ជាការពិតណាស់របស់អ្វីក៏ដោយឱ្យតែមិនមែនជារបស់ដែលកើតឡើងដោយធម្មជាតិនោះវាតែងតែមានគុណវិបត្តិ និងគុណសម្បត្តិស្មើៗគ្នា ជាក់ស្តែងដូចជាម្សៅទឹកដោះគោដែលអ្នកម្តាយបានជ្រើសរើសសម្រាប់កូនរបស់លោកអ្នកបៅជំនួសទឹកដោះម្តាយ ដើម្បីជួយសម្រាលការងារផ្សេងៗ ។
លោកវេជ្ជបណ្ឌិត ហុង សុឃាង ឯកទេសផ្នែកជំងឺកុមារនៃមន្ទីរពេទ្យកុមារជាតិបានប្រាប់កោះសន្តិភាពឱ្យដឹងថា ជាការពិតណាស់ការបំបៅកូនដោយទឹកដោះគោម្សៅ មាតាមួយចំនួនមិនសូវចង់ប៉ុន្មាននោះទេ តែវាជាការចាំបាច់មួួយចំពោះម្តាយណាដែលមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅទារកដោយសារការប្រើប្រាស់ថ្នាំឬម្តាយខ្លះមានជំងឺប្រចាំកាយ ឯម្តាយខ្លះទៀតគ្មានពេលវេលាសម្រាប់បំបៅដោះកូន រវល់ធ្វើការដើម្បីដោះស្រាយជីវភាព ។ ដូច្នេះជម្រើសរបស់គាត់ត្រូវតែជ្រើសរើសទឹកដោះគោម្សៅ ថ្វីត្បិតមិនសូវមានការណែនាំពីគ្រូពេទ្យក៏ដោយតែវាក៏មានផលប្រយោជន៍ដែរ សម្រាប់មាតាមួយចំនួនដែលមានបញ្ហាដូចខាងលើ ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ទឹកដោះ គោម្សៅមានគុណវិបត្តិជាច្រើនដូចជា ៖
១-ទឹកដោះគោមិនអាចមានប្រព័ន្ធការពារដូចទឹកដោះម្តាយទេ ហើយប្រសិនបើមាតាទាំងឡាយប្រើប្រាស់ឧបករណ៍បំបៅមិនមានអនាម័យ ឬមិនបានត្រឹមត្រូវ អាចបង្កឱ្យទារកមានជំងឺ ។
២-ចំណាយប្រាក់ច្រើនទៅលើកាទិញទឹកដោះគោម្សៅ
៣-ទឹកដោះគោមិនអាចជំនួសទឹកដោះម្តាយបានមួយរយភាគរយនោះទេ
៤-ធ្វើឱ្យទារកមិនស្រួលក្នុងពោះដូចជា ហើមពោះ តឹងពោះ រាក ជួនកាលអាចបង្កឱ្យលាមកក្តៀនជាដើម ។
ថ្មីត្បិតតែម្សៅទឹកដោះគោមានគុណវិបត្តិយ៉ាងនេះក្តី ប៉ុន្តែក៏បានផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើនផងដែរចំពោះអ្នកម្តាយដូចជា៖
១-សម្រាប់ជំនួសទឹកដោះម្តាយក្នុងករណីម្តាយគ្មានទឹកដោះ ឬមិនអាចបំបៅដោះកូនដោយទឹកដោះគាត់បាន ។
២-មានករណីខ្លះទារកត្រូវការវីតាមីនបន្ថែមមួយចំនួនដែលលើសពីធម្មតា ព្រោះនៅក្នុងទឹកដោះគោម្សៅនោះអាចមានបរិមាណជួយបន្ថែមវីតាមីនបានច្រើន ។
៣-អ្នកខ្លះបំបៅដោះកូនច្រើនអាចបណ្តាលឱ្យកើតជំងឺស្ត្រេស ក៏ជ្រើសរើសយកទឹកដោះគោម្សៅជំនួសតែម្តង ។
៤-ទឹកដោះគោម្សៅស្រួលម៉្យាងដែរ ព្រោះមិនរំខានដល់ម្តាយច្រើនដែលអ្នកណាក៏អាចបំបៅបានដែរ ។
៥-ការបំបៅទារកដោយទឹកដោះគោម្សៅបានយូរជាងបំបៅដោះម្តាយ ព្រោះទឹកដោះគោម្សៅក្ររំលាយ ដូច្នេះហើយវានៅតឹងពោះបានយូរមិនសូវបៅញឹកញាប់ដូចទឹកដោះម្តាយ ។
៦-ម្តាយដែលបំបៅកូនដោយទឹកដោះគោម្សៅមិនចាំបាត់តមចំណីអាហារនោះទេ ៕
ចែករំលែកព័តមាននេះ