈមានភ្ញៀវកិត្តិយសជាច្រើនកំពុងទស្សនា។ មហាជនមួយចំនួនបានចូលមតិសួរថា «តើទង្វើបែបនេះអាចចាត់ទុកថាជាពិធីកាត់សក់បង្កក់សិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មីបានដែរឬទេ»?។
ជុំវិញបញ្ហានេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងសង្ឃឹមថា វង់ភ្លេងប្រពៃណីនៅក្នុងខេត្តកំពង់ឆ្នាំង នឹងមិនមានទិដ្ឋភាពសម្តែងបែបនេះឡើយ ហើយអំពាវនាវឲ្យសិល្បករ និងអ្នកពាក់ព័ន្ធរួមគ្នាថែរក្សា និងផ្តល់តម្លៃដល់ពិធីមង្គលប្រពៃណី ដែលជាប្រពៃណីដ៏ល្អប្រពៃរបស់ខ្មែរ និងនាំមកនូវសិរីសួស្តីដល់គូស្វាមីភរិយាថ្មី ៕
ចែករំលែកព័តមាននេះ