ខេត្តសា្វយរៀង ៖ ក្រោយការដោះស្រាយបញ្ចប់ទំនាស់រវាងអ្នកម៉ៅការភ្លើង និងអ្នកភូមិអង្គតាមោកពីរឿងតម្លៃភ្លើងអគ្គិសនីដោយការប្រគល់សិទ្ធិទៅឱ្យសហគមន៍គ្រប់គ្រងភ្លើងដោយខ្លួនឯង បញ្ហាថ្មីមួយទៀតក៏បានបន្ដកើតឡើងដែលអ្នកពាក់ព័ន្ធក្នុងបញ្ហាថ្មី នេះគឺជាភាគីទាំង២ដដែល ដែលម្ខាងអ្នកម៉ៅការភ្លើងនឹងម្ខាងប្រធានសហគមន៍ ។
លោក ធន់ ញ៉ិល អ្នកម៉ៅការភ្លើង បានចោទប្រកាន់ប្រធានសហគមន៍អង្គតាមោកថា បានប្រើប្រជាពលរដ្ឋឱ្យដើរកាត់ទម្លាក់ខ្សែភ្លើងរបស់ខ្លួនអស់ប្រវែង១.៤០០ម៉ែត្រ និងដកបំផ្លាញបង្គោលភ្លើងអស់ជាច្រើនដើមទៀតកាលពីថ្ងៃទី២៣ កក្កដា កន្លងទៅ ។ ប្រភពដដែលនេះនិយាយថា រូបគាត់បានទទួលម៉ៅការតភ្លើងពីអគ្គិសនីកម្ពុជាសាខាស្រុកកំពង់រោទ៍ ចូលទៅចែកចាយឱ្យប្រជាពលរដ្ឋនៅក្នុងឃុំប្រសូតរយៈពេល៥ឆាំ្នមកហើយ ដែលឃុំនេះប្រជាពលរដ្ឋទទួលតភ្លើងគាត់មានចំនួន៤ភូមិគឺ ភូមិអង្គតាមោក ព្រៃទួល ព្រៃតាយឹង និងភូមិព្រៃទទឹងក្នុងតម្លៃ១.២០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ រហូតមកដល់ដើមខែកក្កដា ២០១២ ដោយសារតែខ្សែភ្លើងចាស់ហើយអូសទាញភ្លើងឆា្ងយ ធ្វើឱ្យកម្លាំងភ្លើងទាញខ្លាំង និងស៊ីភ្លើងច្រើន បណ្ដាលឱ្យគាត់ជាអ្នកម៉ៅការភ្លើងត្រូវខាតបង់ច្រើន ទើបគាត់សុំថ្លៃភ្លើងឡើងដល់១.៥០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង ។
ការសុំដំឡើងថ្លៃភ្លើងនេះ អ្នកភូមិចំនួន៣ភូមិ គឺភូមិព្រៃទួល ព្រៃតាយឹង និងព្រៃទទឹង បានព្រមទទួលប្រើប្រាស់បន្ដដោយមិនមានការតវ៉ាអ្វីទេ ដោយឡែកតែអ្នកភូមិអង្គតាមោក១ប៉ុណ្ណោះ ដែលមិនព្រម ហើយនាំគា្នទៅធ្វើការតវ៉ានៅមុខស្នាក់ការអគ្គិសនីស្រុកកំពង់រោទ៍ កាលពីថ្ងៃទី១៣ កក្កដា ដើម្បីសុំឱ្យមានការជួយដោះស្រាយបញ្ហា និងភ្ជាប់ភ្លើងឱ្យពួកគាត់បានប្រើប្រាស់ឡើងវិញ។ តាមរយៈការដោះស្រាយចំនួន២លើក ភាគីទាំង២ក៏បានព្រមព្រៀងគា្ន ដោយអ្នកភូមិអង្គតាមោកទទួលគ្រប់គ្រងភ្លើងដោយខ្លួនឯងវិញក្នុងរូបភាពជាសហគមន៍ ហើយរូបគាត់បានប្រគល់ខ្សែភ្លើងឱ្យចំនួន៣ខ្សែ។ ក្រោយមកអ្នកភូមិបានជួលម៉ាស៊ីនកាប់ត្រាយដើមឈើដែលនៅប៉ះជាប់នឹងខ្សែភ្លើងចេញ ហើយដាំបង្គោលភ្លើងថ្មីនៅតាមចំណុចខ្សែភ្លើងចាស់ ហើយកម្លាំងរបស់អ្នកម៉ៅការភ្លើងចំនួន៣នាក់ក៏បានទៅចូលរួមកាប់ត្រាយនោះដែរ។
លោកធន់ ញ៉ិល បានបញ្ជាក់ថា ពេលអ្នកភូមិដាំបង្គោល ហើយគាត់ក៏បានសុំដាក់ខ្សែភ្លើងរបស់ខ្លួន២ខ្សែជាមួយបង្គោលរបស់អ្នកភូមិដែរ ដោយសុខចិត្ដចេញលុយថ្លៃបង្គោលពាក់កណ្ដាលជាមួយអ្នកភូមិ តែត្រូវបានអ្នកភូមិបដិសេធ ទើបគាត់ដាំបង្គោលថ្មីដោយខ្លួនឯង នៅក្បែរបង្គោលភ្លើងរបស់អ្នកភូមិ ។ លុះមកដល់ថ្ងៃទី២៣ កក្កដា ២០១២ ជាថ្ងៃដែលខាងអគ្គិសនីកំណត់ថានឹងបើកភ្លើងឱ្យប្រើប្រាស់ហើយនោះ ស្រាប់តែអ្នកភូមិអង្គតាមោកនាំគា្នដើរកាត់ខ្សែភ្លើងរបស់គាត់ទម្លាក់មកដីហើយដកបង្គោលចោលទៀត ទើបខាងអគ្គិសនីផ្អាកលែងបើកភ្លើងឱ្យប្រើវិញ ធ្វើឱ្យអ្នកភូមិចំនួនជាង៦០នាក់មកពីភូមិព្រៃទួល ព្រៃតាយឹង និងព្រៃទទឹង នាំគា្នមកសួររកហេតុផលដែលអ្នកភូមិអង្គតាមោកកាត់ទម្លាក់ខ្សែភ្លើងធ្វើឱ្យពួកគាត់ខានបានភ្លើងប្រើ ។ ពេលនោះលោកអ៊ូ មាក់ ប្រធានសហគមន៍ឆ្លើយថា ទាល់តែរូបគាត់ធន់ ញ៉ិល ព្រមចេញលុយថ្លៃជួលម៉ាស៊ីនកាប់ដើមឈើចំនួន១០០ដុល្លារឱ្យទៅសហគមន៍អង្គតាមោក ទើបគេអនុញ្ញាតឱ្យដំឡើងបង្គោលនិងខ្សែភ្លើងវិញ ។ ដោយសារតែហេតុផលរបស់លោកប្រធានសហគមន៍មិនសមហេតុផលបែបនេះ ទើបធ្វើឱ្យអ្នកភូមិជាង៦០នាក់ខឹងក៏នាំគា្នឈ្លោះប្រកែក និងមានការបញ្ចេញកំហឹងទៅលើលោកប្រធានសហគមន៍រូបនោះ ហើយលោកប្រធានសហគមន៍បានដាក់ពាក្យប្ដឹងទៅលោកមេឃុំពីបទជេរបញ្ចោរ និងត្រូវបានលោកមេឃុំប្រសូត្រចេញលិខិតកោះហៅភាគីទាំងសងខាងទៅធ្វើការដោះស្រាយនៅសាលាឃុំប្រសូត នៅព្រឹកថ្ងៃទី២៨កក្កដា ។
លោកធន់ ញ៉ិល បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះអ្នកភូមិទាំង៣ភូមិដែលប្រើប្រាស់បណ្ដាញ ភ្លើងរបស់គាត់កំពុងតែសម្តែងនូវការខឹងសម្បាដោយសារតែអ្នកភូមិអង្គតាមោកកាត់ទម្លាក់ខ្សែភ្លើងធ្វើឱ្យពួកគាត់៣ភូមិមិនមានភ្លើងប្រើ ហើយពួកគាត់ត្រូវរែកទឹកពីក្នុងស្រះក្នុង១ថ្ងៃៗរាប់សិបអំរែកយកទៅដាក់លាងសម្អាតជ្រូកដែលពួកគាត់កំពុងចិញ្ចឹមមា្នក់ៗរាប់សិបក្បាល ដែលកាលពីនៅមានភ្លើងប្រើពួកគាត់ធ្លាប់តែដាក់ម៉ូទ័របូមយ៉ាងស្រួល ដោយមិនចាំបាច់ហត់ប្រើកម្លាំងដូចសព្វថ្ងៃនេះទេ ។ ដោយសារតែមានការរអ៊ូរទាំពីអ្នកភូមិបែបនេះ រូបគាត់បានដាក់ពាក្យទៅសាលាឃុំសុំឱ្យជួយដោះស្រាយ ដោយបានស្នើសុំឱ្យសហគមន៍អង្គតាមោកដាំបង្គោល និងបំពាក់ខ្សែភ្លើងដែលបានកាត់ទម្លាក់នោះឱ្យវិញ ហើយបើមិនព្រមធ្វើតាមការស្នើសុំនោះទេ រូបគាត់នឹងដាក់ពាក្យប្ដឹងទៅតុលាការពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃជាមិនខាន ។
ជុំវិញការចោទប្រកាន់នេះ ត្រូវបានលោកអ៊ូ មាក់ ប្រធានសហគមន៍អង្គតាមោកធ្វើការបំភ្លឺថា មូលហេតុដែលអ្នកភូមិអង្គតាមោកនាំគា្នកាត់ទម្លាក់ខ្សែភ្លើង និងដកបង្គោលភ្លើងរបស់លោក ធន់ ញ៉ិល ចោលនោះ គឺដោយសារតែលោក ធន់ ញ៉ិល ដាក់បង្គោលខ្សែភ្លើងក្នុងចំណុចជាមួយគា្ននឹងបង្គោលខ្សែភ្លើងអ្នកភូមិដែរ តែមិនព្រមចេញលុយថ្លៃជួលម៉ាស៊ីនកាប់ដើមឈើពាក់កណ្ដាលមា្នក់ជាមួយអ្នកភូមិ ទើបអ្នកភូមិនាំគា្នកាត់ទម្លាក់ខ្សែភ្លើងតែម្ដងទៅហើយបើលោកធន់ ញ៉ិល មិនព្រមចេញលុយ១០០ដុល្លារមកឱ្យសហគមន៍ទេ ក៏អាចមានជម្រើស១ផ្សេងទៀតដែរ នោះគឺអូសខ្សែភ្លើងទៅដាក់នៅទីតាំងផ្សេង ។ រីឯភាគីលោកធន់ ញ៉ិល បានអះអាងថា ការជួលម៉ាស៊ីនកាប់ដើមឈើនោះ គឺអ្នកភូមិអង្គតាមោកមិនបានទាក់ទងប្រាប់រូបគាត់ជាមុនទេ ដូច្នេះគាត់មិនព្រមចេញលុយ១០០ដុល្លារនោះជាដាច់ខាត។
គួរបញ្ជាក់ផងដែរថា ដោយសារតែបញ្ហា លុយ១០០ដុល្លារនេះធ្វើឱ្យអ្នកភូមិចំនួន៤ភូមិគឺ ភូមិអង្គតាមោក ព្រៃទួល ព្រៃតាយឹង និងព្រៃទទឹង មិនទាន់បានភ្លើងប្រើប្រាស់ នៅឡើយទេ រហូតមកដល់បច្ចុប្បន្ន ៕
ចែករំលែកព័តមាននេះ